រស់នៅក្នុងការរើសអើងព្រោះឪពុកជាជនជាតិវៀតណាម

(ស្ទឹងត្រែង)៖ ភឿក ណុក អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន ណុក រស់នៅក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ណុក មានបងប្អូនចំនួន៤នាក់ គាត់ជាកូនច្បងក្នុងគ្រួសារ។

នៅអំឡុងពេលខ្មែរក្រហមគ្រប់គ្រងអំណាច ណុក មានអាយុ១៨ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំង ណុក ឱ្យធ្វើស្រែចម្ការ។ បន្ទាប់មក ខ្មែរក្រហមតម្រូវឱ្យ ណុក ធ្វើការនៅក្នុងកងចល័ត ដោយត្រូវក្រោកពីសម្រាកនៅម៉ោង២យប់ ដើម្បីរៀបចំចេញទៅធ្វើការ។ គាត់ត្រូវធ្វើការងារតាំងពីព្រលឹមរហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបបានសម្រាក។ ណុក ត្រូវចូលធ្វើការបន្តចាប់ពីម៉ោង២រសៀលរហូតដល់ម៉ោង៦ល្ងាច។ នៅក្នុងកងចល័ត អង្គការបានបញ្ជាឱ្យ ណុក ជីកប្រឡាយ និងរែកដីទប់ទំនប់ជ្រៅៗ។ ពេលខ្លះអង្គការបានបង្ខំឱ្យ ណុក ធ្វើការរហូតដល់ម៉ោង៧ ឬ ម៉ោង៨យប់។

ណុក បាននិយាយថា នៅក្នុងរបបខ្មែរក្រហមពេលហូបបាយមានមនុស្សច្រើនរង់ចាំទទួលរបបអាហារ។ នៅពេលនោះមានមនុស្សមួយចំនួនមិនបានហូបអាហារ ព្រោះទៅមិនទាន់ពេលដែលអង្គការចែក។ របបអាហារប្រចាំថ្ងៃមានតែបបរមួយចានសម្រាប់មនុស្សម្នាក់។ ក្រោយហូបរួច ខ្មែរក្រហមតម្រូវឱ្យធ្វើការបន្តដោយមិនខ្វល់ថាក្មេង ឬ ចាស់ឡើយ។ នៅក្នុងរបបខ្មែរក្រហម ណុក ជួបការលំបាកខ្លាំងដោយសារ ណុក មានឪពុកជាជនជាតិវៀតណាម។ ណុក ត្រូវរស់នៅស្ថិតក្នុងការរើសអើងពីសំណាក់ប្រជាជននៅក្នុងសហករណ៍ជាមួយគ្នាគ្រប់ពេលវេលា។

ណុក បានធ្វើការក្នុងកងចល័ត ក្នុងកងនោះមានសមាជិកប្រហែល១៣នាក់។ ណុក ធ្លាប់បានឃើញទីតាំងដែលខ្មែរក្រហមសម្លាប់មនុស្សនៅក្បែរកន្លែងស្នាក់នៅ នៅតាមព្រៃដើមត្នោត និងបានឃើញរណ្តៅសាកសពនៅតាមភ្លឺស្រែ ព្រមទាំងស្នាមឈាមជាច្រើន។ ណុក បានបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហម យកតែអ្នកមិនចេះអក្សរធ្វើជាអ្នកដឹកនាំ ហើយចាប់អ្នកចេះដឹងទៅឃុំឃាំងក្នុងផ្ទះថ្ម។ ជារៀងរាល់យប់នៅម៉ោង១២រំលងអធ្រាត្រ ឈ្លបតែងតែយកអ្នកចេះដឹងទៅសម្លាប់ម្តង ២ ទៅ ៣នាក់។ ការរស់នៅប្រចាំថ្ងៃពោរពេញដោយភាពភ័យខ្លាច និងភាពអត់ឃ្លាន។ នៅពេលយប់ គ្មាននរណាហ៊ាននិយាយស្តីរកគ្នា ឬចម្អិនអាហារឡើយ ព្រោះមានឈ្លបឃ្លាំមើលជាប្រចាំ។ ប្រសិនបើអង្គការឃើញសកម្មភាពខុសប្រក្រតី ឈ្លបនឹងយកទៅសម្លាប់ចោលភ្លាមៗ។ គាត់បានបន្តថា ចំពោះការសម្អាតខ្លួនប្រាណ គឺត្រូវរង់ចាំដល់រយៈមួយខែទើបអាចងូតទឹកម្តង ព្រោះតែខ្វះខាតទឹក។

ណុក បានប្រាប់ថា នៅចុងឆ្នាំ១៩៧៨ មានកងទ័ពវៀតណាមវាយចូលទឹកដីកម្ពុជា។ នៅពេលនោះស្ថានភាពនៅក្នុងប្រទេសចាប់ផ្ដើមមានភាពចលាចលម្ដងទៀត។ ប្រជាជនជាច្រើនបានរត់ភៀសខ្លួនចេញពីសហករណ៍, ណុក មិនបានរត់ទៅជាមួយនឹងប្រជាជនដទៃឡើយ ព្រោះគាត់ត្រូវមើលថែសាច់ញាតិដែលកំពុងឈឺធ្ងន់។ នៅអំឡុងពេលនោះ មានជនជាតិខ្មែរម្នាក់ចេះនិយាយភាសាវៀតណាម បានសុំថ្នាំពេទ្យមកព្យាបាលសាច់ញាតិរបស់ ណុក ឱ្យបានធូរស្បើយឡើងវិញ។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយ កងទ័ពរណស្សិសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម, ណុក បានរៀបការជាមួយនឹងប្ដីរបស់គាត់។ ពិធីរៀបការនេះរៀបចំដោយចាស់ទុំក្នុងគ្រួសារ ដើម្បីឱ្យ ណុក មានអ្នកការពារមើលថែ។ បន្ទាប់ពីរៀបការរួច ណុក និងប្ដីបានប្រកបរបរធ្វើស្រែចម្ការ ហើយបានរស់នៅជាមួយយ៉ាងមានក្តីសុខរហូតមកដល់បច្ចុប្បន្ន៕

សម្ភាសន៍ដោយ៖ វ៉ា ម៉ារ៉ាឌី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin