សួន ផា៖ ប្រជាជនក្នុងភូមិសឹង្ហ ស្លាប់រាប់រយនាក់

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានឃើញអង្គការបណ្ដើរប្រជាជនថ្មី និងប្រជាជនមូលដ្ឋានយកទៅសម្លាប់ទាំងខ្សែៗប្រមាណ៥០០ទៅ៦០០នាក់ ដោយប្រើដងចប គល់ឫស្សី និងភ្លៅរទេះ។ ចំណែកក្មេងតូចៗអង្គការបានបោះឡើងលើ រួចយកជំពុសទុងជាប់ជាមួយកាំភ្លើងចាក់ពីក្រោម។ ក្រៅពីនេះ ប្រជាជនជាច្រើននាក់បានស្លាប់ដោយសារអត់អាហារ ធ្វើការងារធ្ងន់ៗ និងឈឺគ្មានថ្នាំព្យាបាល។
សួន ផា អាយុ៦២ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងភូមិសឹង្ហ អង្គការបានគ្រប់គ្រងប្រជាជន តាំងពីឆ្នាំ១៩៧៣ ដោយមុនដំបូងប្រជាជនត្រូវបានរៀបចំឲ្យធ្វើស្រែប្រវាស់ដៃ។ បន្ទាប់មក អង្គការចាប់ផ្ដើមប្រមូលទ្រព្យសម្បត្តិទាំងអស់ដាក់ជារបស់រួម ហូបអាហាររួមគ្នានៅក្នុងសហករណ៍ និងធ្វើការងារគ្មានពេលសម្រាក់ទាំងយប់ទាំងថ្ងៃ។
នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីក្រុមខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុង ប្រជាជនថ្មីជាច្រើនគ្រួសារ បានជម្លៀសចេញពីទីក្រុងភ្នំពេញ ចូលទៅរស់នៅក្នុងភូមិសឹង្ហ។ ប្រជាជនថ្មីទាំងអស់ មានមួយចំនួនជា ជនជាតិចិន ជនជាតិវៀតណាម និងមានសាច់ញាតិរបស់ផា ឬបងប្អូនផ្សេងទៀតក្នុងភូមិ។ នៅក្នុងសហករណ៍ អង្គការបានរៀបចំឲ្យប្រជាជនថ្មីសម្រាកនៅក្បែរភូមិ និងបែងចែកឲ្យធ្វើការងាររួមគ្នាជាមួយអ្នកមូលដ្ឋាន។ មិនយូរប៉ុន្មាន អង្គការចាប់ផ្ដើមសម្លាប់ប្រជាជនថ្មីជាច្រើនរយនាក់ ដោយគ្រាន់តែប្រព្រឹត្តិកំហុសបន្តិបន្តួច។
ជាក់ស្ដែង ពូរបស់ផា បានលួចទឹកត្នោតហូប ហើយត្រូវបានអង្គការចោទថាជាខ្មាំង និងចាប់យកទៅសម្លាប់ដោយមិនមានការសួរចម្លើយ និងមិនមានអ្នកហ៊ានទៅប្រឆាំងតវ៉ា។ ចំណែកម្ដាយមីងរបស់ផា ដែលមានប្ដីជាជនជាតិចិន ត្រូវបានអង្គការចាប់ចង និងមានបំណងយកទៅសម្លាប់ដូចគ្នា ប៉ុន្តែដោយសារផា បានបដិសេធព្រោះគាត់គឺជាជនជាតិខ្មែរ ទើបបានរួចរស់ជីវិតក្នុងពេលនោះម្ដង។
នៅអំឡុងឆ្នាំ១៩៧៦ ការសម្លាប់ប្រជាជនថ្មីនៅភូមិសឹង្ហ កាន់តែមានចំនួនច្រើនឡើងរហូតដល់អស់ពីសហករណ៍រួចបន្តចោទប្រកាន់ប្រជាជនមូលដ្ឋានដើម្បីបានបញ្ជូនយកទៅសម្លាប់បន្ថែមទៀត។ មុនពេលសម្លាប់ ផា បានឃើញអង្គការចាប់ប្រជាជនចងខ្សែតូចមួយ ឬបណ្ដើរយកទៅសម្លាប់ជាច្រើនដងប្រមាណ៥០០ ទៅ៦០០នាក់។ នៅពេលសម្លាប់មនុស្ស កងឈ្លបបានយក ដងចប ភ្លៅរទេះ គល់ឫស្សីទៅវាយមនុស្សទម្លាក់ក្នុងរណ្ដៅ ហើយក្មេងតូចៗត្រូវបោះឡើងលើរួចយកជំពុសទុងដែលមានជាប់ជាមួយកាំភ្លើងចាក់ពីក្រោម។
ចំពោះប្រជាជនដែលនៅមានជីវិត គឺជួបការលំបាកយ៉ាងខ្លាំង ព្រោះត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែមិនបានអាហារហូបគ្រប់គ្រាន់។ លើសពីនេះទៅទៀត នៅពេលដែលធ្វើការមិនគ្រប់ផែនការ ឬប្រព្រឹត្តកំហុសបន្តិចបន្តួច គឺប្រឈមមុខទៅនឹងអង្គការចាប់យកទៅសម្លាប់ ឬដាក់ពិនិយធ្ងន់ធ្ងរ។ ជាក់ស្ដែង ផា ត្រូវធ្វើការ លើកទំនប់ ជីកប្រឡាយ ទប់ទឹក និងធ្វើស្រែ ដោយគ្មានពេលសម្រាកទាល់តែសោះ ប៉ុន្តែរបបអាហាររបស់គាត់មិនគ្រប់គ្រាន់នោះទេ។ លើសពីនេះ ផា ធ្លាប់ត្រូវបានប្រធានកងដាក់ទោសឲ្យឈរជើងមួយក្នុងទឹកមួយម៉ោងនៅពេលដែលធ្វើការងារមិនបានល្អ។
ផា បានបន្ថែមថា នៅក្នុងសហករណ៍គាត់ទទួលបានអាហារតិចខ្លាំងមែនទែន ដែលជាហេតុធ្វើឲ្យគាត់មិនខ្លាចអង្គការចាប់យកទៅសម្លាប់ដោយធ្វើការលួចរកអាហារហូបបន្ថែមដើម្បីទ្រទ្រង់ជីវិត។ មិនយូរប៉ុន្មាន ផា ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការជីកថ្មព្រែក១៥ នៅភូមិរនាំង ខេត្តកំពង់ស្ពឺ។ នៅការដ្ឋានរែកដី ផា ទទួលបានអាហារហូបគ្រប់គ្រាន់ ប៉ុន្តែការងារគឺធ្ងន់ធ្ងរកាន់តែខ្លាំង ដោយក្នុងមួយថ្ងៃគាត់អាចជីកថ្មបានត្រឹម១៥អម្រែកប៉ុណ្ណោះ។
ក្រោយរបបខ្មែរក្រហម ផា នៅតែនឹកឃើញ ហើយឈឺចាប់ចំពោះរឿងរ៉ាវដែលកើតមានឡើងនៅក្នុងរបបខ្មែរក្រហម និងបានរៀបរាប់ការលំបាករបស់ខ្លួនប្រាប់ទៅកូនចៅជំនាន់ក្រោយរបស់គាត់បន្តទៀត។ នៅពេលផ្ដល់បទសម្ភាសន៍ ផា បានខិតខំរកស៊ី និងមានការហូបចុកគ្រប់គ្រាន់ឡើងវិញ ហើយគាត់ចង់ឲ្យមានការរក្សាទុកឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម និងបង្រៀនឲ្យក្មេងៗបានយល់ដឹង។
សម្ភាសន៍ដោយ៖ ស្រឿន ធារ៉ា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

