ឡុង ប៉ិច៖ ក្នុងអាពតនឿយណាស់ គ្មានពេលទំនេរទេ

នៅក្នុងសម័យខ្មែរក្រហម​ ខ្ញុំគឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែដោយសារតែគ្រួសាររបស់ខ្ញុំមានជីវភាពធូរធារកាលពីសង្គមចាស់ ទើបអង្គការជម្លៀសខ្ញុំ និងគ្រួសារឲ្យទៅធ្វើការងារឆ្ងាយៗគ្មានពេលសម្រាក និងហូបអាហារមិនបានគ្រប់គ្រាន់។

ឡុង ប៉ិច អាយុ៦៤ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ប៉ិច មានបងប្អូន៩នាក់ ហើយគាត់ត្រូវរស់នៅជាមួយបងតាំងពីក្មេង ព្រោះឪពុកម្ដាយរបស់គាត់បានស្លាប់នៅក្នុងសម័យ លន់​ នល់។ ចូលដល់សម័យខ្មែរក្រហម ប៉ិច គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែដោយសារជីវភាពគ្រួសាររបស់គាត់ធូរធារទើបអង្គការមិនសូវទុកចិត្ត ហើយត្រូវបញ្ជូនឲ្យទៅធ្វើការងារធ្ងន់ៗ ហត់នឿយនៅទីកន្លែងឆ្ងាយៗ។ ចំពោះប្រជាជនក្នុងភូមិដែលមានជីវភាពក្រីក្រ ឬមិនចេះអក្សរទាល់តែសោះអង្គការបានបញ្ជូនឲ្យទៅធ្វើការងារស្រាលៗដូចជានៅក្នុងការស៊ីនបាយ(រោងបាយ) រែកបាយ ឬធ្វើជាប្រធានកង និងមានសិទ្ធច្រើនជាងប្រជាជនធម្មតា។

ជាក់ស្ដែងបងរបស់ប៉ិចមួយគ្រួសារត្រូវបានអង្គការជម្លៀសចេញពីភូមិ និងបាត់តាំងដំណឹងរហូតមក។ ប៉ិច គិតថាគ្រួសាររបស់បងគាត់ ត្រូវបានអង្គការហៅយកទៅសម្លាប់ទាំងអស់ ព្រោះអ្នកដែលអង្គការហៅទៅដាំដូង ឬទៅកសាងគឺត្រូវបាត់ខ្លួន និងស្លាប់ដែរ។ ចំណែក ប៉ិច ត្រូវបានអង្គការ បញ្ជូនគាត់ចូលក្នុងកងចល័តនារី ដែលមានសមាជិកប្រមាណ៥០នាក់។ នៅក្នុងក្រុមកងចល័ត អង្គការបានបែងចែកនារីជាក្រុមតូចៗចំនួន១០ ទៅ១២នាក់ ក្នុងមួយក្រុមបន្ថែមទៀត សម្រាប់ធ្វើការងារ រែកអាចម៍គោ កាប់ស្លឹកឈើ,ធ្វើជី ធ្វើស្រែ ស្ទូង ច្រូត, ដក បោចស្មៅ, ធ្វើស្រែប្រាំង ជាន់រហាត់ទឹក, ជីកប្រឡាយ និងលើកទំនប់ នៅម្ដុំភ្នំជីសូរ,កោះព្នៅ, កោះរូប និងកោះស្នាយ។

ក្នុងចំណោមការងារទាំងអស់ខាងលើ ប៉ិច ចងចាំជាងគេគឺការធ្វើជី ព្រោះគាត់ត្រូវដើរប្រមូលលាមកមនុស្ស លាមកគោ​ ដីដំបូក និងកាប់ស្លឹកទន្ទ្រានខែត្រយកទៅចិញ្ចាំឲ្យល្អិត រួចយកមកចាក់ជាមួយគ្នាដោយប្រើដៃផ្ទាល់កូរល្បាយបញ្ជូលគ្នា។ អំឡុងពេលកូរលាមក ដៃរបស់ប៉ិច ឡើងក្រហម និងមានលាមកប្រលាក់ពេញខ្លួនប៉ុន្តែគាត់មិនអាចបដិសេធមិនធ្វើការងារនេះបាន។ បន្ទាប់មក ប៉ិច និងក្រុមរបស់គាត់ត្រូវយកសំណាបទៅជ្រលក់ក្នុងជីនោះ រួចបីជាប់ខ្លួនចុះទៅស្ទូងក្នុងស្រែរហូតដល់រួចរាល់តាមការកំណត់។

ជារៀងរាល់ថ្ងៃ ប៉ិចត្រូវធ្វើការងារហត់នឿយ និងស្ទើរតែគ្មានពេលសម្រាក់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺ បាយទន់ៗមួយវែក ដួសដាក់ក្នុងស្មុក ធ្វើពីស្លឹកត្នោត ហូបជាមួយសម្លព្រលឹតរួមមួយចានហូបគ្នា១០នាក់។ នៅពេលខ្វះស្បៀងខ្លាំង អង្គការបានយកបន្លែព្រលឹតទៅដាក់លាយជាមួយបបរតែម្ដង ទើបដួសចែកប្រជាជន។ ការហូបអាហារនេះគឺខ្វះខាតខ្លាំងណាស់ ព្រោះគ្មានសូម្បីចាន និងស្លាបព្រាសម្រាប់ចែកឲ្យប្រជាជនដាក់អាហារ ហើយប៉ិច និងប្រជាជនត្រូវទៅកាប់ស្លឹកត្នោត យកមកធ្វើស្លាបព្រា និងធ្វើស្មុកដាក់បបរដោយខ្លួនឯង។

ក្រៅពីការលំបាកខាងលើ សម្លៀកបំពាក់គឺជាបញ្ហាមួយទៀតសម្រាប់ប៉ិច ព្រោះគាត់មានតែខោអាវមួយបម្លាស់ប៉ុណ្ណោះសម្រាប់ស្លៀកប្រចាំថ្ងៃ ហើយនៅពេលមានរហែក គាត់ត្រូវដើររកសាច់ក្រណាត់មកប៉ះដោយខ្លួនឯង។ ប៉ិច បានបន្តថា សូម្បីតែម្ជុលដេរខោអាវ និងអំបោះ ក៏មិនមានឲ្យប្រើប្រាស់ដែរ ដូច្នេះគាត់ត្រូវត្បិតត្បៀតរក្សាទុកនៅពេលដែលមានម្ជុលមួយ និងត្រូវដើររកដើមម្នាស់មកកូតយកសរសៃមកដេរដែរ។ ចំណែកឡេវអាវ ប៉ិច ត្រូវយកកាដុងទឹកសុទ្ធមកកាត់ ហើយចោះរុន ទើបអាចយកទៅដេរភ្ជាប់សាច់ក្រណាត់បាន។

ការលំបាកខាងលើនេះ បានធ្វើឲ្យ ប៉ិច ចងចាំ និងមានអារម្មណ៍ឈឺចាប់ជាប់ជានិច្ចបើទោះបីជារបបខ្មែរក្រហមបានកន្លងផុតទៅជាយូរ។ លើសពីនេះទៅទៀត ប៉ិច បានរៀបរាប់រឿងរ៉ាវទាំងអស់របស់ខ្លួនប្រាប់ទៅកូនចៅជំនាន់ក្រោយរបស់គាត់ ប៉ុន្តែកូនចៅគាត់ហាក់មិនសូវជឿជាក់ជាមួយការរៀបរាប់នេះ។ នៅពេលផ្ដល់បទសម្ភាសន៍ ប៉ិច មានជំងឺខ្សោយបេះដូង, ខ្លាញ់រំបេះដូង, ខ្លាញ់រុំសរសៃឈាម, ស្រវាំងភ្នែក, វិលមុខ, ឈឺក្បាល, រលាកក្រពះ និងសន្លាក់។ ដើម្បីព្យាបាលជំងឺ ប៉ិច បានទៅទិញថ្នាំពីពេទ្យនៅអង្គតាសោម យកមកលេបជាប្រចាំ រួមជាមួយការប្រើប្រាស់ថ្នាំខ្មែរហូបបន្ថែម។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin