ប៊ូ សយ៖ ប្រវត្តិរូបតានេះល្អណាស់ តែមានពាក់ព័ន្ធនឹងប្រពន្ធ

បងប្អូនរបស់ប្រពន្ធសយ ភាគច្រើនគឺជាអ្នកចេះដឹង និងធ្វើការងារក្នុងសម័យមុន។ ប៉ុន្តែគ្រួសាររបស់សយ មិនបានជម្លៀសចេញទៅខេត្តដទៃ ឬត្រូវធ្វើបាបនោះទេ ព្រោះសយ គឺជាបងប្អូនជីដូនមួយរបស់ប្រពន្ធតាម៉ុក ហើយគាត់បានស្គាល់តាម៉ុកតាំងពីក្មេង។

ប៊ូ សយ[1] អាយុ៧៣ឆ្នាំ រស់នៅភូមិប្រគៀប ឃុំត្រពាំងធំខាងត្បូង ​ស្រុកត្រាំកក់ ខេត្តតាកែវ។ សយ មានប្រពន្ធឈ្មោះ ស៊ូ សុខ អាយុ៧២ឆ្នាំ និងមានកូនចំនួន៧នាក់។ សយ គឺជាបងប្អូនជីដូនមួយជាមួយតាម៉ុក ប៉ុន្តែជាសាច់ថ្ងៃ ព្រោះឪពុករបស់សយ និងឪពុករបស់ប្រពន្ធតាម៉ុក គឺជាបងប្អូនបង្កើត។ សយ និងតាម៉ុក បានស្គាល់គ្នាកាលពីក្មេង តាំងពីតាម៉ុក ត្រលប់មករស់នៅជាមួយឈ្មោះ សាន ដែលជាបងបង្កើតរបស់ម្ដាយគាត់។ សយ មិនសូវបានដឹងរឿងរ៉ាវរបស់តាម៉ុក ពេលនៅក្មេងនោះទេ ព្រោះពេលនោះគាត់នៅក្មេងពេក ហើយណាមួយតាម៉ុក បានចូលបួសក្នុងវត្តត្រពាំងធំ ហើយបានទៅរៀនព្រះត្រៃបិដក នៅទីក្រុងភ្នំពេញ និងប្រឡងបានសញ្ញាប័ត្រសាលារង នៅអាយុប្រមាណ១៩ឆ្នាំ។ នៅពេលតាម៉ុក លាចាកសិក្ខាបទ គាត់ចាប់ផ្ដើមចូលរួមជាមួយចលនាឥស្សរៈ។

ក្រោយមក នៅពេល តាម៉ុក មានអាយុជាង២០ឆ្នាំ គាត់បានរៀបការជាមួយឈ្មោះ ខឹម និងបានរកស៊ី និងធ្វើស្រែធម្មតា ប៉ុន្តែអ្វីដែលសម្លែកនោះ គាត់ តាម៉ុកតែងតែនិយាយថាស្អប់ស្ដេច ដែលជិះជាន់រាស្រ្ដនៅពេលដែល សយ ទៅសម្រាកផ្ទះគាត់។ មួយវិញទៀត តាម៉ុក តែងតែនាំមិត្តភក្ដិនៅស្រុកផ្សេងៗដែលមានអាយុប្រហាក់ប្រហែលគ្នា មកធ្វើខ្ទមរស់នៅក្បែរផ្ទះគាត់ ប៉ុន្តែនៅពេលដែលមានសភាពការណ៍តានតឹង និងមានអ្នកតាមដាន ទើបរើចេញទៅវិញអស់។ អំឡុងពេលនោះ តាម៉ុក បានធ្វើដំណើរចេញ និងចូលភូមិជាញឹកញាប់ ហើយអ្នកដែលមករស់នៅក្បែរគាត់បានផ្លាស់ប្ដូរទៅបន្តទៀត។

ចូលដល់ឆ្នាំ១៩៧០ តាម៉ុក ចាប់ផ្ដើមគ្រប់គ្រងកងនារី យុវជន និងចាប់ផ្ដើមបង្កើតជាទ័ព។ កងនារីដែលតាម៉ុក គ្រប់គ្រង បានដើរផ្សព្វផ្សាយគោនយោបាយតាមភូមិ ប៉ុន្តែមិនទាន់ចេញមុខមាត់ធំនោះទេ។ ក្រោយមកនៅពេលដែល សយ បួសនៅក្នុងវត្តកោះក្អែក គាត់បានជួបជាមួយតាម៉ុក។ តាម៉ុក បានប្រាប់ សយ ថាខ្លួនទៅរៀននៅប្រទេសវៀតណាមមួយរយៈ ប៉ុន្តែមិនដឹងពីពេលវេលាត្រលប់មកវិញទេ។

បន្ទាប់មក សយ បានលាចាកសិក្ខាបទ ហើយបានរៀបការជាមួយប្រពន្ធរបស់គាត់។ នៅពេលសយ បានជួបតាម៉ុកម្ដងទៀតគាត់បានប្រាប់ឲ្យ សយ ដឹកនាំប្រជាជនធ្វើស្រែ ព្រោះពេលនោះគាត់មានគម្រោងធ្វើអាងស្ដុកទឹក។ ដោយសារតែមានទឹកពីអាងដែលតាម៉ុកជីក សយ បានដឹកនាំប្រជាជនចំនួន១៥គ្រួសារ ធ្វើស្រែតាមផ្ទះរៀងខ្លួនធម្មតា ប៉ុន្តែនៅពេលបានទិន្នផល ប្រជាជនត្រូវផ្ដល់ចំណែកជូនអង្គការ។ ជាក់ស្ដែង គ្រួសារសយ ធ្វើស្រែបាន១២០០ថាំង ហើយគាត់ត្រូវផ្ដល់ជូនអង្គការចំនួន៦០០ថាំ។

នៅខែមេសា ឆ្នាំ១៩៧៥ មានប្រជាជនថ្មីជាច្រើននាក់បានជម្លៀសចូលក្នុងភូមិប្រគៀប ក្នុងនោះមានបងប្អូនរបស់សយឈ្មោះ ណៃ, ភាព, ណន និងគ្រួសារបងប្អូនថ្លៃឈ្មោះ ហុក ហេង។ ចំណែកគ្រួសារប្អូនថ្លៃឈ្មោះ ស៊ូ សូត្រ, ស៊ូ សុភាព និងសាច់ញាតិមួយចំនួនទៀតមិនបានត្រលប់មកទេ។ ក្នុងចំណោមបងប្អូនថ្លៃរបស់សយ ឈ្មោះ ស៊ូ សូត្រ និងហុក ហេង គឺជាអ្នកមានចំណេះដឹងខ្ពស់ និងជាអ្នករាជការកាលពីសង្គមមុន។

ឈ្មោះ ស៊ូ សូត្រ[2] គឺជាដុកទ័រនៅទីក្រុងភ្នំពេញ និងបានទៅបំពេញវិជ្ជានៅប្រទេសបារាំង។ សូត្រ បានវិលត្រលប់មកប្រទេសកម្ពុជាវិញ ដើម្បីបើកហាងលក់ថ្នាំពេទ្យ ប៉ុន្តែមិនទាន់បានសម្រេចគោលបំណងផង ស្រាប់តែខ្មែរក្រហមវាចូលទីក្រុងភ្នំពេញ និងបានជម្លៀសប្រជាជនទាំងអស់ចេញ។ នៅពេលជម្លៀស សូត្រ និងប្រពន្ធឈ្មោះ ឱ នារី រួមជាមួយកូន៤នាក់(ស្រី២នាក់) ក្នុងនោះមានកូនចិញ្ចឹមម្នាក់ បានជម្លៀសទៅស្វាយរំពារ ស្វាយរំចឹក ខេត្តកំពង់ស្ពឺ។

ក្រោយរបបខ្មែរក្រហម សយ បានទទួលដំណឹងពីឈ្មោះ អ៊ុក ហាំ ដែលជាអ្នកភូមិប្រគៀប និងទើបតែជម្លៀសត្រលប់មកភូមិវិញ បានរៀបរាប់ថាឈ្មោះ ស៊ូ សូត្រ នៅស្វាយរំពារ បានជឿតាមការណ៍ឃោសនារបស់អង្គការថាឲ្យគាត់ចូលទៅធ្វើការងាររបស់ខ្លួននៅទីក្រុងភ្នំពេញ។ បន្ទាប់ពីចុះឈ្មោះរួច សូត្រ បានដឹងដំណឹងពីមេកងថាចាញ់បោកអង្គការ ទើបគាត់បានទៅពិភាក្សាជាមួយប្រពន្ធ ដើម្បីចែកកូនគ្នា។ នៅពេលពិភាក្សាប្រពន្ធរបស់សូត្រ បានឲ្យប្ដីរត់រំដោះខ្លួនឲ្យរួច ហើយខ្លួនសុខចិត្តចិញ្ចឹមកូនទាំងអស់តែម្នាក់ឯង។ បន្ទាប់មក គ្រួសាររបស់សូត្រ បានជម្លៀសទៅស្រុកព្រះនេត្រព្រះមួយរយៈពេលខ្លី និងមានបំណងរត់ទៅក្រៅប្រទេស ប៉ុន្តែអង្គការចាប់បានជាមួន និងបញ្ជូន សូត្រ ឃុំឃាំងក្នុងគុកទួលស្លែង។

ចំណែកប្អូនថ្លៃឈ្មោះ ហុក ហេង បានជម្លៀសចេញពីស្រុកកំណើតនៅអង្គតាសោម  ចូលមកភូមិប្រគៀប។ ពេលទៅដល់ភូមិ អង្គការបានបញ្ជូនគ្រួសាររបស់ហេង និងប្រជាជនថ្មីជាច្រើនគ្រួសារទៀត ទៅរស់នៅជិតព្រៃខ្មោចក្បែរភូមិ។ សយ បានបន្ថែមថា ហេង ជាមនុស្សរៀនសូត្របានខ្ពស់ ហើយប្រជាជនភាគច្រើនបានដឹងថាគាត់គឺជាអ្នកបើកយន្តហោះយោធាក្នុងសម័យសង្គមរាស្រ្ដនិយម។ ចូលដល់សម័យ លន់ នល់ នៅពេលដែលមានការទម្លាក់គ្រាប់បែកម្ដងៗ ប្រជាជនតែងតែនិយាយថាកូនយាយ ណំ (ឈ្មោះម្ដាយរបស់ហេង) ជាអ្នកជិះយន្តហោះមកទម្លាក់។

នៅភូមិថ្មី ហេង បានរៀបចំកាប់ឈើយកទៅធ្វើគ្រែ និងខ្ទមសម្រាប់រស់នៅ។ ប៉ុន្តែជាអកុសល នៅពេលហេង ធ្វើខ្ទមរួចរាល់ និងបានរស់នៅរយៈពេលប្រមាណ១សប្ដាហ៍ ឈ្មោះ យន ដែលជាប្រធានភូមិនៅទីនោះ និងមានស្រុកកំណើតមកពីភូមិស្រែខ្វាវ ឃុំជាងទង បានទៅអញ្ជើញ ហេង នៅម៉ោងប្រមាណ៥ល្ងាច ឲ្យទៅប្រជុំកន្លែង សេអ៊ី (អតីតកន្លែងហ្វឹកហ្វឺនយោធា) នៅក្នុងវត្ត ជាមួយមនុស្សម្នាក់ទៀតដែលជាប្ដីរបស់ឈ្មោះរ៉េត។ ពេលឮដូច្នេះ ហេង បានឈប់ហូបបបរសណ្ដែក ហើយឡើងទៅស្លៀកពាក់ខោអាវខ្មៅ រួចដើរចេញទៅ និងបាត់ដំណឹងរហូតមក។ ក្រោយឆ្នាំ១៩៧៩ សយ បានទទួលដំណឹងថា ហេង បានស្លាប់នៅមន្ទីរសន្តិសុខក្រាំងតាចាន់។

នៅក្រោមការគ្រប់គ្រងរបស់អង្គការ មុនដំបូងប្រជាជនមានការហូបចុកបានគ្រប់គ្រាន់ ប៉ុន្តែពេលវេលាកន្លងផុតទៅ អង្គការចាប់ផ្ដើមតាមដាន និងធ្វើប្រវត្តិរូប។ នៅពេលធ្វើប្រវត្តិរូប អង្គការបានសរសើរ សយ ថាមានប្រវត្តិរូបល្អ តែមានពាក់ព័ន្ធនឹងប្រពន្ធ ដែលមានបងប្អូនសុទ្ធតែជាអ្នកចេះដឹង និងធ្វើការងារក្នុងសម័យមុន។ បន្ទាប់ពីសួរប្រវត្តិរូបរួច អង្គការបានចាត់តាំងឲ្យគាត់ធ្វើជាកម្មាភិបាលខ្មែរក្រហមមួយរូបនៅក្នុងភូមិ ប៉ុន្តែ សយ បានបដិសេធព្រោះគាត់ដឹងថាខ្លួនឈឺញឹកញាប់ពេក។ បន្ទាប់មក អង្គការបានបញ្ជូន សយ ទៅក្នុងក្រុមចល័ត និងត្រូវទៅសម្រាកក្បែរដើមអំពិលខាងកើតភូមិ ហើយប្រពន្ធរបស់គាត់ត្រូវធ្វើជី, រែកដីដំបូក, ប្រមូលលាមក និងធ្វើស្រែ ក្នុងកងមួយផ្សេងទៀត។

​នៅក្នុងកងចល័ត សយ និងអ្នកដទៃទៀត ត្រូវបន្ទោរបង់ដាក់ក្នុងបំពង់មួយ ហើយនៅពេលព្រឹកឡើងត្រូវយកកាកសំណល់ទៅដាក់ស្រែឲ្យរួចរាល់ ទើបចេញទៅធ្វើស្រែប្រាំង, លើកទំនប់, ជីកប្រឡាយ និងធ្វើស្រែ។ សយ រស់នៅក្នុងកងចល័តបានមួយរយៈ ទើបគាត់ធ្វើការស្នើសុំអង្គការ ទៅសម្រាកក្នុងសហករណ៍វិញពេលយប់ ដើម្បីចាំការពារ សត្វជ្រូក និងគោ កុំឲ្យចូលស៊ីដំណាំនៅក្នុងផ្ទះ ព្រោះគាត់ត្រូវយកទិន្នផលដាក់ក្នុងសហករណ៍ដូចប្រជាជនផ្សេងទៀត។ ទោះបីជាយ៉ាងណា សយ នៅតែមិនអាចរស់នៅជួបជុំគ្រួសារដែរ ប៉ុន្តែគាត់និងប្រពន្ធ បានត្រឡប់ទៅជួបមុខកូនមួយភ្លែតនៅថ្ងៃទី១០ ទី២០ និងទី៣០ នៃខែនីមួយ។ ការជួបមុខនេះ គឺអាចធ្វើបានលុះត្រាតែសយ និងប្រពន្ធធ្វើការងារនៅជិតសហករណ៍ ប៉ុន្តែបើអង្គការបញ្ជូនគាត់ទៅធ្វើការងារក្បែរប្រទេសវៀតណាម គឺមិនបានទេ។

នៅក្នុងសហករណ៍ អង្គការបានប្រមូលទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាជនទាំងអស់ធ្វើជារបស់រួម។ បន្ទាប់មក សយ បានឃើញអង្គការរុះរើយកបង្អួច, ជញ្ជាំង ឬសរសរនៅតាមផ្ទះរបស់ប្រជាជនមួយចំនួនទៅធ្វើជារោងបាយ ឬទៅតាមតម្រូវការផ្សេងៗទៀតរបស់ឈ្មោះ យន និងឈ្មោះ ប៉ក លាប ដែលជាមេឃុំក្នុងពេលនោះ។ នៅក្នុងរោងបាយ មុនដំបូងអង្គការរៀបចំម្ហូបអាហារគ្រប់គ្រាន់ ប៉ុន្តែដល់ពេលយូរទៅ អង្គការបានដាំបបរ ចែកឲ្យប្រជាជនហូបជាមួយសម្លមួយចាន សម្រាប់សមាជិកចំនួន ៤ទៅ៥នាក់។ ដើម្បីបានចម្អែតក្រពះ ប្រជាជនបានយកបបរនោះទៅដាំលាយជាមួយបន្លែនៅផ្ទះបន្ថែមទៀត។

នៅក្នុងសម័យខ្មែរក្រហម សយ បានជួបតាម៉ុកម្ដងនៅជិតផ្ទះរបស់គាត់ ដែលក្នុងពេលនោះ តាម៉ុក មាននាទីជាប្រធានភូមិភាគនិរតី។ នៅពេលបានជួបគ្នា សយ បានសួរពីមូលហេតុដែលអង្គការចាប់មនុស្សស្លូតត្រង់ជាច្រើននាក់ទៅសម្លាប់ ក្នុងនោះមានឈ្មោះ សូត្រ និងអាចារ្យស្រី។ តាម៉ុក បានឆ្លើយតបថា “អាណាអ្នកយកទៅ ឲ្យអាហ្នឹងយកមកវិញ យកទៅទុកឯណា ឲ្យអាហ្នឹងយកមកវិញ”

ចាប់តាំងពីពេលនោះមក សយ មិនដែលបានជួនតាម៉ុកបន្តទៀតទេ ប៉ុន្តែគាត់បានឮដំណឹងថា តាម៉ុក ត្រូវជាប់ពន្ធនាគារ និងមិនឲ្យបងប្អូនចេញចូលសួរសុខទុក្ខរហេតរហូតទេ។ មួយវិញទៀត អ្នកដែលទៅសួរសុខទុក្ខនៅកន្លែងឃុំឃាំង គឺបានជួប តាម៉ុក ពីចម្ងាយហើយចំណីអាហារដែលយកទៅផ្ញើត្រូវយកឲ្យអ្នកផ្សេង និងមិនបានទៅដល់តាម៉ុកដែរ។ ម្យ៉ាងវិញទៀត ការចាប់តាម៉ុកឃុំឃាំងនេះ សយ បានពោលថា”កាលដែលរបប ប៉ុល ពត កើតឡើង គេថាវ៉ៃរហ័ស ដករហ័ស ដល់បញ្ញាគាត់ទន់ជ្រាយពេក ដកមិនទាន់ គោលនយោបាយរបស់គាត់ដែលគាត់ដាក់ឲ្យប្រជាជន វាត្រូវជាប់ពិរុទ្ធជន អាហ្នឹងវាត្រូវចាញ់គេ។ អាមេៗដោះខ្លួនរួចទៅ ដល់ឯងហ្នឹងជាប់ពិរុទ្ធនៅហ្នឹងទៅ។” ចំពោះ សយ មិនចង់ឲ្យចាប់តាម៉ុក ដាក់ឃុំឃាំងយូរទេ និងលែងចង់ឲ្យមានពៀរមានវេរាអីទៅហើយ ព្រោះគាត់ជាអ្នកធ្វើទាន ធ្វើការភាវនា។

ចំណែក ការសម្លាប់មនុស្ស សយ បានឲ្យដឹងថា “អ្នកតូចប្រតិបត្តិតាមផែនការអ្នកលើហើយ ក៏ប៉ុន្តែអ្នកក្រោមនេះ ធ្វើខ្លាំងជាង ដូចថាផែនការម៉ាតឹក មកដល់ក្រោមនេះធ្វើ២ ទៅ៣តឹកហើយ ព្រោះអ្នកដែលអង្គការជ្រើសរើសឲ្យគ្រប់គ្រងគឺអត់ចេះអក្សរទាល់តែសោះ។” ចំពោះតុលាការកាន់ទោះ សយ មិនចង់ឲ្យមានទេ ព្រោះក្នុងគំនិតគាត់មានសន្តិភាពទៅហើយ បើការខុសឆ្គងនោះវាកន្លងផុតទៅ ដូច្នេះការចរចាគ្នាឲ្យត្រូវគឺចប់ហើយ។ អ្នកដែលមានកំហុស ដឹងថាខុសទៅហើយ ដូច្នេះមិនចាំបាច់ចងគំនុំឲ្យវែងឆ្ងាយអីទេចប់ត្រឹមប៉ុណ្ណឹងទៅ។

[1] ឯកសារលេខ TKI0079, សម្ភាសន៍ជាមួយឈ្មោះ ប៊ូ សយ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៣ ដោយអ៊ីសា ឧស្មាន, មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឯកសារលេខ I09714, ប្រវត្តិរូបរបស់ឈ្មោះ ស៊ូ សូត្រ ឈ្មោះប្រែ ស៊ូ ណែម គឺជាគ្រូពេទ្យនៅវិជ្ជាស្ថានជីវសាស្រ្ដ, ឃាត់ខ្លួននៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៦, ដាក់ឃុំឃាំងនៅផ្ទះ០៧ បន្ទប់ធំ១០ មន្ទីរស២១, មជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin