ឮសំឡេងជួងត្រូវរូតរះ ទៅមិនទាន់ដាច់ត្រូវដាច់ពោះ

(ត្បូងឃ្មុំ)៖ ស៊ុន យ៉ុន អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។

នៅឆ្នាំ១៩៧០ យ៉ុន រស់នៅស្រុកមេមត់ ជាមួយឪពុកម្ដាយរបស់គាត់។ យ៉ុន បានចែករំលែកថា នៅចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ គ្រួសាររបស់គាត់ អាចហូបបាយនៅផ្ទះរបស់ខ្លួនឯង មានទ្រព្យសម្បត្តិជាកម្មសិទ្ធិផ្ទាល់ខ្លួន មានស្រែ, ស្រូវ, អង្ករ និងមានគោ។ ចំពោះការសិក្សា យ៉ុន រៀនបានត្រឹមថ្នាក់ទី២ ប៉ុន្តែបានលួចរៀនដោយយកធ្យូងសរសេរលើស្រទាប់ស្លាព្រមជាមួយពន្លឺភ្លើងលឹមៗ ដោយមានឪពុកលួចខ្សឹបបង្រៀនបន្ថែម។

នៅក្នុងរបបខ្មែរក្រហម ឆ្នាំ១៩៧៥ យ៉ុន ស្ថិតនៅក្នុងវ័យកុមារ។ អង្គការបានចាត់តាំង យ៉ុន ឱ្យធ្វើជី ដោយត្រូវកាប់ដើមទន្រ្ទានខេត្តយកមកចិញ្ច្រាំលាយជាមួយលាមកគោ និងលាមកមនុស្ស។ ខ្មែរក្រហមតម្រូវឱ្យប្រជាជនបន្ទោបង់ក្នុងឆ្នាំង ឬវត្ថុដែលអាចត្រងបាននៅតាមផ្ទះ រួចលាយជាមួយផេះ។

ការហូបចុកត្រូវធ្វើឡើងរួមគ្នា ដោយហូបតែបបរជាមួយទឹកអំបិល ហើយម្នាក់ៗទទួលបានតែមួយវែកប៉ុណ្ណោះ។ ពេលអង្គការគោះជួងហៅហូបបបរ ប្រជាជនត្រូវរូតរះទៅ អ្នកដែលទៅមិនទាន់នឹងត្រូវដាច់ពោះ។ ដោយសារតែបញ្ហាកង្វះអាហារ ការចាប់ត្រីក្នុងស្រែយកមកហូបត្រូវអង្គការចាត់ទុកជាជនក្បត់។ យ៉ុន បាននិយាយថា មានពេលមួយម្តាយរបស់គាត់ បានលួចបេះផ្លែត្របែកមួយលាក់ក្នុងចង្កេះខោយកមកផ្ញើកូន ហើយត្រូវឈ្លបចាប់បាន និងហៅគាត់ទៅកសាង។ យ៉ុន បានលួចដើរតាមពីក្រោយម្តាយ ហើយបានឃើញម្តាយលុតជង្គង់យំអង្វរអង្គការ ជាសំណាងល្អឈ្លបមិនបានយកទៅសម្លាប់។

ក្រោយមក ឪពុករបស់យ៉ុន ដែលធ្លាប់ធ្វើជាអនុប្រធានភូមិ បានរត់គេចខ្លួនចូលព្រៃជាមួយម្តាយដើម្បីគេចពីការតាមសម្លាប់របស់ខ្មែរក្រហម។ នៅក្នុងរបបនោះ និស្សិត, បញ្ញវន្ត, អ្នកធ្លាប់បួសរៀន និងអ្នកមានចំណេះដឹង ត្រូវបានខ្មែរក្រហមប្រមូលយកទៅសម្លាប់ចោលទាំងអស់ ពោលគឺទុកតែអ្នកដែលមិនចេះអក្សរឱ្យរស់នៅប៉ុណ្ណោះ។ ការរស់នៅគ្មានការបែងចែកវណ្ណៈនោះទេ គឺស្មើភាពគ្នាទាំងអស់ មិនថាអ្នកមានផ្ទះថ្ម ឬក្បឿងឡើយ ហើយទ្រព្យសម្បត្តិឯកជនដូចជាគោក្របី ត្រូវយកទៅដាក់ជារបស់រួម។ ចំណែកការស្លៀកពាក់ត្រូវតែពណ៌ខ្មៅ សក់ត្រូវកាត់ខ្លី ហើយមិនអនុញ្ញាតឱ្យប្រើសូម្បីតែដង្កៀបគៀបសក់។

នៅក្នុងរបបខ្មែរក្រហម ប្រជាជនមិនអាចសូម្បីតែនិយាយស្តីរកគ្នា បើខ្មែរក្រហមដឹង នឹងយកទៅសម្លាប់ជាក់ជាមិនខាន។ យ៉ុន ធ្លាប់បានឃើញសកម្មភាពសម្លាប់មនុស្សផ្ទាល់ភ្នែកនៅពេលគាត់ទៅមើលក្របី។ នៅពេលមេឃក្ដៅគាត់បានឡើងសម្រាកលើចុងកៅស៊ូ រួចឃើញឈ្លបបណ្តើរមនុស្សយកទៅសម្លាប់នៅព្រៃកៅស៊ូចុងអង្រ្គង ស្ថិតនៅតំបន់កៀនល្មៀត។ ប្រជាជនរងគ្រោះទាំងនោះត្រូវបានឈ្លបដោតខ្សែរឹតបាតដៃជាប់គ្នា។ យ៉ុន បញ្ជាក់ថា គាត់មានអារម្មណ៍ភ័យខ្លាចជាខ្លាំងនៅពេលគាត់ឃើញទិដ្ឋភាពនោះ។ ក្នុងរបបខ្មែរក្រហម យ៉ុន បានបាត់បង់សមាជិកគ្រួសារចំនួន២នាក់ គឺបងប្រុសឈ្មោះ រ័ត្ន យ៉ាន និងបងស្រីឈ្មោះ រ័ត្ន សាម៉ុន។

ការរៀបអាពាហ៍ពិពាហ៍ត្រូវធ្វើឡើងជាលក្ខណៈសមូហភាពម្តង៣០គូ និថត្រូវមានការឯកភាពពីអង្គការទើបអាចរៀបការបាន មិនអាចធ្វើតាមអំពើចិត្តឡើយ។ ចំពោះបញ្ហាសុខភាព អង្គការមានពេទ្យមើលថែទាំ ប៉ុន្តែថ្នាំមិនសូវសម្បូរឡើយ មានតែថ្នាំដែលផ្សំឡើងពីឫសឈើ ឬថ្នាំអាចម៍ទន្សាយ។

រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះ ប្រជាជនមួយចំនួនបានរត់ចូលព្រៃហើយស្លាប់បាត់បង់ជីវិត និងអ្នកខ្លះទៀតបានរត់រួចត្រឡប់ទៅស្រុកកំណើត។ ពេលធ្វើដំណើរត្រឡប់ទៅភូមិកំណើតវិញ ចាស់ជរាត្រូវរែកអីវ៉ាន់យ៉ាងកម្សត់។ នៅតាមផ្លូវ ចាស់ជរាដែលដើរលែងរួចត្រូវគេទុកចោលឱ្យដាច់ខ្យល់ស្លាប់។ នៅតាមដងផ្លូវ ប្រជាជនបានប្រទះឃើញជង្រុកស្រូវដែលបោះបង់ចោល ទើបនាំគ្នាយកស្រូវទាំងនោះដាក់ក្នុងក្រណាត់ ហើយបុកនៅក្នុងរណ្ដៅសម្រិតយកអង្ករដាំបាយហូប។  យ៉ុន បាននិយាយពេលគាត់ធ្វើដំណើរមកដល់ខេត្តកំពង់ចាម អណ្តូង និងទន្លេពេញទៅដោយឈាម និងសក់មនុស្ស រកទឹកផឹកគ្មានឡើយ។

យ៉ុន បានអះអាងថា នៅពេលគាត់ត្រឡប់ដល់ស្រុកកំណើត ទ្រព្យសម្បត្តិ និងផ្ទះសំបែងរបស់គាត់បានក្លាយជាកម្មសិទ្ធិអ្នកដែលមកដល់មុន៕

សម្ភាសន៍ដោយ៖ ឈើន ស្រីល័ក្ខ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin