អ្នកអូសរទេះដឹកសាកសព

(ភ្នំពេញ)៖ អូន ម៉េត អាយុ៨១ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសេរីភាព ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បច្ចុប្បន្ន ម៉េត រស់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ម៉េត មានជំងឺប្រចាំកាយរួមមាន៖ ក្រពះ សួត និងឈឺសន្លាក់ដៃជើង។ អាការជំងឺក្រពះ និងសួតរបស់គាត់តែងតែចុកអួលតិចៗ តែដោយសារគាត់លេបថ្នាំផ្សំពីមន្ទីរពេទ្យទើបបានធូរស្រាលវិញ។ បច្ចុប្បន្ន ម៉េត នៅសល់តែបញ្ហាជាតិខ្លាញ់ឡើងតាមសរសៃកដែលត្រូវបន្តការព្យាបាលរហូតមកដល់សព្វថ្ងៃ។
នៅឆ្នាំ១៩៧០ ម៉េត បានចូលស្ម័គ្រចិត្តចូលធ្វើទាហានលន់ នល់ ហើយជីវិតរបស់គាត់គឺផ្ញើទៅលើជួរកងទ័ពទាំងការហូបចុក និងការស្នាក់នៅ។ នៅពេលនោះក្រុមរបស់ ម៉េត បានឡើងទៅសម្ងំនៅលើជួរភ្នំដងរែក និងបានតាំងជំរំនៅលើភ្នំស្រួច។ ក្នុងអំឡុងពេលនោះ ក្រុមរបស់គាត់បានជួបប្រទះជាមួយយោធាខ្មែរក្រហម ប៉ុន្តែជាសំណាងល្អមិនបានប្រើកាំភ្លើង ឬកម្លាំងគំរាមកំហែងគ្នាទៅវិញទៅមកឡើយ គឺសម្ងំយកសុខរៀងខ្លួន។ ម៉េត យល់ឃើញថាយោធាខ្មែរក្រហមមិនអាក្រក់ទាំងអស់នោះទេ ព្រោះមានអ្នកខ្លះជាមនុស្សមានសេចក្តីអាណិតអាសូរ និងមានមនោសញ្ចេតនាដោយសារនៅចាំថាមានសារជាតិជាខ្មែរដូចគ្នា។ ទោះបីជាសម្ងំនៅលើភ្នំក្តី ម៉េត បានដឹងពីការគ្រប់គ្រង និងការជម្លៀសប្រជាជនរបស់ពួកខ្មែរក្រហម។ ម៉េត បានទទួលដំណឹងថាមុនខែមេសា ប៉ុន្មានខែ ចលនាខ្មែរក្រហមបានគ្រប់គ្រងទីតាំងជុំវិញទីក្រុងភ្នំពេញ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមរបស់ ម៉េត មិនទាន់បានចាកចេញទៅណាឆ្ងាយពីតំបន់ភ្នំឡើយ ដោយក្រុមរបស់គាត់ត្រូវឈរជើងនៅភ្នំស្រង់។ ក្រោយមក ក្រុមរបស់ ម៉េត បានចុះមកទីក្រុងភ្នំពេញ ហើយពេលនោះនៅក្នុងក្រុងមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ទីក្រុងមានភាពស្ងាត់ជ្រងំ ដោយប្រជាជនភាគច្រើនត្រូវបានជម្លៀសចេញអស់។ ដោយសារក្រុមរបស់ ម៉េត ធ្លាប់រស់នៅរួមគ្នាជាមួយយោធាខ្មែរក្រហមកាលពីនៅលើភ្នំ ខ្មែរក្រហមបានចាត់ទុកគាត់ជាប្រជាជនមូលដ្ឋាន ហើយបានបញ្ជូនគាត់ទៅតំបន់រវាង ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៅម្ដុំកោះក្រឡ ក្នុងសហករណ៍ស្វាយស។ នៅទីនោះ ម៉េត គ្មានតួនាទីអ្វីនៅក្នុងអង្គភាពទេ គឺគាត់រស់នៅដូចប្រជាជនដទៃទៀត ហើយខ្មែរក្រហមបញ្ជាឱ្យធ្វើអ្វី គាត់ត្រូវតែធ្វើតាមដើម្បីរស់រានមានជីវិត។ ភាគច្រើន ម៉េត ត្រូវបានខ្មែរក្រហមប្រើឱ្យអូសរទេះគោដឹកសពយកទៅបោះចោលនៅឯវាលព្រះខ្ជាយ។
