ឪពុកម្តាយបាត់ដំណឹងនៅខេត្តពោធិ៍សាត់

(ខេត្តស្វាយរៀង) សោម សារ៉ាំ មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារ៉ាំ មានឪពុកឈ្មោះ សោម ចេស និងម្ដាយឈ្មោះ លាក់ ជឹម។ កាលពីកុមារភាព សារ៉ាំ រៀនសូត្របានត្រឹមថ្នាក់ទី៣ ក្នុងសម័យសង្គមរាស្ត្រនិយម។

ចំពោះរឿងរ៉ាវដែលសារ៉ាំ ចងចាំមិនអាចបំភ្លេចបានក្នុងរបបប៉ុលពត គឺការធ្វើការងារគ្មានពេលសម្រាក ហួសកម្លាំង និងគ្មានអាហារបរិភោគគ្រប់គ្រាន់។ ការងាររបស់សារ៉ាំរួមមាន ឃ្វាលគោ សម្អាតទ្រុងគោ រើសអាចម៍គោ និងគាស់គល់ឈើធំៗ។ ឪពុកម្ដាយ និងបងប្អូនរបស់សារ៉ាំ ត្រូវបានបំបែកឱ្យរស់នៅផ្សេងគ្នា ដោយខ្មែរក្រហមតម្រូវឱ្យគាត់រស់នៅក្នុងកងចល័តនារីឆ្ងាយពីគ្រួសារ។ នៅពេលដែលសមាជិកគ្រួសារស្លាប់ ប្រធានកងចល័តនារីមិនអនុញ្ញាតឱ្យគាត់ដឹង ឬទៅមើលសពឡើយ។ រីឯរបបអាហារវិញ សារ៉ាំ ទទួលបានគឺមិនគ្រប់គ្រាន់ជាហេតុធ្វើឱ្យគាត់ត្រូវលួចបេះស្លឹកឈើ និងផ្លែឈើព្រៃដើម្បីបរិភោគបន្ថែម​។

នៅចុងរបបខ្មែរក្រហម សារ៉ាំ ត្រូវបានជម្លៀសឱ្យទៅរស់នៅឯខេត្តពោធិ៍សាត់។ នៅទីនោះការងាររបស់សារ៉ាំ ត្រូវជីកទំនប់ និងធ្វើស្រែ ហើយរបប​អាហារនៅវិញកាន់តែតាមមានសភាពខ្វះខាតជាងនៅខេត្តស្វាយរៀង។ នៅខេត្តពោធិ៍សាត់ឪពុកម្តាយរបស់សារ៉ាំ ត្រូវបានខ្មែរក្រហមនាំយកទៅរៀនសូត្រហើយបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ក្នុងរបបខ្មែរក្រហមសារ៉ាំ បានដឹងថាមានការលុបបំបាត់សាសនាទាំងស្រុងព្រោះនៅតំបន់ដែលគាត់រស់នៅឈ្លបខ្មែរក្រហមបានប្រើប្រជាជនឱ្យបំផ្លិចបំផ្លាញវត្តអារាមព្រះពុទ្ធបដិមាករ និងបានយកបរិវេណវត្តធ្វើជាកន្លែងចិញ្ចឹមសត្វ។ នៅខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមត្រូវបានដួលរលំ សារ៉ាំ បានធ្វើ​ដំណើរ​ត្រឡប់ពីខេត្តពោធិ៍សាត់មកស្រុកកំណើតវិញ។ នៅតាមផ្លូវ សារ៉ាំ បានប្រទះឃើញសាកសពជាច្រើនដែលទើបនឹងសម្លាប់ថ្មី នៅតាមផ្លូវ​ធ្វើដំណើរ​។ បច្ចុប្បន្ន សារ៉ាំ ជាកសិករ រស់នៅឃុំអង្គប្រស្រែ និងមានជំងឺប្រចាំកាយដូចជា ជំងឺក្រពះ ជំងឺភ្នែកដុះកន្ទុយថ្លែន ព្រមទាំងជំងឺសន្លាក់ដៃជើង និងឆ្អឹងខ្នង​៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin