រស់នៅក្នុងមណ្ឌលកុមារភូមិបានយ

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំរស់នៅក្នុងមណ្ឌលកុមារភូមិ និងធ្វើការសម្អាតកន្លែងស្នាក់នៅបន្តិចបន្តួច។ ចំពោះការហូបអាហារ អង្គការផ្ដល់ឲ្យមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែម្ដាយរបស់តែងតែលួចផ្ដល់អាហារមកបន្ថែមទៀត ទើបខ្ញុំមិនអត់ឃ្លាន។
ទិត សារឿន អាយុ៥១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារឿន ត្រូវចាកចេញពីគ្រួសារទៅធ្វើការងារ និងរស់នៅក្នុងមណ្ឌលកុមារ។ នៅទីនោះ ក្មេងៗត្រូវសម្រាកជាជួរ និងគ្មានការមើលថែស្អាតបាតនោះទេ ដោយភួយដែលកុមារដណ្ដើមបានយកមកដណ្ដប់មានខ្លិនឆ្អេះទឹកនោម និងមិនគ្រប់គ្រាន់ទេ។ ថ្ងៃមួយ សារឿន បានលួចរត់ចេញពីកងកុមារត្រលប់ទៅផ្ទះ ព្រោះគាត់នឹកម្ដាយខ្លាំងពេក ប៉ុន្តែប្រធានកងបានទៅចាប់ សារឿន មកកងវិញទាំងយប់ដើម្បីដាក់ទោសនៅក្នុងកង។ ចំពោះឪពុកម្ដាយ អង្គការបានធ្វើការស្ដីបន្ទោស និងហាមឃាត់មិនឲ្យផ្ដល់អាហារដល់កូនហូបនៅពេលរត់មកផ្ទះ។
នៅក្នុងមណ្ឌល សារឿន និងកុមារទាំងអស់ត្រូវក្រោកពីព្រលឹម ដើម្បីសម្អាតរោង ឬគ្រែដែលសម្រាក ព្រោះក្មេងៗបានបន្ទោរបង់ ឬជុះនោមប្ដេសផ្ដាស់ពេញនោះ។ បន្ទាប់ពីសម្អាតរួច សារឿន អាចរត់លេងធម្មតាជាមួយកុមារផ្សេងទៀត ដើម្បីរងចាំឲ្យដល់ម៉ោងហូបអាហាររួមគ្នា។ នៅពេលហូបអាហារ សារឿន និងកុមារទាំងអស់ត្រូវកាន់ចានរបស់ខ្លួនទៅតម្រង់ជួរ ដើម្បីរងចាំទទួលបបរប្រមាណ២វែកពីអង្គការ ហើយអាហារដែលគាត់ទទួលបានគឺហូបមិនគ្រប់គ្រាន់នោះទេ។ ដើម្បីចម្អែតក្រពះ សារឿន បានលួចហូបស្ងោរផ្ទីជាមួយអំបិលបន្តិចបន្តួចនៅកន្លែងចិញ្ចឹមជ្រូក ឬហូបនំរសជាតិប្រៃតិចៗដែលម្ដាយរបស់គាត់លួចធ្វើ ដោយគ្រឿងផ្សំបានមកពីការលួចយកកន្ទក់ ឬចុងអង្ករ នៅពេលម្ដាយរបស់គាត់ធ្វើការបុកស្រូវក្នុងសហករណ៍។ ក្រៅពីនេះ ម្ដាយរបស់សារឿន បានលួចទុកកាកបបររបស់គាត់យកទៅដាំលាយជាមួយបន្លែ រួចទុកឲ្យសារឿន និងកូនរបស់គាត់ម្នាក់ទៀតឈ្មោះ សារ៉ន ហូបបន្ថែម។
នៅឆ្នាំ១៩៧៩ អំឡុងពេលមានការផ្ទុះអាវុធ សារឿន និងគ្រួសារបាននាំគ្នារត់ទៅលាក់ខ្លួននៅព្រៃជើង រហូតដល់ស្ងប់ស្ងាត់ទើបត្រលប់មកផ្ទះវិញ។ បន្ទាប់មក នៅពេលមានការផ្ទុះអាវុធខ្លាំងម្ដងទៀត គ្រួសាររបស់សារឿន បានជិះរទេះភៀសខ្លួនចេញពីភូមិ ទៅលាក់ខ្លួននៅចន្លោះខាងកើតភ្នំជីសូរ និងខាងលិចភ្នំចំបាប់។ នៅពេលធ្វើដំណើរ គ្រួសារសារឿន មានការភ័យខ្លាចខ្លាំងណាស់ ព្រោះមានគ្រាប់បែកផ្លោងធ្លាក់ក្បែរៗកង់រទេះ និងជិតកន្លែងដែលគាត់លាក់ខ្លួន។ បន្ទាប់មក នៅពេលដែលស្ថានភាពស្ងប់ស្ងាត់ ទើបគ្រួសាររបស់ សារឿន បានត្រលប់មកផ្ទះវិញ តាមទួលរលក វត្តអង្គអណ្ដែត។
ក្រោយមក សារឿន បានដឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ពេញចិត្តចំពោះការកាត់ទោសនេះណាស់ ព្រោះអង្គការបានធ្វើបាបប្រជាជនខ្លាំងណាស់។ មួយវិញទៀត សារឿន ចង់ឲ្យមានការចងក្រងឯកសារ, បង្កើតកន្លែងរក្សាទុកឯកសារ និងអប់រំក្មេងជំនាន់ក្រោយឲ្យដឹងពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម ដើម្បីការពារកុំឲ្យរបបអាក្រក់មួយនោះត្រលប់មកវិញម្ដងទៀត។
នៅពេលផ្ដល់បទសម្ភាសន៍ សារឿន មានជំងឺក្រពះពោះវៀន, ចុកដៃជើង និងឈឺចង្កេះ។ ដើម្បីព្យាបាលជំងឺ សារឿន បានទៅទិញថ្នាំពីពេទ្យឯកជនយកមកលេប។ មួយវិញទៀត សារឿន នៅតែមានអារម្មណ៍ភ័យខ្លាចរបបខ្មែរក្រហម ហើយគាត់បានយល់សុបិនឃើញប្រធានក្រុមវាយធ្វើបាបគាត់នៅក្នុងមណ្ឌល។ ជាចុងក្រោយ សារឿន ចង់ឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើយ៉ាងណាការពារកុំឲ្យរបបខ្មែរក្រហមត្រលប់មកវិញម្ដងទៀត។
សម្ភាសន៍ដោយ៖ គ្រី ភាព ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