នៅកន្លែងដែល ម៉េត រស់នៅ ប្រជាជនអាចហូបឆ្អែតបានតែនៅក្នុងខែច្រូតកាត់ប៉ុណ្ណោះ។ ក្រៅពីនោះ ប្រជាជនទទួលបានរបបអាហារត្រឹមតែបបរមួយខ្ទះតូចសម្រាប់មនុស្សច្រើននាក់ និងមានអង្ករត្រឹមមួយកំប៉ុងប៉ុណ្ណោះ។ នៅក្នុងរបបខ្មែរក្រហម ប្រសិនបើមិនស្លាប់ដោយការសម្លាប់ទេ ប្រជាជននឹងត្រូវស្លាប់ដោយសារការអត់ឃ្លាន ព្រោះខ្មែរក្រហមមិនអនុញ្ញាតឱ្យដាំដំណាំសម្រាប់ហូបចុកខ្លួនឯងឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ ម៉េត បានយកដើមឫស្សីមកដុតយកផេះ រួចចម្រោះជាមួយទឹកដើម្បីទទួលបានជាតិប្រៃល្មមៗសម្រាប់ទ្រទ្រង់រាងកាយ។
នៅតំបន់របស់ ម៉េត រស់នៅ មិនសូវមានមនុស្សត្រូវបានគេយកទៅវាយចោលទេ លុះត្រាតែអ្នកនោះធ្វើខុសធ្ងន់ដូចជាលួចគាស់ដំឡូង ទើបឈ្លបយកទៅសម្លាប់។ ប៉ុន្តែបើនិយាយជារួមនៅខេត្តពោធិ៍សាត់ និងបាត់ដំបង គឺជាតំបន់ដែលមានអត្រាអ្នកស្លាប់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ព្រោះខ្មែរក្រហមតែងតែយកមនុស្សពីតំបន់ផ្សេងៗមកទម្លាក់ និងវាយចោលនៅទីនោះ។ ទិដ្ឋភាពដ៏សែនអាណោចអាធ័មបំផុតគឺពួកខ្មែរក្រហមបានយកទារកដែលទើបតែកើតទៅបោកផ្ទប់នឹងដើមឈើ។ ចំពោះគ្រួសាររបស់ ម៉េត វិញ សមាជិកទាំងអស់បានស្លាប់ដោយសារសង្គ្រាមតាំងពីមុនរបបខ្មែរក្រហមមកម៉្លេះ ដោយបន្សល់ទុកតែគាត់ម្នាក់ឯងប៉ុណ្ណោះ។
នៅក្នុងរបបខ្មែរក្រហម ម៉េត ត្រូវបានអង្គការចាប់បង្ខំឱ្យរៀបការទោះបីជាគាត់ចង់ ឬមិនចង់ក្តី។ ក្រោយពេលរៀបការរួច ម៉េត និងប្រពន្ធត្រូវបានបំបែកចេញពីគ្នា ដោយត្រូវត្រឡប់ទៅរស់នៅ និងធ្វើការតាមអង្គភាពរៀងៗខ្លួន។ នៅក្នុងការរស់នៅនាសម័យនោះ ប្រជាជនគ្មានសិទ្ធិសេរីភាពអ្វីឡើយ ហើយត្រូវគេបិទបាំងមិនឱ្យដឹងពីសកម្មភាពសម្លាប់មនុស្សទាល់តែសោះ។ ពេលយប់ចូលមកដល់ ប្រជាជនត្រូវតែសម្រាកនៅក្នុងកន្លែងរបស់ខ្លួន ការដើរផ្ដេសផ្ដាសនៅពេលយប់គឺត្រូវប្រឈមនឹងការសម្លាប់។ នៅពេលយប់ ម៉េត តែងតែឮសំឡេងមនុស្សស្រែកយំ ប៉ុន្តែគាត់មិនអាចជួយអ្វីបានឡើយ។ មនុស្សណាដែលធ្វើខុស នឹងត្រូវគេយកទៅវាយចោលនៅកណ្តាលវាលស្រែ និងទុកសាកសពចោលឱ្យសត្វឆ្កែចចកហែកស៊ីយ៉ាងអាណោចអាធ័ម។
ម៉េត និងប្រជាជនដទៃទៀតមិនអាចធ្វើអ្វីបានឡើយ គឺមានតែស្តាប់ និងធ្វើតាមបញ្ជាដោយមិនហ៊ានប្រកែកឡើយ។ ជីវិតរបស់ ម៉េត នៅពេលនោះបានឈានដល់ដំណាក់កាលមួយដែលគាត់លែងខ្វល់ពីអ្វីទាំងអស់ ដោយគិតត្រឹមតែធ្វើយ៉ាងណាឱ្យតែអាចរស់រានមានជីវិតឆ្លងផុតពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ៕
សម្ភាសន៍ដោយ៖ ជុន សុមុនីនាថ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

