ស្ទើរតែត្រូវខ្មែរក្រហមសម្លាប់

(ស្ទឹងត្រែង)៖ មានពេលមួយ អង្គការបម្រុងយក ហួង ទៅសម្លាប់ ប៉ុន្តែគាត់ទទួលបានការសង្រ្គោះពីប្រធានក្រុម។ ប្រធានក្រុមរបស់ ហួង បាននិយាយប្រាប់ទៅកាន់អង្គការថា ហួង គឺជាមនុស្សដែលឧស្សាហ៍ព្យាយាម និងខិតខំធ្វើការងារ ហេតុនេះ អង្គការដោះលែងគាត់មកវិញ។ ធឿន ហួង មានអាយុ៦៧ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន គាត់មិនមានជំងឺណាមួយធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ គ្រាន់តែផ្ដាសាយបន្តិចបន្តួច។
នៅឆ្នាំ១៩៧០ ហួង បានស្ម័គ្រចិត្តចូលធ្វើជាទាហាន។ បន្ទាប់ពីធ្វើជាទាហានបានចំនួនបីឆ្នាំ ហួង បានឈប់ ហើយត្រឡប់ទៅជួយការងារឪពុកម្ដាយរបស់គាត់វិញ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានយកឈ្នះលើកងទ័ព លន់ នល់ និងបានគ្រប់គ្រងអំណាចពេញផ្ទៃប្រទេស។ នៅពេលនោះ ហួង មានអាយុ១៨ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំងឱ្យគាត់កាប់ដើមទន្ទ្រានខេត្តយកទៅចិញ្ច្រាំធ្វើជី, ប្រមូលអាចម៍គោ, ឃ្វាលសត្វគោ និងសត្វក្របី។ ហួង ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានក្រុមឈ្មោះ ខាំភេត ដោយក្រុមរបស់គាត់មានសមាជិកចំនួន១២នាក់។
ហួង និយាយថា នៅក្នុងរបបខ្មែរក្រហម មានមនុស្សជាច្រើនស្លាប់ដោយសារតែជំងឺ, គ្មានអាហារហូបចុកគ្រប់គ្រាន់ និងត្រូវឈ្លបខ្មែរក្រហមចាប់ទៅសម្លាប់។ មនុស្សដែលត្រូវឈ្លបសម្លាប់ ខ្លះមានកំហុសត្រឹមលួចបេះបន្លែផ្លែឈើហូប។ ចំណែកខ្លះទៀតសម្លាប់ដោយសារជាខ្សែបណ្ដាញរបស់ សេ.អ៊ី.អា. ឬ កា.ហ្សេ.បេ.។ ចំណែកឯ មនុស្សមួយចំនួនទៀត ត្រូវសម្លាប់ដោយសារការសងសឹក ព្រោះឈ្លបទាំងនោះមានចិត្តគុំគួនគ្នា តាំងពីនៅក្នុងរបប លន់ នល់។
នៅក្នុងរបបខ្មែរក្រហម ហួង មិនដែលបរិភោគអាហារបានឆ្អែតគ្រប់គ្រាន់នោះទេ។ ជារៀងរាល់ថ្ងៃ គាត់ហូបតែបបរជាមួយសម្លម្ជូរត្រកួន និងព្រលឹត។ ការរស់នៅក្នុងរបបខ្មែរក្រហម គឺពិបាកសព្វគ្រប់ ប៉ុន្តែមិនមានអ្វីក្រៅពីពាក្យថាទ្រាំ ព្រោះពេលនោះប្រជាជនមិនមានសិទ្ធិប្រឆាំងនឹងការដឹកនាំរបស់ខ្មែរក្រហមឡើយ។ ប្រសិនជាប្រជាជនណាម្នាក់ហ៊ានប្រឆាំងជាមួយអង្គការ ជននោះនឹងត្រូវចាប់យកទៅសម្លាប់ ក្រោមហេតុផល យកទៅរៀនសូត្រ, ផ្លាស់ប្ដូរទីលំនៅថ្មី ឬយកទៅធ្វើការងារនៅសហករណ៍ថ្មី។
នៅចុងឆ្នាំ១៩៧៨ សមាជិកគ្រួសាររបស់ ហួង និងប្រជាជនរស់នៅក្នុងសហករណ៍ជាមួយគ្នាមួយចំនួនតូចបានរត់ភៀសខ្លួនទៅប្រទេសឡាវ ដើម្បីគេចពីកងទ័ពវៀតណាម។ ចំណែកប្រជាជនមួយចំនួនទៀត រត់ចូលទៅក្នុងព្រៃដើម្បីគេចខ្លួន។ នៅពេលនោះដែរ ប្រជាជនដែលបានជម្លៀសឱ្យទៅធ្វើការងារឆ្ងាយសមាជិកគ្រួសារបានត្រឡប់ទៅរស់នៅជុំគ្នាវិញ ហើយខ្លះទៀតមិនបានជួបជុំព្រោះសមាជិកគ្រួសារបាត់បង់ជីវិត។
បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ ហួង បានត្រឡប់ទៅរស់នៅជួបជុំនឹងឪពុកម្ដាយ និងបងប្អូនរបស់គាត់វិញ។ គ្មានសមាជិកគ្រួសាររបស់ហួង ណាម្នាក់បានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមឡើយ។ នៅឆ្នាំ១៩៨២ ហួង បានស្គាល់ប្រពន្ធរបស់គាត់ និងបានរៀបការជាមួយគ្នា៕
សម្ភាសន៍ដោយ៖ អឿង ម៉ូលីកា ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

