ទៀង រុន៖ កាត់ទោសអ្នកលួចដំឡូងមួយមើមដោយការបាញ់សម្លាប់

ខ្ញុំមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង នៅពេលដែលបានឃើញអង្គការបាញ់សម្លាប់ក្មេងម្នាក់នៅមុខមនុស្សជាច្រើនរយនាក់ រួចយកខ្សែទាក់កអូសសាកសពយកទៅបោះចោលក្នុងព្រៃ ដោយគ្រាន់តែកុមារម្នាក់នោះលួចដំឡូងមួយមើមហូប។ មូលហេតុដែលក្មេងនោះលួចអាហារ ព្រោះអង្គការបានបង្ខំឲ្យក្មេងៗដូចជាខ្ញុំធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលអង្គការផ្ដល់ឲ្យគឺបបររាវពីរពេល ហើយនៅពេលខ្វះស្បៀងខ្លាំង គឺកាត់បន្ថយនៅសល់តែមួយដងនៅពេលយប់។
ទៀង រុន អាយុ៦០ឆ្នាំ រស់នៅភូមិក្ដុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់រុន គឺជាប្រជាជនថ្មី ជម្លៀសចូលទៅរស់នៅភូមិក្ដុល ក្នុងឆ្នាំ១៩៧៥។ នៅក្នុងសហករណ៍ អង្គការបានចាត់ទុកប្រជាជនថ្មីជាទាសករណ៍ដាច់ថ្លៃ និងមិនមានសិទ្ធិអ្វីទាំងអស់។ ម៉្យាងវិញទៀត ប្រជាជនថ្មី ត្រូវប្រឈមមុខទៅហ្នឹងការយកទៅសម្លាប់ នៅពេលដែលប្រព្រឹត្តកំហុសបន្តិចបន្តួច ឬលួយហូបដំណាំនៅក្នុងផ្ទះរបស់ខ្លួនឯង។ ជាក់ស្ដែង ឪពុកម្ដាយរបស់រុន បានស្លាប់ដោយសារការអត់អាហារ ហើយបងប្អូនរបស់គាត់ត្រូវបានអង្គការហៅឲ្យទៅដាំដូងប៉ុន្តែការពិតចាប់យកទៅសម្លាប់។
ចំពោះ រុន មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គការបានបញ្ជូនគាត់ចូលទៅរស់នៅ និងធ្វើការនៅក្នុងកងកុមារ។ ជាញឹកញាប់ រុន និងកុមារទាំងអស់ តែងតែជម្លៀសទៅធ្វើការបោចស្មៅ រែកដី និងលើកប្រឡាយ នៅក្បែរសហករណ៍ និងនៅក្នុងស្រុកអង្គបូរី ជាប់ព្រំដែនវៀតណាម។ នៅក្នុងកងកុមារ រុន ត្រូវធ្វើការងារធ្ងន់ៗតាមការចាត់តាំងរបស់អង្គការ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺ២ដងប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយក្នុងម្ដងៗគាត់ទទួលបានត្រឹមបបររាវ៣វែក។ ប៉ុន្តែនៅពេលដែលខ្វះស្បៀងខ្លាំង រុន និងកុមារទាំងអស់ទទួលបានអាហារតែម្ដងគត់ គឺនៅពេលយប់។ ការលំបាកខាងលើនេះហើយបានធ្វើឲ្យរូបរាងកាយរបស់ រុន ស្គមស្គាំង ហើយជើងរបស់គាត់ហើមខ្លាំងដោយសារកខ្វះជាតិអំបិល។
ថ្ងៃមួយមានកុមារម្នាក់ដែលធ្វើការងារជាមួយរុន បានលួចដំឡូងមួយមើមហូប។ ប៉ុន្តែជាអកុសល កងឈ្លបបានមកទាន់ និងបានហៅប្រជាជនទាំងអស់ដែលមានចំនួនប្រមាណ៥០០នាក់ធ្វើការងារក្បែរនោះឲ្យមកចូលរួមមើលការកាត់ទោសក្មេងនោះ។ បន្ទាប់ពីមានការជួបជុំគ្នា អង្គការបានបាញ់សម្លាប់កុមារម្នាក់នោះនៅមុខមហាជន រួចយកខ្សែទាក់កអូសយកទៅបោះចោលក្នុងព្រៃ។ អំឡុងពេលកាត់ទោស ប្រជាជនមិនអាចយំ ឬបិទភ្នែកមិនហ៊ានមើលនោះទេ ព្រោះអង្គការចង់គំរាមដល់អ្នកផ្សេងទៀត កុំឲ្យយកតម្រាប់តាម។ ពេលឃើញដូច្នេះ រុន មានការតក់ស្លុតយ៉ាងខ្លាំង និងធ្វើឲ្យគាត់ភ័យខ្លាចអង្គការយកទៅសម្លាប់បន្តទៀត។ ការភ័យខ្លាចនេះបានធ្វើឲ្យ រុន ស្រមើប្រមៃ និងយល់សុបិនឃើញអង្គការសម្លាប់ខ្លួនជាញឹកញាប់។
នៅចុងឆ្នាំ១៩៧៨ រុន បានឲ្យដឹងថា អង្គកាសម្លាប់មនុស្សកាន់តែខ្លាំងឡើង ហើយប្រជាជនត្រូវរត់ភៀសខ្លួនជាបន្តបន្ទាប់ ដើម្បីគេចខ្លួន។ ចំណែក រុន បានរត់ភៀសខ្លួនទៅរស់នៅសែនព្រះរាម រួចបន្តទៅដល់ស្រែននោង ទើបរបបខ្មែរក្រហមដួលរលំ។ ក្រោយរបបខ្មែរក្រហម រុន បានទៅមើលតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់នៅតែមានការឈឺចាប់ ព្រោះសាច់ញាតិរបស់គាត់ជាច្រើននាក់ត្រូវបានអង្គការចាប់យកទៅសម្លាប់ដូចសត្វមាន់ សត្វទា ប៉ុន្តែមេដឹកនាំខ្មែរក្រហមបានទទួលការកាត់ទោសនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។
បើទោះបីជារបបខ្មែរក្រហម កន្លងផុតជាយូរ ការឈឺចាប់បានបន្តស្ថិតនៅក្នុងចិត្តរបស់ រុន និងបានធ្វើឲ្យគាត់មានជំងឺប្រចាំកាយមួយចំនួនដូចជា ជំងឺសន្លាក់ដៃ-ជើង ជង្គង់, ក្រពះពោះវៀន, លើសឈាម និងឡើងជាតិអាស៊ីត។ ដើម្បីព្យាបាលជំងឺ រុន បានប្រើប្រាស់ថ្នាំពេទ្យ និងដាំទឹកស្លឹកគ្រៃហូបបន្ថែម។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

