មិនបានអាហារ ថែមទាំងវាដំខ្លាំងៗ និងទុកឲ្យដាច់ពោះស្លាប់

នុន ណុច អាយុ៥២ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ណុច មិនបានរស់នៅជុំគ្នាឡើយ ព្រោះអង្គការបានបំបែកឪពុកម្ដាយរបស់គាត់ទៅរស់នៅ និងធ្វើការងារក្នុងកងមួយ ហើយបងប្អូនរបស់គាត់ត្រូវស្នាក់នៅក្នុងមណ្ឌល ឬធ្វើការងារក្នុងកងកុមារ។

រឿងដែលឈឺចាប់បំផុតសម្រាប់គ្រួសារ គឺការបាត់បង់បងច្បងម្នាក់ ដែលបានស្លាប់ដោយសារភាពអត់ឃ្លាន។ មុនពេលស្លាប់ បងរបស់ណុច បានដើរទៅសុំបាយហូបបន្ថែមនៅក្នុងរោងបាយ ប៉ុន្តែអង្គការបានបដិសេធ  ហើយថែមទាំងវាយដំគាត់យ៉ាងព្រៃផ្សៃ រហូតដល់គាត់ឃ្លានដាច់ពោះស្លាប់។ ចំណែកឯឪពុកវិញ ក៏ត្រូវបានអង្គការចាប់ខ្លួនយកទៅបាត់ដែរ ដោយភូតភរថា “យកទៅដាំដូង” ប៉ុន្តែការពិតគឺយកទៅសម្លាប់ចោល ។ នៅពេលឪពុក និងបងស្លាប់ ណុច មិនបានជួបគាត់ជាលើកចុងក្រោយនោះទេ ព្រោះគាត់ត្រូវធ្វើការងារក្នុងកង។

នៅក្នុងកងកុមារ អង្គការបានជម្លៀស ណុច ទៅធ្វើការងាររែកដីដំបូក​, រែកអាចម៍គោ និងកាប់ដើមទន្ទ្រានខែត្រយកទៅធ្វើជីនៅ ភូមិរំចង់, ភូមិអង្គធ្លក, ភូមិខ្វាវ និងភូមិសែនព្រះរាម។ ចំពោះការហូបចុកវិញ ភាគច្រើន ណុច និងប្រជាជន ទទួលបានតែបបរមួយខ្ទះ ដាក់អង្ករពីរកំប៉ុង លាយជាមួយបន្លែ រួចចែកឲ្យប្រជាជនហូបជាមួយសម្លរព្រលឹតបន្តិចបន្តួច។ ដោយសារតែឃ្លានខ្លាំងពេក ណុច បានបង្ខំចិត្តលួចដំឡូងជ្វាដែលអង្គការដាំយកមកហូបទាំងឆៅ និងដើររើសផ្លែត្នោតទុំដែលធ្លាក់មកដី ហូបបន្ថែមទៀតដើម្បីបន្តជីវិត។ ក្រៅពីនេះ ណុច ទទួលបានត្រឹមតែខោអាវខ្មៅមួយកំប្លេ ក្រមាមួយ និងស្បែកជើងកង់ឡានមួយគូប៉ុណ្ណោះក្នុងមួយឆ្នាំ។  មូលហេតុខាងលើនេះហើយបានជាសម្លៀកបំពាក់របស់ណុច ចាស់ៗខ្លាំង និង​មានបំណាស់ច្រើនរាប់មិនអស់។

ក្រៅពីការលំបាកខាងលើ ណុច បានឃើញទិដ្ឋភាពដ៏រន្ធត់ ដូចជា អង្គការបណ្ដើរអ្នកទោសជាច្រើនរយនាក់ដែលមានចងខ្សែតូចមួយនៅដៃភ្ជាប់គ្នា ឆ្ពោះទៅកាន់តំបន់ “ធម្មវិន័យ” ដើម្បីយកទៅសម្លាប់ចោល។ ក្រៅពីការសម្លាប់មនុស្ស ណុច បានឃើញការរៀបការសមូហភាពម្ដងៗប្រមាណ ២០ គូ។ នៅក្នុងពិធីនោះ អង្គការបានបង្ខំឱ្យបុរស និងស្ត្រីចាប់គូនឹងគ្នា បើអ្នកណាហ៊ានបដិសេធមិនព្រមយកគ្នាជាប្ដីប្រពន្ធ នឹងត្រូវអង្គការយកទៅសម្លាប់ចោលភ្លាមៗ។

ក្រោយរបបខ្មែរក្រហមដួលរលំ ផលវិបាកពីការធ្វើការងារធ្ងន់តាំងពីក្មេង រួមផ្សំនឹងការខំប្រឹងរែកដូងលក់នៅផ្សារអូរឬស្សីទាំងខ្លួនមានកូនខ្ចី បានធ្វើឱ្យសុខភាព ណុច ចុះទ្រុឌទ្រោមយ៉ាងខ្លាំង។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ណុច មានជំងឺងងឹតភ្នែក និងខ្សោយកម្លាំង ដែលអាការៈងងឹតភ្នែកនេះបានចាប់ផ្ដើមធ្ងន់ធ្ងរខ្លាំងបន្ទាប់ពីស្វាមីរបស់គាត់បានស្លាប់ចោលកាលពីមួយឆ្នាំមុន។ ដោយសារជីវភាពខ្វះខាត និងពិបាកធ្វើដំណើរ ណុច មិនបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឡើយ គឺបានត្រឹមតែបើកថ្នាំពីមណ្ឌលសុខភាពមកលេប និងរើសសំបកឈើយកមកដាំទឹកហូបបន្ថែមតែប៉ុណ្ណោះ។

នៅពេលនិយាយដល់ការកាត់ទោសមេដឹកនាំខ្មែរក្រហម ណុច បានសម្តែងនូវភាពមិនពេញចិត្តឡើយ ចំពោះការដាក់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត។ សម្រាប់ខ្លួនណុចផ្ទាល់ដែលបានឃើញអំពើឃោរឃៅ និងការកាប់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ ទោសត្រឹមជាប់គុកអស់មួយជីវិតគឺស្រាលពេក បើធៀបទៅនឹងការឈឺចាប់ដែលគ្រួសារគាត់ និងប្រជាជនកម្ពុជាបានឆ្លងកាត់។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin