សុខ សុខន៖ ឃ្លានខ្លាំងពេកទើបនាំប្អូនទៅរកម្ដាយ

សុខ សុខន អាយុ៥៦ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហម ឪពុករបស់សុខន ត្រូវបានអង្គការចាប់យកទៅសម្លាប់នៅវត្តថ្មី ក្រោមហេតុផលថាគាត់ជាអ្នកចេះដឹង និងធ្លាប់ធ្វើការងារក្នុងសម័យ លន់ នល់។ ចំណែកបងរបស់សុខន ក៏ត្រូវបានអង្គការយកទៅសម្លាប់នៅតំបន់ជើងចាប។ មិនតែប៉ុណ្ណោះ បងរបស់សុខន ៣នាក់ទៀត ត្រូវចូលទៅរស់នៅក្នុងកងកុមារធំៗ ហើយសុខន និងប្អូនពៅ ត្រូវរស់នៅក្នុងមណ្ឌល ក្នុងសហករណ៍ និងធ្វើការងារ តាមអង្គការចាត់តាំង។
នៅក្នុងកងកុមារ សុខន ត្រូវធ្វើការងារជាទម្ងន់ដូចជា រែកដីដំបូកនៅខាងកើតវត្តព្រៃព្រុំ, រែកអាចម៍គោ, កាប់ដើមទន្ទ្រានខែត្រ និងបោចស្មៅក្នុងបឹង។ ចំណែកឯម្ដាយវិញ ត្រូវធ្វើការងារបុកអង្ករនៅសៃវៀន។ ជាញឹកញាប់ នៅពេលថ្ងៃត្រង់ សុខន បានពរប្អូនពៅទៅរកម្ដាយនៅកន្លែងធ្វើការ ប៉ុន្តែមិនដែលបានជួបមុខគ្នាឡើយ ព្រោះអង្គការបានចាប់បញ្ជូនគាត់ឱ្យត្រឡប់ទៅកងវិញ។ មូលហេតុដែល សុខន នាំប្អូនទៅរកម្ដាយ ដើម្បីទទួលបានអាហារហូបបន្ថែម ព្រោះនៅក្នុងកងកុមារគាត់ទទួលបានត្រឹមតែបបររាវៗលាយបន្លែ ត្រកួន, ព្រលឹត និងទងល្ពៅ បន្តិចបន្តួចប៉ុណ្ណោះ។
ចំណែកម្ដាយរបស់សុខន ទទួលបានអាហារបន្តិចបន្តួចដូចកូនដែរ ហេតុនេះហើយបានជាគាត់ហ៊ានលួចស្រូវរបស់អង្គការយកមកលីង រួចបុកធ្វើជាផ្អួល(ប្រភេទអាហារម្យ៉ាង កើតឡើងពីការបុកស្រូវឲ្យម៉ដ្ដដូចម្សៅ រួចអកហូប) ចែកឲ្យកូនហូបបន្ថែម។ ក្រៅពីការលួចស្រូវ ម្ដាយរបស់សុខន បានលួចរើសផ្លែត្នោតទុំ ឬគាស់ដំឡូងក្នុងផ្ទះយកមកស្ងោរហូបពេលយប់ស្ងាត់។ ប៉ុន្តែជាអកុសល ថ្ងៃមួយខណៈដែលគាត់កំពុងឱនផ្លុំភ្លើងស្ងោរដំឡូង អង្គការបានមកទាន់ រួចក៏លើកឆ្នាំងដំឡូងនោះយកទៅបាត់។ លុះស្អែកឡើង ម្ដាយសុខន ត្រូវបានអង្គការហៅយកទៅ កសាងពេញមួយថ្ងៃ និងមិនឲ្យហូបអ្វីទាំងអស់។
នៅក្នុងសហករណ៍ សុខន បានឃើញការរៀបការសមូហភាព ដែលរៀបចំដោយអង្គការ។ នៅពេលរៀបការ អង្គការបានឲ្យ បុរស និងនារី ជាច្រើននាក់ អង្គុយទន្ទឹមគ្នាជាជួរ រួចចាប់គូឲ្យប្ដេជ្ញាក្នុងពេលតែមួយ។ បន្ទាប់ពីប្ដេជ្ញារួច គូស្រករថ្មីត្រូវទៅរស់នៅខ្ទមថ្មីជាមួយគ្នា ហើយថ្ងៃបន្ទាប់ត្រូវចេញទៅធ្វើការងាររៀងៗខ្លួន។
ក្រៅពីការរៀបការដោយបង្ខំ សុខន បានដឹងរឿងរ៉ាវដ៏រន្ធត់មួយ គឺបុរសម្នាក់ឈ្មោះ ប៉ោល បានបណ្ដើរយុវនារីកូនកាត់ចិនម្នាក់ដែលប្រជាជនតែងហៅឈ្មោះគាត់ថា ខ្ចងខ្មៅ មានសម្បុស រស់នៅភូមិប្រសៀត កោះរុន យកទៅរំលោភ រួចសម្លាប់ចោលនៅដំបូកខាងកើតវត្តព្រៃព្រុំ។ បន្ទាប់ពីសម្លាប់រួច អង្គការបានជីករណ្ដៅរាក់ៗ រួចកប់នារីកូនកាត់ចិននៅទីនោះ ហើយក្មេងៗដែលធ្វើការងារជាមួយសុខន សុទ្ធតែបានដឹងរឿងនេះ ប៉ុន្តែត្រូវបង្ខំចិត្តធ្វើការងារដូចធម្មតា និងធ្វើដូចជាមើលមិនឃើញអ្វីទាំងអស់។
នៅចុងឆ្នាំ១៩៧៨ អង្គការមានផែនការជម្លៀសប្រជាជនយកទៅសម្លាប់ទម្លាក់ក្នុងអាងធំមួយនៅសែនព្រះរាម។ មុនពេលសម្លាប់ អង្គការបានរៀបចំកម្មពិធីហូបនំបញ្ជុករួមគ្នាមួយឲ្យប្រជាជននៅក្នុងសហករណ៍។ ប៉ុន្តែជាសំណាងល្អ ខណៈដែលប្រជាជនកំពុងហូបនំបញ្ជុកនោះ កងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយលុកចូលមកដល់ ហើយអង្គការបានបញ្ជាឲ្យ គ្រួសារសុខន និងអ្នកភូមិដទៃទៀត រត់ភៀសខ្លួនឆ្ពោះទៅទិសខាងលិចរហូតដល់ភ្នំលិច។ នៅទីនោះ កងទ័ពវៀតណាមតាមទាន់ រួចក៏បានដេញឱ្យប្រជាជនទាំងអស់ត្រឡប់មកស្រុកកំណើតនៅទិសខាងកើតវិញ ដែលជាការបញ្ចប់នូវរបបដ៏យង់ឃ្នងនេះ។
សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦
អត្ថបទដោយ៖ ភា រស្មី

