កងចល័តនារី «កំពង់ចក»

(ខេត្តស្វាយរៀង) កែន សុផល មានអាយុ ៧៤ ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង និងសព្វថ្ងៃរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលពីកុមារភាព សុផល រៀនបានត្រឹមថ្នាក់អក្ខរកម្ម ហើយក្រោយពីឈប់រៀន គាត់បាននៅជួយធ្វើការងារស្រែចម្ការរបស់ឪពុកម្តាយ។

សុផល រៀបការនៅក្នុងរបប លន់ នល់ ហើយចាប់ពីឆ្នាំ ១៩៧២ ការរស់នៅក្នុងភូមិមានស្ថានភាពលំបាកយ៉ាងខ្លាំង ព្រោះមានការទម្លាក់គ្រាប់បែក។ សុផល និងគ្រួសារ ត្រូវរត់គេចពីផ្ទះសម្បែងដោយសារខ្លាចមានគ្រោះថ្នាក់ និងគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីប្រកបរបរស្រែចម្ការឡើយ។ គ្រានោះ សុផល ក៏ឃើញមានកងកម្លាំងខ្មែរក្រហមចាប់ផ្តើមចូលមករស់នៅក្នុងភូមិកំពង់ចក​ដែរ​។ នៅពេលខ្មែរក្រហមចូលគ្រប់គ្រងប្រទេសអង្គការតម្រូវឱ្យ សុផល ធ្វើការងារក្នុងកងចល័តដូចជា បុកស្រូវ ជីក និងរែកដីធ្វើប្រឡាយលើកទំនប់​។ ក្រោយមក សុផល ត្រូវឈ្លបជម្លៀសឱ្យទៅនៅព្រៃក្រឡាញ់ ភ្នំឈើកាច់ និងតំបន់អ្នកលឿង។ នៅពេលជម្លៀស អង្គការបានចែករបបអង្ករតែ ១ កំប៉ុង សម្រាប់មនុស្ស ១០ នាក់ ហើយការធ្វើដំណើរត្រូវឆ្លងកាត់អាកាសធាតុក្តៅខ្លាំង ព្រមទាំងខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ។ នៅពេលខ្លះ សុផល និងគ្រួសារបានបង្ខំចិត្តប្រើប្រាស់ទឹកដែលស្ថិតនៅក្នុងរណ្តៅជាមួយសាកសពទៀតផង។

រឿងរ៉ាវដែល សុផល ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការស្លាប់របស់កូនម្នាក់ដោយសារគ្រោះថ្នាក់រថយន្តបុក។ សុផល មិនបានឃើញហេតុការណ៍គ្រោះថ្នាក់នោះផ្ទាល់ភ្នែកទេ ប៉ុន្តែនៅពេលគាត់ទទួលដំណឹងនេះពីអង្គការ គាត់បានស្រែកយំយ៉ាងខ្លាំង និងបានសុំអង្វរអង្គការដើម្បីទៅយកសាកសពកូន។ សុផល និយាយថា៖ «បន្ទាប់ពីខ្ញុំយំស្រែកយ៉ាងខ្លាំងដើម្បីរកកូន មានខ្មែរក្រហមមួយក្រុមប្រាប់ខ្ញុំថា កូនខ្ញុំត្រូវឡានកិនស្លាប់ហើយ។ ខ្ញុំតក់ស្លុតខ្លាំងណាស់ ធ្វើអ្វីមិនត្រូវឡើយ។ ខ្ញុំស្រែកយំយ៉ាងខ្លាំង ប៉ុន្តែអង្គការមិនបានគិតគូរទេ! ផ្ទុយទៅវិញ ពួកឈ្លបបានស្រែកសម្លុតខ្ញុំថា កុំយំ ប្រយ័ត្នស្លាប់ដូចកូនម្នាក់ទៀត។ ក្រោយឮដូច្នេះ ខ្ញុំបានត្រឹមយកសពកូនមកកប់នៅក្បែរកន្លែងស្នាក់នៅ ទាំងក្តីសោកស្តាយ និងរន្ធត់ជាពន់ពេក»។

គ្រួសារសុផល រស់នៅតំបន់អ្នកលឿងរហូតដល់ដើមឆ្នាំ ១៩៧៩ ទើបខ្មែរក្រហមបម្រុងជម្លៀសបន្តពីកំពង់ចម្លងអ្នកលឿង ឱ្យទៅរស់នៅខេត្តភាគខាងលិចនៃប្រទេសកម្ពុជា ប៉ុន្តែនៅពេលនោះ មានប្រជាជនម្នាក់បានមកប្រាប់ សុផល ថា របបខ្មែរក្រហមត្រូវបានផ្តួលរំលំហើយ។ គ្រាន់តែឮដូច្នេះ សុផល និងគ្រួសារ បានត្រៀមសម្ភារ និងទៅយកស្បៀងអាហារខ្លះពីឃ្លាំងស្តុកអង្ករនៅអ្នកលឿង ដើម្បីធ្វើដំណើរត្រឡប់ទៅរស់នៅស្រុកកំណើតវិញ​។ បច្ចុប្បន្ន សុផល មានជំងឺលើសជាតិស្ករ ឈឺសន្លាក់ដៃជើង និងឧស្សាហ៍វិលមុខ៕

សម្ភាសន៍ដោយ ហ៊ន់ ពិសី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin