កូនស្លាប់ភ្លាមៗក្រោយចាក់ថ្នាំ

(កណ្ដាល)៖ ថាច វួចឡុង អាយុ៧៤ឆ្នាំ រស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ វួចឡុង បានចែករំលែកបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមរបស់គាត់ជាមួយអ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម។
វួចឡុង គឺជាប្រជាជន១៧មេសា ដែលត្រូវខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ។ ផ្ទះរបស់គាត់មានទីតាំងនៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ វួចឡុង បានចែករំលែកថា ជីវិតរស់នៅក្នុងរបបខ្មែរក្រហមគឺវេទនាណាស់ ទាំងការស្នាក់នៅ, ការហូបចុក និងការងារ។ នៅក្នុងរបបនោះ ម្នាក់ៗត្រូវទទួលរងភាពលំបាក គ្មាននរណាអាចគេចផុតឡើយ។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនមិនមែនធ្វើការងារត្រឹមតែមួយមុខនោះទេ គឺយ៉ាងហោចណាស់ចាប់ពីពីរមុខឡើងទៅ។ ជាក់ស្ដែង ដំបូងឡើយ វួចឡុង មានតួនាទីជាអ្នកបុកអង្ករ បន្ទាប់មកអង្គការបានបញ្ជូនឱ្យគាត់ធ្វើស្រែនៅទួលថ្ងាន់។ សមាជិកនៅក្នុងក្រុមរបស់គាត់ មានសមាជិកសរុបទាំងអស់៥០នាក់។
វួចឡុង និងប្ដីត្រូវធ្វើការងារឆ្ងាយពីគ្នា មិនសូវបានជួបមុខគ្នានោះទេ ហើយរយៈពេល១ខែម្ដង ឬ២ខែម្ដងទើបគាត់បានជួបគ្នា។ គាត់បានបន្តថា ប្ដីរបស់គាត់ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ដោយចោទថាជាទាហាន លន់ នល់។ វួចឡុង មិនបានដឹងថាប្ដីរបស់គាត់ត្រូវសម្លាប់នោះទេ រហូតដល់មិត្តរួចក្រុមដែលធ្វើការងារជាមួយប្ដីគាត់មកប្រាប់ ទើបគាត់ដឹងព័ត៌មាននោះ។ វួចឡុង ត្រូវបានអង្គការចាប់ខ្លួនយកទៅសួរចម្លើយតាំងពីម៉ោង៧ល្ងាច ដល់ម៉ោង៤ទៀបភ្លឺ ស្ទើរតែនឹងត្រូវសម្លាប់ ព្រោះតែការចោទប្រកាន់ថាប្ដីរបស់គាត់មានតួនាទីជាទាហានមានស័ក្តិ៥នៅក្នុងរបប លន់ នល់ ហើយ វួចឡុង មានងារជាជំទាវ។ វួចឡុង បានប្រាប់ទៅអ្នកសួរចម្លើយវិញថា ប្រសិនជាគាត់ជាជំទាវពិតមែននោះប្រហែលជាគាត់មិនចេះធ្វើការងារនៅស្រែចម្ការជំនាញបែបនេះទេ។
គាត់បានបន្តថា កូនរបស់គាត់ម្នាក់ បានស្លាប់ភ្លាមៗនៅមន្ទីរពេទ្យបន្ទាប់ពីចាក់ថ្នាំ។ កូនរបស់គាត់មានអាការរាគរូសខ្លាំង ហើយគាត់បាននាំកូនទៅមន្ទីរពេទ្យ។ គ្រូពេទ្យ បានឱ្យថ្នាំកូនរបស់គាត់លេបរួចក៏បានធូរស្បើយ។ ក្រោយពីឃើញអាការរបស់កូនបានធូរស្រាល វួចឡុង បម្រុងនឹងយកកូនត្រឡប់ទៅវិញ ស្រាប់តែគ្រូពេទ្យម្នាក់បានឃាត់ហើយបាននិយាយទៅកាន់គាត់ថា៖ «មុននឹងត្រឡប់ទៅវិញចាក់ថ្នាំមួយម្ជុលសិន»។ វួចឡុង បានយល់ព្រមឱ្យគ្រូពេទ្យចាក់ថ្នាំឱ្យកូនរបស់គាត់ ដោយគិតថាប្រហែលជាថ្នាំជំនួយកម្លាំង។ ផ្ទុយទៅវិញ អ្វីដែលមិននឹកស្មានដល់នោះគឺ កូនរបស់គាត់ត្រូវស្លាប់ភ្លាមៗបន្ទាប់ពីចាក់ថ្នាំរួច។
នៅពេលនោះ ប្រជាជនបានហូបតែបបររាវ ហើយពេលខ្លះបានហូបបបររៀងខាប់បន្តិច។ ចំណែកម្ហូបវិញ គឺគ្មានអ្វីក្រៅពីសម្លម្ជូរព្រលឹត និងម្ជូរត្រកួន។ ចំពោះម៉ោងធ្វើការ វួចឡុង ត្រូវក្រោកពីព្រលឹមដើម្បីចេញទៅការដ្ឋាន។ គាត់ចាប់ផ្ដើមធ្វើការងារពីព្រឹកម៉ោង៦ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ដោយសម្រាកហូបអាហារថ្ងៃត្រង់បន្តិច ហើយចាប់ផ្ដើមធ្វើការងារបន្តទៀតដល់ម៉ោង៥ល្ងាច។
ជារៀងរាល់ព្រឹក វួចឡុង តែងតែចេញទៅបំពេញការងារតាមតួនាទីរបស់គាត់។ គាត់បាននិយាយបន្តថា គាត់មិនដែលបានទៅវត្តអារាមនៅថ្ងៃសីលឡើយ ព្រោះតែនៅពេលនោះ ខ្មែរក្រហមហាមមិនឱ្យមានការគោរពប្រណិប័តន៍សាសនានៅទូទាំងប្រទេសកម្ពុជា៕
សម្ភាសន៍ដោយ៖ កេត ស្រីនុត ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

