ម៉ិញ សាន្ត៖ បានប្ដីចេះឡើងត្នោតទើបមិនពិបាកជម្លៀសទៅឆ្ងាយ

ម៉ិញ សាន្ត អាយុ៧៩ឆ្នាំ មានស្រុកកំណើតនៅភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ឪពុករបស់សាន្តឈ្មោះ ម៉ិញ ម៉ា ហើយម្ដាយឈ្មោះ ស៊ឺ សៀប និងមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រី៣នាក់។ ក្នុងឆ្នាំ១៩៦៤ សាន្ត បានឆ្លៀតពេលពីការងារត្បាញហូល និងជួយធ្វើស្រែឪពុកម្ដាយ ទៅចូលរៀនថ្នាក់អក្ខរកម្មបន្តិចបន្តួច ។ បន្ទាប់មក សាន្ត បានរៀបការជាមួយឈ្មោះ លី អាន ក្នុងរបបសង្គមរាស្រ្ដនិយម។ ចូលដល់សម័យ លន់ នល់ គ្រួសាររបស់សាន្ត និងប្រជាជនផ្សេងទៀត បានជួបការលំបាក ព្រោះមានការទម្លាក់គ្រាប់បែកពីភ្នំជីសូរ ចូលមកក្នុងភូមិស្នួលខ្ពស់ និងបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិប្រជាជន ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។

នៅឆ្នាំ១៩៧៥ អង្គការបានរៀបចំស្បៀងត្រៀមសម្រាប់ប្រជាជនថ្មីជម្លៀសចូលមក។ ប្រជាជនថ្មីទាំងអស់ បានរស់នៅភូមិស្នួលខ្ពស់មួយរយៈ ទើបអង្គការជម្លៀសចេញទៅបន្តទៀត។ នៅឆ្នាំ១៩៧៦ បន្ទាប់ពីជម្លៀសប្រជាជនថ្មីចេញអស់ អង្គការចាប់ផ្ដើមបញ្ជូនប្រជាជនមូលដ្ឋានមួយចំនួនដែលធ្លាប់មានជីវភាពធូរធារកាលពីសម័យមុនទៅតំបន់ផ្សេង ហើយគ្រួសារសាន្ត ត្រូវទៅរស់នៅ និងធ្វើការងារនៅភូមិជម្រៅ ឃុំតាំងយ៉ាប។ មូលហេតុដែលគ្រួសារសាន្ត បានជម្លៀសនៅជិត ព្រោះប្ដីរបស់គាត់ចេះឡើងត្នោត ខុសពីម្ដាយរបស់សាន្តត្រូវទៅដល់ ខេត្តបាត់ដំបង ហើយបងបន្ទាប់សាន្ត ត្រូវទៅរស់នៅស្រុកអង្គរបុរី។ នៅភូមិជម្រៅ សាន្ត បានយកកូនទៅដាក់ក្នុងមណ្ឌលកុមារ ឲ្យយាយចាស់ៗមើល ហើយខ្លួនបានចេញទៅធ្វើការងាររែកដី និងជីកព្រែក នៅក្នុងឃុំតាំងយ៉ាប។ ចូលដល់រដូវធ្វើស្រែ អង្គការបានចាត់តាំងគាត់ឲ្យដក, ស្ទូង, ច្រូតស្រូវ និងធាក់រហាត់ទឹក នៅក្បែរៗក្នុងឃុំ។

នៅការដ្ឋានការងារ សាន្ត ហូបបាយរួមក្បែរកន្លែងធ្វើការងារ ប៉ុន្តែពេលល្ងាចគាត់ត្រូវត្រលប់មកសហករណ៍វិញ ដើម្បីយកកូនពីមណ្ឌល រួចយកមកហូបអាហាររួមគ្នាក្នុងរោងបាយ ទើបត្រលប់ទៅងូតទឹក និងសម្រាកនៅផ្ទះ។ នៅក្នុងសហករណ៍ ប្រសិនបើសាន្ត ឬកូនរបស់គាត់ឈឺ គឺត្រូវបញ្ជូនយកទៅពេទ្យភ្នំចចកដើម្បីព្យាបាល ប៉ុន្តែប្រសិនបើមិនជាសះស្បើយ គឺត្រូវបញ្ជូនទៅពេទ្យស្រុកព្រៃល្វា។ ជាក់ស្ដែង សាន្ត បានយកកូនរបស់គាត់ពីរនាក់ទៅព្យាបាលដល់ពេទ្យស្រុក ហើយគ្រូពេទ្យបានយកថ្នាំដប មកចាក់ឲ្យកូនរបស់គាត់រហូតដល់ជាសះស្បើយ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បងប្អូន និងឪពុកម្ដាយរបស់សាន្ត បានត្រលប់មករស់នៅជួបជុំគ្នាក្នុងភូមិស្នួលខ្ពស់ តាំងយ៉ាបវិញ។ នៅក្នុងភូមិ ប្ដីរបស់សាន្ត បានចូលធ្វើការងារក្នុងឃុំ។ បន្ទាប់មក ប្ដីរបស់សាន្ត បានចេញទៅរៀននៅខេត្តតាកែវ រួចបន្តទៅប្រទេសវៀតណាម៣ខែទៀត។ នៅពេលដែលប្ដីរបស់សាន្ត ត្រលប់មកវិញ គាត់បានទៅធ្វើការងារនៅស្រុកបាទី និងបាននាំគ្រួសារផ្លាស់ប្ដូរទីលំនៅទៅទីនោះ។ នៅស្រុកបាទី សាន្ត មានកូនសរុបចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ រស់នៅ ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ សាន្ត បានឲ្យដឹងថាខ្លួន នៅតែមានការព្រួយបារម្ភខ្លាចរបបខ្មែរក្រហម កើតឡើងម្ដងទៀត និងធ្វើឲ្យប្រជាជនជួបប្រទះនូវការអត់ឃ្លាន និងជួបទុក្ខវេទនា។  នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស សាន្ត មានជំងឺបេះដូង, ខ្សោយ និងជំងឺសន្លាក់ដៃជើង។ អាការៈជំងឺរបស់សាន្ត បណ្ដាល់មកពីការធ្វើការងារធ្ងន់ៗក្នុងរបបខ្មែរក្រហម, កង្វះជីវជាតិ និងអាយុរបស់គាត់កាន់តែច្រើន។

សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖  ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin