អនុប្រធានភូមិក្រាំងលាវ រៀបរាប់រឿងរ៉ាវកាលពីរបបខ្មែរក្រហម

(ខេត្តស្វាយរៀង)៖ ហ៊ុយ សាខន មានអាយុ ៧៣ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាខន មានឪពុកឈ្មោះ ហ៊ុយ ហ៊ឹម និងម្តាយឈ្មោះ គល់ វ៉ាន់ ហើយគាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់ (ស្រី ៥នាក់)។ សាខន រៀនបានថ្នាក់ទី៨ នាសម័យសង្គមរាស្ត្រនិយម ហើយបច្ចុប្បន្នប្រកបរបរជាអនុប្រធានភូមិក្រាំងលាវ។
ក្នុងឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមឡើងកាន់អំណាច សាខន ត្រូវបានជ្រើសរើសឱ្យទៅធ្វើការងារនៅកន្លែងនេសាទត្រី ស្ថិតនៅខេត្តកណ្តាល រយៈពេលប្រមាណមួយខែទើបបញ្ជូនត្រឡប់មកស្រុកស្វាយជ្រំវិញ។ ពេលមកដល់ស្រុក សាខន បានឃើញស្ថានភាពរស់នៅរបស់ប្រជាជនចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុង ដោយប្តូរពីលក្ខណៈឯកជនទៅជាសមូហភាពទាំងការស្នាក់នៅ ការហូបចុក និងការធ្វើការងារ។ សាខន អង្គការបានតម្រូវឱ្យទៅរស់នៅក្នុងសហករណ៍ និងហូបចុកនៅរោងបាយរួម។ ក្រោយមកគាត់ទទួលដំណឹងថាសមាជិកគ្រួសាររបស់បងប្រុសចំនួន ២គ្រួសារ ត្រូវបានជម្លៀសទៅខេត្តកំពង់ឆ្នាំង និងត្រូវបានសម្លាប់ចោលទាំងអស់។ ចំពោះការងារនៅក្នុងកងចល័តវិញ អង្គការបានតម្រូវឱ្យគាត់បុកស្រូវដោយកំណត់ឱ្យបាន ៦ ទៅ ៧តៅ ក្នុងមួយថ្ងៃ។ ចំណែកឯនៅរដូវវស្សា គាត់និងកងចល័តត្រូវដកនិងស្ទូងសំណាបឱ្យបាន ១ហិកតា ក្នុងមួយថ្ងៃ។ ដោយសារតែរបបអាហារខ្វះខាត ហ៊ុយ សាខន ស្ទើរតែគ្មានកម្លាំងបុកស្រូវ និងស្ទូងសំណាបនោះទេ ប៉ុន្តែដោយសារខ្លាចអង្គការនាំយកទៅសម្លាប់ គាត់បានស៊ូទ្រាំធ្វើការងាររហូតទាល់តែគ្រប់តាមផែនការកំណត់។ បន្ទាប់មក ហ៊ុយ សាខន ត្រូវបានអង្គការបញ្ជូនទៅស្រុករមាសហែក ដើម្បីជីកប្រឡាយ។ ការងារជីកប្រឡាយនៅពេលនោះមានភាពលំបាកខ្លាំង ព្រោះជាដីនារដូវប្រាំងខ្វះខាតទឹក ដែលធ្វើឱ្យដីមានសភាពរឹងខ្លាំង។
នៅក្នុងរបបខ្មែរក្រហម សាខន ក៏បានឃើញការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ផងដែរ ជាពិសេសគឺការបំផ្លាញព្រះវិហារ និងសាលាឆាន់ពីសំណាក់ឈ្លបនៅវត្តស្វាយធំ។ ចំណែកឯការរៀបការវិញ ហ៊ុយ សាខន ឃើញខ្មែរក្រហមបង្ខំយុវជន-យុវនារី នៅក្នុងសហករណ៍ឱ្យរៀបការជាមួយគ្នា ទាំងដែលពួកគេមិនដែលស្គាល់គ្នាពីមុនមក។ ការរៀបការម្តងៗ មានចំនួនចាប់ពី ១០គូ រហូតដល់រាប់រយគូក៏មាន។ ពិធីនោះមិនមានភ្លេងបុរាណ ឬមានវត្តមានឪពុកម្តាយទាំងសងខាងចូលរួមឡើយ គឺអង្គការគ្រាន់តែឱ្យសាមីខ្លួនអង្គុយតម្រៀបជាជួរ និងឡើងប្តេជ្ញាចិត្តម្តងម្នាក់ៗនៅចំពោះមុខអង្គការជាការស្រេច។ នៅពេលរបបខ្មែរក្រហមជិតដួលរលំ សាខន ត្រូវបានជម្លៀសទៅតំបន់ទួលល្ហុង។ រស់នៅទីនោះបានមិនប៉ុន្មាន គាត់ក៏បានត្រឡប់មកជួបជុំនៅស្រុកកំណើតវិញ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំដោយកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាម។ បច្ចុប្បន្ន សាខន ប្រកបរបរជាកសិករ និងជាអនុប្រធានភូមិក្រាំងលាវ ហើយគាត់មានជំងឺប្រចាំកាយដូចជា ជំងឺខ្សោយបេះដូង ជំងឺឫសដូងបាត និងជំងឺភ្នែកដុះកន្ទុយថ្លែន៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

