ឃើញឈ្លបយកត្បូងចបវាយសម្លាប់មនុស្សក្បែរមាត់អូរ

(ព្រះវិហារ)៖ យឹម សុវណ្ណារិទ្ធ អាយុ៥៩ឆ្នាំ។ សុវណ្ណារិទ្ធ មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំបង្អង់ ស្រុកស្អាង ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្ននៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សព្វថ្ងៃនេះ គាត់មានជំងឺដុះឆ្អឹងខ្នង និងលើសជាតិអាស៊ីត។
មុនថ្ងៃដែលខ្មែរក្រហម ចូលមកកាន់កាប់ សុវណ្ណារិទ្ធ បានធ្វើដំណើរទៅចូលរួមពិធីមង្គលការបងប្រុសរបស់គាត់ នៅស្រុកក្រវ៉ាញ។ នៅយប់ថ្ងៃចូលរោង ខ្មែរក្រហមបានចូលមកដល់ បណ្តាលឱ្យគាត់មិនអាចត្រឡប់ទៅស្រុកកំណើតវិញបានឡើយ។
ក្រោយមក ខ្មែរក្រហមបានជម្លៀស សុវណ្ណារិទ្ធ ចេញពីទីរួមខេត្តឱ្យទៅតាំងទីលំនៅឯស្រុកភ្នំក្រវ៉ាញមានចម្ងាយផ្លូវប្រហែល ៣០គីឡូម៉ែត្រ។ ការធ្វើដំណើរនេះតម្រូវឱ្យដើររយៈពេលប្រហែល ៦ទៅ៧ថ្ងៃ ទើបទៅដល់ទីតាំង។ សុវណ្ណារិទ្ធ ត្រូវសម្រាកតាមព្រៃនិងតាមវាល យប់កន្លែងណាគឺសម្រាកនៅកន្លែងនោះ រហូតដល់ទីតាំងដែលអង្គការបានកំណត់។ នៅពេលដែលទៅដល់ ប្រជាជនទាំងអស់ត្រូវសង់ផ្ទះដោយខ្លួនឯងតាមគ្រួសារនីមួយៗ ត្រូវកាប់ឈើមូលៗចងជាមួយវល្លិ និងត្រូវក្រងស្បូវដើម្បីប្រក់ដំបូល។
ក្រោយមកប៉ុន្មានថ្ងៃ អង្គការតម្រូវឱ្យបំបែកចេញពីគ្រួសារ យុវជនត្រូវនៅផ្សេង យុវនារីត្រូវនៅផ្សេង ហើយកុមារត្រូវនៅផ្សេង។ សុវណ្ណារិទ្ធ បាននិយាយថា ក្រោយពេលបែកពីឪពុកម្តាយ គាត់មិនងាយមានពេលបានទៅលេងសមាជិកគ្រួសារឡើយ។ នៅពេលនោះប្រសិនជាគាត់នឹកដល់គ្រួសារខ្លាំង អាចសុំអង្គការទៅលេងបានមួយយប់ ហើយព្រឹកឡើងត្រូវត្រឡប់មកកងកុមារវិញ។ នៅក្នុងជំរំកងកុមារ គាត់ត្រូវហូបរួមនិងស្នាក់នៅរួមជាមួយកុមារដទៃទៀត។ សុវណ្ណារិទ្ធ ត្រូវបង្ខំឱ្យធ្វើការស្ទើរតែគ្មានពេលសម្រាក ទោះបីជាគាត់មានអាយុត្រឹមតែ១០ឆ្នាំក្ដី។ ការងារដែលគាត់ត្រូវធ្វើមានដូចជា មើលគោ ចាំចាប និងធ្វើជី។
ម៉ោងធ្វើការចាប់ផ្តើមពីម៉ោង ៦ និង៣០នាទីព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ ទើបសម្រាកហូបបបរ។ នៅពេលរសៀល គាត់ត្រូវធ្វើការចាប់ពីម៉ោង១ ដល់ម៉ោង៥ និង៣០នាទី ទើបបានសម្រាក ហើយនៅពេលយប់គាត់ត្រូវ ជាន់ស្រូវ កិនស្រូវ និងបកពោត។ ប្រសិនបើមានកុមារណាធ្វើខុសឬខ្ជិល អ្នកនោះត្រូវធ្វើការទ្វេដងដល់ពេលរួចរាល់ ទើបអាចហូបបបរបាន។ សម្រាប់របបអាហារ ត្រូវហូបបបរលាយជាមួយដំឡូង ហើយមានខែខ្លះគេដាំបាយលាយជាមួយដំឡូងមីហូបជាមួយសម្លរផ្សេងៗ។ នៅខែសម្បូរត្រី ប្រជាជនបានហូបសម្លរជាមួយត្រីនិងសម្លរម្ជូរ។
សុវណ្ណារិទ្ធ បានបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហមជំងឺដែលសម្បូរជាងគេគឺគ្រុនញាក់។ គ្រូពេទ្យព្យាបាលជំងឺដោយប្រើថ្នាំអាចម៍ទន្សាយ ដែលផ្សំឡើងដោយការយកឫសឈើមកកិន ហើយសូនជាដុំមូលៗ។ ថ្នាំខ្លះមានសរសៃឫសឈើ ដែលគ្រូពេទ្យឱ្យទំពាររួចលេបជាមួយទឹក។ ចំពោះការស្លៀកពាក់វិញ អង្គការឱ្យប្រើខោអាវចាស់ៗដែលសល់ពីរបប លន់ នល់ យកមកជ្រលក់ដើមវល្លិម្យ៉ាងដើម្បីឱ្យមានពណ៌ខ្មៅ។ អង្គការមិនអនុញ្ញាតឱ្យប្រើប្រាស់ខោអាវណាដែលមានពណ៌ឬផ្កាឡើយ។ ក្នុងរយៈពេលនោះ សុវណ្ណារិទ្ធ ទទួលបានសម្លៀកបំពាក់ពណ៌ខ្មៅទាំងអាវនិងខោចំនួនតែមួយកំប្លេប៉ុណ្ណោះ។ ចំពោះការរៀបការ បងរបស់ សុវណ្ណារិទ្ធ ចំនួន៣នាក់ត្រូវបានខ្មែរក្រហមរៀបការឱ្យក្នុងរបបនោះ។ អង្គការឱ្យយុវជន និងយុវនារីអង្គុយទល់មុខគ្នា ហើយប្តេជ្ញាចិត្តទទួលយកគ្នាជាប្តីប្រពន្ធរហូតដល់អវសាន ទោះបីជាមិនពេញចិត្តយ៉ាងណាក្ដី។
ក្នុងរបបខ្មែរក្រហម សុវណ្ណារិទ្ធ បានបាត់បង់សមាជិកគ្រួសារជាច្រើន នៅសល់តែម្តាយ ឪពុក និងបងប្រុសម្នាក់ប៉ុណ្ណោះ។ សាច់ញាតិរបស់គាត់ត្រូវបានខ្មែរក្រហមយកទៅរៀនសូត្រ ហើយមិនឃើញត្រឡប់មកវិញឡើយ ព្រោះអ្នកទាំងនោះមានតួនាទីជាទាហាន។ សុវណ្ណារិទ្ធ ធ្លាប់ឃើញខ្មែរក្រហមធ្វើទារុណកម្មលើអ្នកដែលរត់មកពីភូមិដទៃ ត្រូវវាយធ្វើបាបយ៉ាងឃោរឃៅ។ អ្នកខ្លះត្រូវបានឈ្លបយកកាំបិតចាក់រហូតដល់ស្លាប់។ ពេលគាត់ទៅឃ្វាលគោ គាត់ធ្លាប់ឃើញឈ្លបយកត្បូងចបវាយសម្លាប់មនុស្សក្បែរមាត់អូរ។ ក្រោយពេលរំដោះពីរបបខ្មែរក្រហម សុវណ្ណារិទ្ធ បានទៅរស់នៅជាមួយឪពុកម្តាយយ៉ាងមានក្តីសុខឡើងវិញ៕
សម្ភាសន៍ដោយ៖ រស់ សុវណ្ណសុវត្ថិ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

