ជីវិតឆ្លងកាត់សង្គ្រាម និងការបង្ខំធ្វើពលកម្មក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) នេត យុត មានអាយុ ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យុត មានឪពុកឈ្មោះ នេត យ៉ាន់ និងម្តាយឈ្មោះ ខៀវ គៀវ ហើយគាត់ជាកូនទី៦ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧នាក់ (ស្រី ២នាក់)។ កាលពីកុមារ​ភាព យុត រៀនសូត្របានថ្នាក់ទី៥ ក្នុងសម័យសង្គមរាស្ត្រនិយម។

យុត បានរៀបរាប់ប្រាប់ថា កាលពីសម័យសង្គមរាស្ត្រនិយម ជីវភាពរស់នៅរបស់ប្រជាជនមានភាពសុខសាន្ត ធូរធារ និងសម្បូរសប្បាយណាស់។ លុះដល់ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ។ ពេលរបប លន់ នល់ ឡើងកាន់កាប់អំណាច ប្រទេសជាតិចាប់ផ្តើមធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម ធ្វើឱ្យប្រជាជនរស់នៅក្នុងភាពភ័យខ្លាច និងត្រូវរត់គេចពីគ្រាប់កាំភ្លើង ដោយសារការវាយប្រយុទ្ធគ្នារវាងចលនាបដិវត្តន៍ខ្មែរក្រហម និងទាហាន លន់ នល់។ នៅក្នុងសម័យសង្គ្រាមនោះ គ្រួសាររបស់យុត បានឆ្លៀតពេលធ្វើស្រែចម្ការបានខ្លះៗនៅពេលស្ងប់ស្ងាត់ការប្រយុទ្ធ ដោយទទួលបានទិន្នផលច្រើន អាចហូបចុកគ្រប់គ្រាន់ ហើយការធ្វើពលកម្មទៀតសោតក៏គ្មានការបង្ខិតបង្ខំ ឬគាបសង្កត់ពីអាជ្ញាធរណាមួយឡើយ គឺមានតែការលំបាកក្នុងការរត់គេចពីគ្រាប់ផ្លោងតែប៉ុណ្ណោះ។ នៅឆ្នាំ១៩៧១ យុត បានរៀបការសាងគ្រួសារជាមួយនារីម្នាក់រស់នៅក្នុងភូមិជាមួយគ្នា។ បន្ទាប់ពីរៀបការរួច យុត បានទៅចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហម ដោយបានចូលព្រៃម៉ាគីដើម្បីធ្វើការហ្វឹកហាត់ ប៉ុន្តែមិនបានចេញទៅប្រយុទ្ធនៅសមរភូមិឡើយ រហូតទល់តែរបប លន់ នល់ ត្រូវបានដួលរលំនៅក្នុងឆ្នាំ១៩៧៥ ហើយរបបខ្មែរក្រហមបានឡើងកាន់អំណាចទាំងស្រុង។

នៅពេលខ្មែរក្រហមឡើងកាន់កាប់អំណាច អង្គការបានចាប់ផ្តើមប្រមូលមាសប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ និងសម្ភារទាំងអស់របស់ប្រជាជន សូម្បី​តែផ្ទះសម្បែងរបស់យុត នៅភូមិអង្គឫស្សីត្រូវបានឈ្លបរុះរើយកដែរ។ ចំណែកឯស្រូវអង្ករ សម្ភារប្រើប្រាស់ រួមទាំងសត្វពាហនៈ និងមាន់ទា ក៏ត្រូវបានឈ្លបប្រមូលយកទៅដាក់នៅក្នុងសហករណ៍ ដើម្បីធ្វើជារបស់រួមទាំងអស់។ ចំពោះរបបអាហារវិញ ដំបូងឡើយ គណៈឃុំអនុញ្ញាតឱ្យហូបចុកតាមគ្រួសារជាធម្មតា ប៉ុន្តែក្រោយមក ក៏ចាប់ផ្តើមបង្ខំឱ្យហូបរួមគ្នានៅតាមរោងបាយសមូហភាព ដោយក្នុងមួយថ្ងៃអ្នកទទួលខុសត្រូវខាងរោងបាយអនុញ្ញាតឱ្យហូបចុកតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ នៅក្នុងមួយពេលៗ អ្នកទទួលខុសត្រូវខាងរោងបាយចែករបបអាហារឱ្យហូបត្រឹមតែមួយកូនចានចង្កឹះប៉ុណ្ណោះ ដែលជាបរិមាណតិចតួចបំផុតធ្វើឱ្យបរិភោគពុំបានឆ្អែតឡើយ។ ចំពោះការងារ យុត ត្រូវបានអង្គការចាត់តាំងឱ្យទៅជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែជាក្រុម ដោយក្នុងមួយក្រុមមានសមាជិកចំនួន ១០នាក់។ មេកងបានកំណត់ផែនការការងារឱ្យម្នាក់​ៗ​​លើកដីឱ្យបានប្រវែង ១០ម៉ែត្រ ដូចនេះក្នុងមួយក្រុមត្រូវធ្វើឱ្យបាន ១០០ម៉ែត្រក្នុងមួយថ្ងៃ ដោយត្រូវតម្រង់ភ្លឺស្រែឱ្យត្រង់ជួរត្រឹមត្រូវតាមបច្ចេក​ទេស​។ ចំពោះការងារជីកប្រឡាយវិញក៏ដូចគ្នាដែរ គឺត្រូវជីកឱ្យមានជើងទេរ និងមានជម្រៅទៅតាមការកំណត់របស់មេកង។ យុត បានបញ្ជាក់បន្ថែម​ថា ចំពោះការងារត្រូវធ្វើដាច់ខាតទៅតាមផែនការ ទោះបីជាត្រូវធ្វើទាំងយប់ ឬមានជំងឺឈឺកាត់យ៉ាងណាក៏ត្រូវតែបង្ខំចិត្តធ្វើដែរ។ ក្រៅពីនេះ យុត ត្រូវអង្គការតម្រូវឱ្យទៅភ្ជួររាស់ដីជាក្រុមៗ ដោយដំបូងឡើយកំណត់ផែនការភ្ជួរតិចតួច ប៉ុន្តែក្រោយមក មេកងតម្រូវឱ្យភ្ជួររាស់ឱ្យបាន ៥ហិក​តា​ក្នុងមួយថ្ងៃ សម្រាប់ក្រុមដែលមានសមាជិក ១០នាក់។ យុត បានបញ្ជាក់ទៀតថា ប្រសិនបើចំខែដាស់ដី គឺគ្រាន់តែភ្ជួររាស់ធម្មតា ប៉ុន្តែបើដល់រដូវស្ទូង គឺត្រូវភ្ជួរផង និងរាស់ផង។ បន្ទាប់ពីចប់ការងារភ្ជួររាស់ យុត ត្រូវទៅចូលរួមស្ទូងស្រូវជាមួយកងចល័តនារីទៀត។ លុះដល់រដូវប្រមូលផល យុត ត្រូវមេកងចាត់តាំងឱ្យទៅច្រូតស្រូវ រួចដឹកជញ្ជូនយកមកបោកបែន ចំណែកការងារបុកស្រូវវិញ គឺមេកងចាត់តាំងក្រុមនារីៗជាអ្នកធ្វើ។ នៅរដូវ​ប្រាំង មេកងបានចាត់តាំង យុត ឱ្យទៅអូសត្រីសម្រាប់ផ្គត់ផ្គង់រោងបាយរួម។ ចំពោះការធ្វើទារុណកម្ម និងការសម្លាប់ យុត បានឃើញផ្ទាល់ភ្នែកចំនួនពីរដង៖ លើកទីមួយ គឺនៅពេលដែលកំពុងស្ទូងស្រូវ ស្រាប់តែឃើញកងឈ្លបមកចាប់ចងសមាជិកកងចល័តម្នាក់យកទៅបាត់ ដោយមិនដែលឃើញត្រឡប់មកវិញឡើយ។ លើកទីពីរ គឺបានឃើញសមាជិកកងចល័តត្រូវឈ្លបចាប់ចងឱ្យដេកនឹងដី រីឯអ្នកខ្លះទៀតដែលត្រូវឃុំខ្លួននៅក្នុងគុក គឺត្រូវបានគេបណ្តើរយកទៅធ្វើការងារធ្ងន់ៗទៅតាមការចាត់តាំងយ៉ាងតឹងរ៉ឹងរបស់មេកង។

នៅឆ្នាំ១៩៧៨ ពេលដែលរបបខ្មែរក្រហមជិតដួលរលំ យុត ត្រូវបានជម្លៀសរហូតទៅដល់តំបន់ទួលល្ហុង ហើយនៅទីនោះ ប្រទេសជាតិត្រូវបានវាយរំដោះរួចរាល់។ យុត ក៏បានធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញ និងបានចាប់ផ្តើមប្រកបរបរធ្វើស្រែបង្វាស់ដៃ ដើម្បីចែកទិន្នផលសម្រាប់ចិញ្ចឹមជីវិតរហូតមកដល់បច្ចុប្បន្ន។ សព្វថ្ងៃ យុត គឺជាកសិករ រស់នៅក្នុងភូមិអង្គឫស្សី ឃុំស្វាយធំ និងមានជំងឺប្រចាំកាយគឺ ជំងឺរលាកសួត ដែល​បណ្តាលឱ្យគាត់ឧស្សាហ៍មានអាការហត់អស់កម្លាំង។

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin