គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម

(ព្រៃវែង)៖ អោក សាវី អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្មពូន ឃុំ កញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បច្ចុប្បន្មរស់នៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ បច្ចុប្បន្ននេះមានជំងឺលើសសម្ពាធឈាម។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលរំដោះទីក្រុងភ្នំពេញ និងកាន់កាប់អំណាចបានទូទាំងប្រទេស។ ខ្មែរក្រហម បានចាត់តាំងឱ្យ សាវី ធ្វើការងារនៅក្នុងមន្ទីរពេទ្យឃុំបេង មានសមាជិកចំនួន១៥នាក់ ប្រធានក្រុមឈ្មោះ ជិន (ស្លាប់) និង យឺ។ តួនាទីរបស់ សាវី នៅពេលនោះគឺមើលថែអ្នកជំងឺទូទៅ។​ ការធ្វើការងារនៅក្នុងមន្ទីរពេទ្យ សាវី បានរៀនសូត្រពីការធ្វើថ្នាំ និងការបង្កើតកូន។ ក្រោយមកទៀតខ្មែរក្រហមបានបញ្ជូនឱ្យគាត់ធ្វើការនៅតាមភូមិខាងផ្នែករែកបាយយកទៅឱ្យចាស់ជរាដែលមិនអាចដើរបាននៅតាមផ្ទះនីមួយៗ។

សាវី បាននិយាយថា នៅក្នុងរបបខ្មែរក្រហមមានបញ្ហាខ្វះខាតអាហារខ្លាំង។ របបអាហារក្នុងមនុស្សម្នាក់ គឺទទួលបានមួយវែក។ គាត់បានបន្តថា នៅពេលនោះប្រជាជនមិនសូវបានហូបបាយនោះទេ ភាគច្រើនគឺបបរ ជាមួយនឹងសម្លម្ជូរព្រលឹត និងម្ជូរត្រកួន។ គាត់បានបន្ថែមថា សម្លនៅពេលនោះស្លមិនសូវប្រើប្រហុកឡើយ សូម្បីតែពេលធ្វើទឹកគ្រឿងក៏មិនសូវប្រើប្រហុកច្រើនដែរ។

នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវធ្វើការងារស្មើដៃគ្នា។ សាវី បាននិយាយថា នៅក្នុងរបបនោះ គាត់ក៏ដូចជាប្រជាជនដទៃដែលមានតួនាទីធ្វើការងារដូចគ្នា គ្រាន់តែពេលនោះគាត់មានតួនាទីជាគ្រូពេទ្យ។ ហេតុនេះហើយគាត់មិនសូវមានការងារលំបាកដូចជាប្រជាជនដែលធ្វើការងារនៅតាមការដ្ឋានជីកប្រឡាយ, លើកទំនប់ ឬធ្វើស្រែចម្ការនោះទេ។

សាវី បានរៀបការជាមួយប្ដីរបស់គាត់នៅក្នុងរបបខ្មែរក្រហម។ ខ្មែរក្រហមបានចាត់តាំងឱ្យប្រជាជនចំនួន៥០គូដែលរៀបការក្នុងថ្ងៃតែមួយ ក្នុងនោះក៏មាន សាវី ដែរ។ ប្ដីរបស់ សាវី មានតួនាទីជាយោធាខ្មែរក្រហម។ គាត់បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជានៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា ប្រធានក្រុមរបស់ប្ដីគាត់បាននាំយោធាមួយក្រុមមកមន្ទីរពេទ្យដែលគាត់ធ្វើការ។ យោធាទាំងអស់ មកទីនោះដើម្បីមើលគូស្រករ។ សាវី បានបន្តថា ប្ដីរបស់គាត់បានឃើញគាត់ និងស្រឡាញ់ក៏បានស្នើសុំទៅប្រធានក្រុមដើម្បីរៀបការ។

ក្រោយពីរៀបការរួច ប្ដីរបស់សាវី បានសម្រាកពីការងារយោធា។ អ្នកទាំងពីរបានស្នាក់នៅជុំគ្នាមួយរយៈ ប្ដីរបស់គាត់បានចេញទៅស្រុកកំណើតធ្វើជាយោធាវិញ។ ចាប់តាំងពីពេលនោះ សាវី​ មិនដែលបានជួបប្ដីរបស់គាត់ទៀតនោះទេ រហូតដល់ពេលមួយមាន់អ្នកស្គាល់បានប្រាប់ថា ប្ដីរបស់គាត់បានបាត់បង់ជីវិត។ នៅក្នុងរបបខ្មែរក្រហម បងប្រុសរបស់សាវី ម្នាក់មានតួនាទីជាគ្រូពេទ្យ បានបាត់ខ្លួន។ ចាប់តាំងពីបងប្រុសរបស់គាត់ចេញទៅព្យាបាលឱ្យក្រុមយោធានៅតាមសរមភូមិគឺបាត់ដំណឹងតាំងពីពេលនោះមក។

នៅក្នុងរបបខ្មែរក្រហម វត្តអារាមមិនមានប្រជាជនទៅប្រារព្ធពិធីបុណ្យសាសនា និងសាលារៀនគ្មានសិស្សានុសិស្សទៅសិក្សាស្វែងយល់។ វត្តអារាម និងសាលារៀនមួយចំនួនមានសភាពស្ងាត់ជ្រងំ ចំណែកខ្លះទៀតបានផ្លាស់ប្ដូរទៅជាឃ្លាំងដាក់សម្ភារ, ជាកន្លែងស្នាក់នៅរបស់ប្រជាជនដែលជម្លៀសមកពីតំបន់ផ្សេង​ និងជាកន្លែងចិញ្ចឹមសត្វ។ ការគោរពប្រណិប័តន៍សាសនាទាំងអស់នៅកម្ពុជាត្រូវបានលុបបំបាត់ចោល។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ សាវី និងគ្រួសារបានត្រឡប់មករស់នៅភូមិកំណើតវិញ៕

សម្ភាសន៍ដោយ៖ ឆៃ កន្និកា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin