កងចល័តឃុំស្វាយធំ

(ខេត្តស្វាយរៀង) ទួន អូន មានអាយុ ៧៧ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អូន មានឪពុកឈ្មោះ សុខ ណន ម្តាយឈ្មោះ ទួន ឃុត ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ (ស្រី ២នាក់)។

កាលពីកុមារភាព អូន រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម (សង្គមចាស់)។ អូន បានរៀបរាប់ថានៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតំណែង ហើយ លន់ នល់ បានឡើងកាន់កាប់អំណាច។ ក្នុងរបប លន់ នល់ អូន បានរៀបការ និង​សម្រាលបានកូនម្នាក់។ នៅក្នុងភូមិមានចលនាប្រឆាំងនឹងការដឹកនាំរបស់ លន់ នល់ ហើយមានប្រជាជនមួយចំនួនបានចាកចេញពីភូមិទៅចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហម។ នៅពេលនោះ តែងតែមានសង្គ្រាមប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងយោធាខ្មែរក្រហមជាញឹកញាប់​។ អូន បានរត់គេចពីសង្គ្រាមដោយនាំកូនតូចទៅពួននៅក្នុងរណ្តៅត្រង់សេជារឿយៗ។ ចំពោះការហូបចុកវិញ ពេលខ្លះ អូន និងគ្រួសារ បានយកម្ហូបអាហារទៅហូបនៅក្នុងរណ្តៅត្រង់សេ ប៉ុន្តែមានអាហារហូបចុកគ្រប់គ្រាន់។

នៅខែមេសា ឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមឡើងកាន់អំណាច អង្គការបានចាប់ផ្តើមប្រមូលទ្រព្យសម្បត្តិ មាស ប្រាក់ លុយកាក់ គោក្របី និងសម្ភារផ្សេងៗទៀតរបស់ប្រជាជនយកមកទុកក្នុងសហករណ៍សម្រាប់ប្រើប្រាស់រួម។ អូន ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យបុកស្រូវសម្រាប់ផ្គត់ផ្គង់ផ្ទះបាយរួម។ អង្គការបានកំណត់ឱ្យ អូន បុកស្រូវមួយថ្ងៃឱ្យបានបីតៅ។ នៅពេលព្រឹក អូន ត្រូវទូលស្រូវយកទៅហាល ហើយនៅពេលថ្ងៃត្រង់ត្រូវប្រមូលស្រូវមកបុកនឹងត្បាល់ រួចរែង និងកើបប្រមូលយកទៅឱ្យចុងភៅ។ ក្រៅពីការងារបុកស្រូវ អូន ក៏ត្រូវជីកប្រឡាយនៅតំបន់ស្វាយចេកផងដែរ។ ក្នុងក្រុមជាមួយអូន មានសមាជិកកងចល័តចំនួន ១០នាក់ ត្រូវជីកប្រឡាយតាំងពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១១ ទើបសម្រាកហូបបាយថ្ងៃត្រង់ បន្ទាប់មកចូលធ្វើការពីម៉ោង ១រសៀល រហូតដល់ល្ងាច។ របបអាហារដែលអង្គការផ្តល់ឱ្យ អូន ហូបគឺក្នុង ១ថ្ងៃត្រឹមតែ ២ពេលប៉ុណ្ណោះ គឺថ្ងៃត្រង់ និងល្ងាច ដោយទទួលបានរបបបាយឬបបរចំនួន ២វែក ក្នុង ១ថ្ងៃ។ អូន ត្រូវសម្រាកនៅក្នុងកងចល័តនារីដោយបែកពីប្ដី និងកូន ហើយនៅថ្ងៃខ្លះគាត់ត្រូវសម្រាកនៅការដ្ឋានជីកទំនប់ប្រឡាយផ្ទាល់តែម្តង។ ប្ដីរបស់អូន ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យភ្ជួររាស់ដីនៅក្នុងកងភ្ជួរ។ នៅរដូវ​វស្សា អូន ត្រូវទៅដកស្ទូងរហូតដល់ភូមិស្វាយ, ភូមិពពារ និងភូមិក្រាំងលាវ។

នៅក្នុងរបបខ្មែរក្រហម អូន ធ្លាប់ឃើញឈ្លបលុបបំបាត់សាសនា តាមរយៈការវាយបំផ្លាញព្រះវិហារ និងព្រះពុទ្ធបដិមា នៅក្នុងវត្តអារាម។ ព្រះសង្ឃត្រូវបានចាប់ផ្សឹក សាលាឆាន់ត្រូវបានរុះរើយកឈើមកសង់ជាសហករណ៍ ឬជង្រុកស្រូវ។ នៅចុងឆ្នាំ១៩៧៨ នៅពេលរបបខ្មែរក្រហមជិតដួលរលំ អូន បានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារតែធ្វើការងារធ្ងន់ធ្ងរ និងហូបអាហារមិនគ្រប់គ្រាន់។ បន្ទាប់មក ក្រោយពីប្រទេសជាតិត្រូវបានរំដោះ អូន បានត្រឡប់​មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន អូន ជាកសិករ រស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ និងមានជំងឺប្រចាំកាយគឺជំងឺរបេង៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin