ជាងដំដែកសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អ៊ឹម សេក អាយុ៩៣ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សេក មានកូន៦នាក់ ស្រី៣នាក់ ស្លាប់ក្នុងរបបខ្មែរក្រហម ២នាក់។

ក្នុងរបបខ្មែរក្រហម សេក ត្រូវបានជម្លៀសជាញឹកញាប់ៗពីឃុំមួយទៅមួយក្នុងខេត្តស្វាយរៀង បន្តដល់ស្រុកបាភ្នំ ខេត្តព្រៃវែង និងខេត្តពោធិ៍សាត់។ ដោយសារ សេក ចេះជំនាញដំដែក គាត់ត្រូវបានប្រើឲ្យធ្វើកំាបិត ពូថៅ ជបជីក និងរបស់របរប្រើប្រាស់ផ្សេងៗទៀតដែលធ្វើពីដែក។ សេក រៀបរាប់ថា ការងារនេះលំបាកខ្លាំងសម្រាប់គាត់ ព្រោះគាត់ធ្វើការមិនបានសម្រាកគ្រប់គ្រាន់ និងលំបាកទ្រាំកំដៅភ្លើងខ្លាំងៗ។ គាត់ត្រូវធ្វើការពីម៉ោង៤ព្រឹក រហូតដល់បាយថ្ងៃត្រង់ និងបន្តធ្វើដល់យប់ទើបបានសម្រាក។

បើទោះបីជា សេក បំរើការងារឲ្យខ្មែរក្រហមបានយ៉ាងច្រើនក៏ដោយ ក៏គាត់មិនទទួលបានការទុកចិត្តពីសំណាក់ខ្មែរក្រហមដែរ ដោយសារតែគាត់ជាប្រជាជនថ្មី ជម្លៀសមកពីភូមិភាគបូព៌ាជាប់ខ្សែស្រឡាយជនក្បត់។ សេក ទទួលបានរបបអាហារមិនគ្រប់គ្រាន់។ សេក និយាយថាមានក្រុមយុវជនដែលធ្វើការងារជាមួយគាត់ ដោយសារតែហូបមិនឆ្អែតបានទៅលួចអង្ករនៅរោងបាយ ត្រូវទាហានខ្មែរក្រហមចាប់បានយកទៅសម្លាប់ចោល។

ឆ្នំា១៩៧៥ ពេលខ្មែរក្រហមទទួលបានជ័យជំនះលើរបប លន់ នល់ សេក បានឃើញគេចាប់ផ្សឹកព្រះសង្ឃតាមវត្តនានាក្នុងឃុំកំពង់អំពិល និងប្រើឲ្យទៅធ្វើស្រែចម្ការ ដូចប្រជាជនដទៃទៀត ហើយក៏មានសកម្មភាពវាយកម្ទេចព្រះវិហារ និងវាយព្រះពុទ្ធបដិមាករ និងបល្ល័ង្កដើម្បីយកដែកផងដែរ។ ចំណែកឯបរិវេណវត្តត្រូវបានប្រើជាមន្ទីរសន្តិសុខ កន្លែងរោងបាយរួមសហករណ៍ កងកុមារ កន្លែងស្តុកអង្ករ ស្រូវ អំបិល និងប្រើប្រាស់ជាកន្លែងសម្រាប់ចាស់ៗ ដែលមិនអាចធ្វើការងារធ្ងន់បានអង្គុយត្បាញកន្ទេល និងក្រងស្បូវជាដើម។

សេក ក៏បានឃើញពិធីរៀបការដោយបង្ខំនៅតាមរោងបាយជាញឹកញាប់ ការរៀបការនៅពេលនោះមានចាប់ពី ២០គូ រហូតដល់ជាង ១០០គូ ក៏មានដែរ។

នៅខេត្តពោធិ៍សាត់ សេក និងប្រជាជនជម្លៀសពីភូមិភាគបូព៌ាដទៃទៀតត្រូវបានធ្វើប្រវត្តិរូបជារឿយៗ។

“ខ្មែរក្រហមមិនទុកចិត្តប្រជាជនខ្លួនឯងទេ គេតែងតែនាំយកទៅសម្លាប់ឲ្យតែមានការសង្ស័យ ខ្មែរក្រហមស៊ូសម្លាប់ខុស មិនទុកឲ្យរស់ខុសទេ”។

សេក រៀបរាប់ថា ប្រជាជនគឺរស់ដើម្បីស្លាប់ ម្នាក់ៗមិនដឹងថាថ្ងៃស្អែកបានរស់ឬយ៉ាងណាទេ ទោះបីជាសមាជិកគ្រួសារ ឈឺ ស្លាប់ ឬត្រូវបានគេយកទៅសម្លាប់ក៏គាត់ និងប្រជាជនដទៃមិនហ៊ានសួរនាំដែរ។ កូនៗពីរនាក់របស់ សេក ត្រូវបានខ្មែរក្រហមសម្លាប់។

សេក បានឃើញខ្មែរក្រហមប្រើប្រជាជនឲ្យជីករណ្តៅ រួចពេលយប់នាំអ្នកជីកទំាងនោះមកសម្លាប់ដោយវាយនឹងត្បូងចប គល់ឬស្សី ក្មេងៗបោកនឹងគល់ឈើទម្លាក់ចូលក្នុងរណ្ដៅដែលខ្លួនបានជីកកាលពីថ្ងៃ រួចគេលប់រណ្តៅវិញទាំងមនុស្សមួយចំនួនមិនទាន់ស្លាប់។ ការវាយសម្លាប់ម្តងៗមានចំនួនចាប់ពី ១០ ទៅ ២០នាក់ ដោយចងខ្សែពាត់ដៃទៅក្រោយបន្តបន្ទាប់គ្នា និងបិទមុខដោយក្រណាត់ខ្មៅ។ នៅខេត្តពោធិ៍សាត់ សេក ធ្លាប់បានឃើញដោយចៃដន្យកងឈ្លបខ្មែរក្រហមរំលោភនារីស្ថិតនៅកងចល័ត រួចសម្លាប់ចោល។

សេក ក៏ធ្លាប់ឃើញគេចងគ្រូបង្រៀនម្នាក់យកទៅសម្លាប់ ដោយសារមានគេរាយករណ៍ថា គាត់ជាប់ពាក់ព័ន្ធនឹងនិន្នាការរបបចាស់។ លុះដល់ឆ្នាំ១៩៧៩ ពេលប្រទេសកម្ពុជាត្រូវបានរំដោះ សេក បានធ្វើដំណើរពីខេត្តពោធិ៍សាត់ មករស់នៅស្រុកកំណើតឯខេត្តស្វាយរៀង ប្រកបរបបជាជាងដំកាំបិតលក់។

បច្ចុប្បន្ន សេក បានឈប់សម្រាកពីការងារនេះហើយដោយសារតែវ័យចាស់របស់គាត់។ សេក តែងតែនិយាយរឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់ដល់ក្មេងៗជំនាន់ក្រោយ។ សេក បានលើកសរសើរពីសេរីភាព និងសន្តិភាពដែលមាននាពេលបច្ចុប្បន្ននឹងចង់ឲ្យអ្នកជំនាន់ក្រោយចេះថែរក្សាអ្វីដែលមានសព្វថ្ងៃនាពេលនេះ និងចូលរួមទប់ស្កាត់របបខ្មែរក្រហមកុំឲ្យត្រឡប់មកកម្ពុជាសារជាថ្មី។

បច្ចុប្បន្ន សេក ធ្វើដំណើរដោយប្រើឈើច្រត់ដោយសារតែគាត់ឈឺជើង។ គាត់ ក៏មានជំងឺប្រចាំកាយផងដែរដូចជាស្រវំាងភ្លែក និងធ្ងន់ត្រចៀក។

សម្ភាសន៍ដោយ ហម សារឿន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin