“ខ្ញុំអត់ភ្លេចទេ!”

សុខ សុវណ្ណ រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ សុខ សុវណ្ណ ភេទប្រុស មានអាយុ ៦១ឆ្នាំ និងរស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សុវណ្ណ មានឪពុកឈ្មោះ សា សុខ, ម្ដាយឈ្មោះ ចក់ ឡុង និងមានបងប្អូនចំនួនប្រាំពីរនាក់។ នៅពេលរំឭកពីរបបខ្មែរក្រហម សុវណ្ណ បាននិយាយថា “របបខ្មែរក្រហម ខ្ញុំអត់ភ្លេចទេ!”។

កាលពីកុមារភាព សុវណ្ណ ដែលមានអាយុ ៦ឆ្នាំ បានចូលរៀននៅសាលាវត្តកោះ។ ក្រោយមក សុវណ្ណ បានចូលរៀនរយៈពេលមួយឆ្នាំនៅសាលាវត្តអង្គ។ នៅឆ្នាំ១៩៧០ សុវណ្ណ បានឈប់រៀន ដោយសារវត្តអង្គត្រូវបានប្រើប្រាស់ជាបន្ទាយទាហាន លន់ នល់។ នៅឆ្នាំ១៩៧១ សុវណ្ណ បានឃើញកងទ័ពខ្មែរក្រហមនៅភូមិសរមាំង ជិតវត្តខ្ពប ធ្វើដំណើរទៅវាយទាហាន លន់ នល់ នៅបន្ទាយវត្តអង្គ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សុវណ្ណទៅរស់នៅភូមិព្រៃក្មេង ឃុំជាំសង្កែ ខេត្តកំពង់ស្ពឺ។ រយៈពេលបីខែក្រោយមក ម្ដាយរបស់សុវណ្ណ ដែលមានជំងឺគ្រុនចាញ់បានស្នើសុំខ្មែរក្រហមមករស់នៅភូមិចែងមែង ជិតភូមិព្រៃទទឹង។ ខ្មែរក្រហមបានចាត់ទុក សុវណ្ណ ជាប្រជាជនថ្មី និងចាត់តាំងឲ្យគាត់ដែលមានអាយុប្រហែល ១៥ឆ្នាំ ធ្វើការក្នុងកងចល័ត។ នៅទីនោះ ប្រជាជនចាស់ធ្វើជាមេក្រុម និងមេកង។ គណៈឃុំឈ្មោះ តាឆេស និងគណៈស្រុកត្រពាំងរកាឈ្មោះ តាសំបួរ ដែលជិះម៉ូតូប្រភេទសេដេ ពណ៌ក្រហម និងមានស្ពាយកាំភ្លើងអាកាមួយដើម ជាអ្នកគ្រប់គ្រង។

ជារៀងរាល់ថ្ងៃ សុវណ្ណ ត្រូវរែកដី, លើកទំនប់ និងជីកប្រឡាយ​ដែលមានទទឹង៥ម៉ែត្រ តាំងពីនៅវត្តអង្គមេត្រី, ភូមិកំពង់ត្រាំ, ភូមិព្រៃខ្លា, វត្តយសមេត្រី រហូតទៅដល់ភូមិព្រែកតាហោ។ នៅរដូវវស្សា សុវណ្ណ ត្រូវធ្វើស្រែ ចំណែកនៅរដូវប្រាំង គាត់ត្រូវជីកប្រឡាយដោយប្រើតែចបជីកប៉ុណ្ណោះ។ ក្នុងមួយថ្ងៃ សុវណ្ណ ហូបអាហារពីរពេល ដោយក្នុងមួយពេល គាត់ហូបបបរ ឬបាយមួយវែក។ សុវណ្ណ និយាយថា រយៈពេលពីរខែបន្ទាប់ពីរដូវច្រូតកាត់រួច ទើបមានបាយសម្រាប់ហូប។ ទោះបីជាយ៉ាងណាក៏ដោយ សុវណ្ណ ក៏មិនហ៊ានលួចហូបនោះទេ។ អ្នកដែលលួចហូបដំឡូង, អំពៅ ឬល្ពៅ ត្រូវបានខ្មែរក្រហមចាប់ចង, វាយដំ និងយកទៅកសាង ហើយអ្នកដែលត្រូវកសាងនៅលើកទី៣ ឬឈ្លោះជាមួយប្តីប្រពន្ធ នឹងត្រូវខ្មែរក្រហមបញ្ជូនទៅមន្ទីរឃុំឃាំងនៅវត្តត្នោត។

សុវណ្ណ ថាប្រជាជនថ្មី ភាគច្រើនដែលមកពីឃុំព្រៃពួច គឺកម្រមានជីវិតត្រលប់មកវិញណាស់។ នៅវត្តត្នោត ខ្មែរក្រហមបានចាប់អ្នកទោសឃុំនៅក្នុងចេតិយ។ ក្នុងមួយចេតិយ មានអ្នកទោសចំនួនបីទៅបួននាក់ ដោយមានដាក់ខ្នោះដែក។ អ្នកទោសត្រូវទៅធ្វើការដូចជាកាប់ដី, ដាំបន្លែ, រែកទឹក និងស្រោចគល់ដូង។ សុវណ្ណ និយាយថា ខ្មែរក្រហមបានកាប់ដើមដូងនោះ ហើយបន្សល់តែគល់ប៉ុណ្ណោះ។ ប្រសិនបើអ្នកទោសស្រោចទឹកហើយ តែដើមដូងនៅតែមិនរស់ នោះអ្នកទោសនឹងត្រូវសម្លាប់ដោយឈ្លបវ័យក្មេងដែលមានកាំភ្លើង។

បន្ទាប់ពីកម្មាភិបាលភូមិភាគនិរតីផ្លាស់មកគ្រប់គ្រងនៅភូមិចែងមែង គឺមានការរឹតបន្តឹង ដោយសូម្បីតែកំហុសបន្តិចបន្តួច ក៏ត្រូវយកទៅសម្លាប់ដែរ។ សុវណ្ណ បានស្គាល់បុរសម្នាក់ ឈ្មោះ តាចក់ ត្រូវបានខ្មែរក្រហមសម្លាប់នៅវត្តចែងមែង។ មុនពេលសម្លាប់ ខ្មែរក្រហមបានបញ្ជាឲ្យ តាចក់ ជីករណ្ដៅ ដោះសម្លៀកបំពាក់ចេញទុកតែខោខ្លីប៉ុណ្ណោះ។ ក្រោយមក ខ្មែរក្រហមបានចងស្លាបសេក និងវាយតាចក់នឹងដំបង ហើយកប់គាត់ក្នុងរណ្ដៅនោះ។

ក្រៅពីនេះ សុវណ្ណ បានឃើញទាហាន លន់ នល់ រួមទាំងប្រពន្ធកូនដែលរស់នៅបន្ទាយកោះតេជោ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅមន្ទីរតាអៃ។ សុវណ្ណ បន្ដថា ឈ្លបខ្មែរក្រហមឈ្មោះ តាជា គឺជាអ្នកវាយសម្លាប់។ មុនពេលសម្លាប់ ខ្មែរក្រហមបញ្ជាឲ្យទាហាន លន់ នល់ ដោះសម្លៀកបំពាក់ចេញទុកតែខោខ្លីប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានគាស់យកនិងដុតឆ្អឹងទាំងនោះ ហើយយកមកលាយជាមួយអាចម៍គោ និងដី លាយបញ្ចូលគ្នា​ក្នុងរណ្ដៅមួយដែលមានទំហំ៥ម៉ែត្រ៤ជ្រុង។ ខ្មែរក្រហមបានចាក់កម្ទេចឆ្អឹងនោះចូលប្រហែលកន្លះគីឡូក្រាម ឬ៣ខាំ ហើយឲ្យអ្នកធ្វើជីនោះលិឍ។ ប្រសិនបើជីនោះមានរសជាតិប្រៃ អ្នកធ្វើជីត្រូវថែមទឹក។ ក្រោយមក សុវណ្ណ ត្រូវយកកណ្ដាប់ស្រូវជ្រលក់នឹងជីនោះ ហើយទុករយៈពេលមួយយប់។ ស្អែកឡើង សុវណ្ណ នឹងសមាជិកកងចល័តជាច្រើនរយនាក់ បានយកកណ្ដាប់ស្រូវនោះទៅស្ទូង។

បន្ទាប់ពី សុវណ្ណ ហូបអាហារពេលល្ងាចរួច គឺមានការប្រជុំជីវភាពរយៈពេល១០នាទី។ សមាជិកក្នុងកងចល័តត្រូវទិតៀនគ្នាទៅវិញទៅមក ដោយចោទថាខ្ជិល ឬធ្វើការយឺតជាដើម។ បន្ទាប់មក សុវណ្ណ ត្រូវធ្វើការបន្តរហូតដល់ម៉ោង១០យប់ ទើបគាត់បានសម្រាកក្នុងរោងមួយ ដោយដេកជាជួរ។ នៅពេល សុវណ្ណ មានជំងឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយដែលផ្សំពីឫសឈើសម្រាប់ព្យាបាលប៉ុណ្ណោះ។ ក្នុងរយៈពេលជាងបីឆ្នាំនោះ សុវណ្ណ មិនដែលជួបជុំឪពុកម្ដាយ និងបងប្អូនទេ។ អំឡុងខែភ្ជុំ សុវណ្ណ បានបាត់បង់បងប្រុសម្នាក់ដែលធ្វើការក្នុងកងចល័ត ដោយគាត់បានហែលទឹកមកជួបម្ដាយនៅឃុំព្រៃពួច។ ក្រោយមក សុវណ្ណ ឮដំណឹងថាបងប្រុសត្រូវបានខ្មែរក្រហមសម្លាប់នៅភូមិរកា។

នៅរបបខ្មែរក្រហម សុវណ្ណ បានឃើញមានការរៀបការដោយបង្ខំជាច្រើនគូក្នុងពេលតែមួយនៅរោងជីវភាព។ សុវណ្ណ បន្តថាមានការរៀបការរវាងប្រជាជនចាស់និងប្រជាជនថ្មី ដោយមានការចូលរួមពីមេកង, គណៈឃុំ, និងគណៈស្រុក។ ប្តីប្រពន្ធថ្មីទាំងនោះត្រូវបេ្តជ្ញាចិត្តថានឹងស្មោះចំពោះអង្គការ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុវណ្ណ បានរត់ទៅតាមកងទ័ពខ្មែរក្រហម និងសម្រាកនៅវត្តពោធិ៍មួយយប់។ បន្ទាប់មក សុវណ្ណ បានជួបកងទ័ពវៀតណាម និងរត់មកសម្រាកនៅភូមិកំពង់ត្រាំរយៈពេលបីយប់។ សុវណ្ណ បានឆ្លងមកភូមិចែងមែងនិងជួបម្ដាយរបស់គាត់វិញ។ រយៈពេលកន្លះខែក្រោយមក សុវណ្ណ បានផ្លាស់មករស់នៅភូមិប្រាំបីមុមរហូតមកទល់សព្វថ្ងៃ។ នៅឆ្នាំ១៩៨៤ សុវណ្ណ បានរៀបការនិងមានកូនចំនួនបីនាក់៕

សម្ភាសដោយ​ ថន ពុធដារ៉ូ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin