រសជាតិបាយនៅក្នុងរបបខ្មែរក្រហម ឆ្ងាញ់លើសអ្វីទាំងអស់

(ត្បូងឃ្មុំ)៖ លាង រឿន អាយុ៦៤ឆ្នាំ មានស្រុកកំណើតស្ថិតនៅភូមិជ្រៃ ឃុំម៉ឺនពួក ខេត្តព្រៃវែង។ រឿន មានបងប្អូនបង្កើតចំនួន៥នាក់។
នៅអំឡុងឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ, រឿន ស្ថិតនៅក្នុងវ័យកុមារនៅឡើយ ប៉ុន្តែគាត់អាចនៅចងចាំព្រឹត្តិការណ៍មួយចំនួន និងដឹងតាមរយៈការនិយាយប្រាប់ពីម្ដាយឪពុករបស់គាត់។ ភាពវឹកវរនៃសង្គ្រាមបានឈានចូលមកដល់ ធ្វើឱ្យមានការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅតាមភូមិឋាន។ ក្នុងគ្រានោះ ឪពុករបស់ រឿន បានសម្រេចចិត្តចូលរួមធ្វើបាតុកម្មប្រឆាំងនឹង លន់ នល់ ជាមួយអ្នកភូមិឯទៀត។ រាល់ពេលមានសំឡេងយន្តហោះទម្លាក់គ្រាប់បែកម្តងៗ រឿន ព្រមទាំងសមាជិកគ្រួសារ តែងតែរត់ទៅក្រាបពួនតាមភ្លឺស្រែ។ មានពេលខ្លះ គាត់នាំគ្នាឡើងទៅពួននៅលើដើមជ្រៃធំៗដើម្បីគេចពីគ្រាប់កាំភ្លើង។
លុះដល់ឆ្នាំ១៩៧៥ នៅពេលដែលយោធាខ្មែរក្រហមបានវាយលុក និងគ្រប់គ្រងអំណាចទូទាំងប្រទេស រឿន មានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ។ រឿន ត្រូវបានចាត់ទុកជាប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ ដោយសារគាត់រស់នៅក្នុងភូមិជ្រៃ ឃុំម៉ឺនពួ ខេត្តព្រៃវែង ស្រាប់។ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ រឿន ត្រូវបានអង្គការចាត់តាំងឱ្យចូលទៅក្នុងកងនារីចល័ត ដែលត្រូវធ្វើការងារធ្ងន់ៗនៅគ្រប់ទីកន្លែង។ ការងារទាំងនោះមានដូចជា ការជីកប្រឡាយ, លើកទំនប់, លើកដី និងលើកភ្លឺស្រែតាមបណ្តាភូមិនានា។ ក្នុងប្រព័ន្ធការងាររបស់ខ្មែរក្រហម តម្រូវឱ្យមនុស្សចំនួន៣នាក់ ត្រូវជីកដីឱ្យបានប្រវែង ១០០ម៉ែត្រ ដែលជាកម្រិតការងារដ៏លើសលប់សម្រាប់កម្លាំងនារី។ ក្រៅពីការងារនៅវាលស្រែ និងការដ្ឋាន ពេលខ្លះ រឿន ត្រូវបានខ្មែរក្រហមប្រើឱ្យទៅជាន់អង្ករ និងកិនស្រូវនៅក្នុងភូមិបន្ថែមទៀត។
របបអាហារនៅក្នុងសម័យនោះមានភាពខ្សត់ខ្សោយ គឺអនុញ្ញាតឱ្យបរិភោគត្រឹមតែបបររាវ។ ក្នុងមួយថ្ងៃ រឿន ទទួលបានបបរតែពីរវែក ហើយហូបបានតែពីរពេលប៉ុណ្ណោះ ដែលធ្វើឱ្យគាត់អស់កម្លាំងរហូតដើរស្ទើរមិនរួច។ ដើម្បីរស់រានមានជីវិត រឿន បានបេះស្លឹកកន្ទួត និងរើសផ្លែខ្វិតដែលធ្លាក់ក្នុងទឹកយកមកវាយបំបែកយកសាច់ខាងក្នុង លាយជាមួយបបរដើម្បីឱ្យមានបរិមាណច្រើន។ មានគ្រាមួយ រឿន ដើរចល័តទៅដល់ភូមិផ្សេង ហើយអង្គការបានដាំបាយឱ្យហូប គាត់មានអារម្មណ៍រំភើប និងត្រេកអរជាខ្លាំង ព្រោះរសជាតិបាយនាពេលនោះវាឆ្ងាញ់លើសពីអ្វីៗទាំងអស់។ បន្ថែមពីលើនេះ រឿន បានបោចស្លឹកស្វាយ និងផ្ទី យកមកស្រុះហូបជាមួយទឹកប្រហុក ដើម្បីឱ្យបានឆ្អែតពោះ។
សុខភាពជាបញ្ហាមួយទៀតដែល រឿន ជួបប្រទះ គឺគាត់តែងតែកើតជំងឺរាកជាញឹកញាប់។ ថ្នាំសង្កូវដែលប្រើប្រាស់សម្រាប់ព្យាបាលក្នុងសម័យនោះ គឺជាថ្នាំសូនដែលមានរាងដូចលាមកសត្វរអា ដែលគ្មានប្រសិទ្ធភាពក្នុងការព្យាបាលទាល់តែសោះ។ នៅពេលដែល រឿន សុំសម្រាកដោយសារមានជំងឺ គាត់បែរជាត្រូវឈ្លបស្តីបន្ទោស និងគំរាមកំហែងថានឹងយកទៅកសាង ដែលជាភាសាបន្លប់សម្រាប់ន័យថាការយកទៅសម្លាប់។
ខ្មែរក្រហមបានបង្ខំឱ្យ រឿន រៀបការជាមួយបងប្អូនជីដូនមួយបង្កើតរបស់ខ្លួន ប៉ុន្តែគាត់ដាច់ចិត្តបដិសេធ។ ការបដិសេធនេះបានធ្វើឱ្យអង្គការខឹងសម្បារយ៉ាងខ្លាំង ហើយចោទថា រឿន ជាអ្នកប្រឆាំងនឹងបទបញ្ជាអង្គការ ព្រមទាំងហៅគាត់ទៅកសាង។ ទោះជាយ៉ាងណាក្ដី ដោយសារតែការព្យាយាមពន្យល់ពីហេតុផលផ្សេងៗ ទើប រឿន អាចឆ្លងផុតពីសេចក្តីស្លាប់ និងបន្តរស់នៅរហូតដល់របបខ្មែរក្រហមដួលរលំ។ រឿន បានរៀបរាប់ថា ការរៀបការក្នុងសម័យនោះ គឺរៀបចំឡើងជាក្រុមៗ ចាប់ពី៥០គូ រហូតដល់១០០គូ ដោយគ្រាន់តែឱ្យចាប់ដៃគ្នាធ្វើការប្តេជ្ញាចិត្ត។
ទោះបីជា រឿន មិនបានឃើញការសម្លាប់មនុស្សដោយផ្ទាល់នឹងភ្នែក ប៉ុន្តែគាត់បានឃើញសកម្មភាព ឈ្លបជិះរទេះសេះមកចាប់យកបុរសជាប្តីនៅក្នុងភូមិម្នាក់យកទៅបាត់។ បន្ទាប់មក ឈ្លបត្រឡប់មកយកទាំងប្រពន្ធ និងកូនរបស់បុរសនោះទៅ ដែល រឿន ជឿជាក់ថាត្រូវបានយកទៅសម្លាប់ចោលទាំងអស់។ ចំពោះផ្នែកជំនឿសាសនា រឿន បានឮ និងដឹងថាខ្មែរក្រហមបានវាយកម្ទេចវត្តអារាម បំបិទសាសនា និងគ្មានព្រះសង្ឃសម្រាប់ជាទីសក្ការឡើយ។ បច្ចុប្បន្ន ក្នុងវ័យ ៦៤ឆ្នាំ រឿន រស់នៅភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជារូបភាពនៃភាពរឹងមាំរបស់អ្នករស់រានមានជីវិតម្នាក់៕
សម្ភាសន៍ដោយ៖ ឈើន ស្រីល័ក្ខ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

