ជីវិត និងការតស៊ូ

(ខេត្តស្វាយរៀង) ប៉ុក សារ៉ន កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៩ (អាយុ៦៥ឆ្នាំ)ក្នុងភូមិអន្លង់ស្ពាន ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ សារ៉ន ជាកូនទី៣ ក្នុងចំណោមបងប្អូន ៥នាក់ (ស្រី ២នាក់) ដែលមានឪពុកឈ្មោះ ម៉ុក ជុំ និងម្តាយ ឈ្មោះ កៅ ទឹម។ សារ៉ន រៀនបានថ្នាក់ទី១១ ក្នុងសម័យសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន សារ៉ន គឺជាកសិករ រស់នៅក្នុងភូមិទួលទ្រា ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នៅក្នុងរបបខ្មែរក្រហម ជាដំបូងឡើយអង្គការបានចាត់តាំងឲ្យ សារ៉ន ធ្វើជាគ្រូពេទ្យនៅឃុំស្វាយចេក ស្រុករំដួល បន្ទាប់មកផ្លាស់ទៅឃុំស្វាយយា ស្រុកស្វាយជ្រំ បានរយៈពេលជាង ១ឆ្នាំ។ ក្រោយមកអង្គភាពរបស់សារ៉ន ត្រូវបានរំសាយ ហើយគាត់ត្រូវបានជម្លៀសទៅកាន់តំបន់ដីក្រហម ស្ថិតក្នុងឃុំនារាធរ។ បន្ទាប់មក សារ៉ន ត្រូវធ្វើដំណើរតាមកាណូតពីឃុំនារាធរ ឆ្ពោះមកកាន់ស្ពានជ្រោយចង្វារ រួចបន្តដំណើរតាមរថយន្តចូលមកទីក្រុងភ្នំពេញ ដើម្បីសម្រាកមួយយប់ ទើបធ្វើដំណើរបន្តទៅកាន់ខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃបន្ទាប់។
ពេលទៅដល់ខេត្តពោធិ៍សាត់ ចំពេលរដូវប្រមូលផល អង្គការបានចាត់តាំង សារ៉ន ឲ្យចុះច្រូតស្រូវជាមួយកងចល័តនារី។ ទីកន្លែងស្នាក់នៅរបស់សារ៉ន គឺស្ថិតនៅតាមមាត់ស្ទឹង ចំណែកឯការងារវិញ គឺត្រូវប្រមូលថ្មចេញពីការដ្ឋានជីកប្រឡាយ «ឈើក្រម» នៅខាងត្បូងខេត្តពោធិ៍សាត់។ សារ៉នបានរំឮកថា ការងារប្រមូលថ្មនេះគឺជាការងារធ្ងន់ធ្ងរ និងលំបាកខ្លាំងជាងការងារដែលគាត់ធ្លាប់ធ្វើនៅខេត្តស្វាយរៀងឆ្ងាយណាស់។ នៅក្នុងរបបខ្មែរក្រហមដដែលនោះ បងប្រុសរបស់សារ៉ន ត្រូវបានឈ្លបខ្មែរក្រហមចាប់ឃុំខ្លួន និងសម្លាប់ចោលនៅក្នុងខេត្តពោធិ៍សាត់។
ក្រោយពេលរបបខ្មែរក្រហមត្រូវបានដួលរលំ សារ៉ន បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ សារ៉ន ត្រូវធ្វើដំណើរដោយថ្មើរជើងទាំងក្ដីទុក្ខសោក និងការឈឺចាប់ដោយសារពងបែកជើង ព្រមទាំងត្រូវទូលសម្ភារនៅលើក្បាលអស់រយៈពេលប្រមាណ ១ខែ។ នៅពេលមកដល់ខេត្តស្វាយរៀង សារ៉ន បានជួបអ្នកស្គាល់គ្នាម្នាក់រស់នៅភូមិទួលទ្រា ឃុំស្វាយធំ ហើយក៏បានស្នាក់នៅទីនោះតែម្ដង ដោយសារនៅភូមិកំណើតរបស់គាត់នៅសេសសល់គ្រាប់មីនច្រើន។
សារ៉ន បានតស៊ូចិញ្ចឹមជីវិតដោយការសុំគ្រាប់ពូជស្រូវ និងគ្រាប់ពោតពីអ្នកភូមិដើម្បីដាំដុះបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ប៉ុក សារ៉ន កំពុងមានជំងឺប្រចាំកាយគឺ ជំងឺក្រពះពោះវៀន និងជំងឺងងឹតភ្នែក៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

