ប្រធានក្រុមកងកុមារ

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំចងចាំជាងគេគឺ ភាពនឿយហត់នៅពេលធ្វើជាប្រធានកងកុមារ និងក្មេងម្នាក់ឈ្មោះ សុភណ្ឌ ដែលបានដកកទៅរកអាហារនៅពេលយប់។ ដំបូងឡើយ ខ្ញុំមានការភ័យខ្លាច ប៉ុន្តែដោយសារការអាណិតទើបធ្វើឲ្យខ្ញុំលែងខ្លាច ហើយបានណែនាំឲ្យគាត់ចេញរកស៊ីចំពេលខ្ញុំយាម។ បន្ទាប់ពីខ្មែរក្រហមដួលរលំ ខ្ញុំបានរត់ឡើងលើភ្នំលះបង់។ នៅទីនោះ ខ្ញុំបានឃើញឪពុកម្ដាយបោះបង់ចោលកូនតូចៗ និងមនុស្សស្លាប់ជាបន្តបន្ទាប់ ហើយខ្ញុំផ្ទាល់ស្ទើរតែអស់ជីវិតដូចគ្នា។

ក្រឹង​ នួន[1] អាយុ៥៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម នួន បានចូលធ្វើជាប្រធានក្រុមកងកុមារ តាមការចាត់តាំងរបស់អង្គការ។ នៅក្នុងសហករណ៍ នួន បានដឹងនាំកុមារមូលដ្ឋាន ធ្វើការងារបោសសំរាមតាមផ្លូវក្នុងភូមិ កើបអាម៍គោ និងរៀបចំឲ្យកុមារលាងដៃ ងូតទឹក មុនពេលចូលហូបអាហារក្នុងសហករណ៍ និងចូលទៅសម្រាកនៅក្នុងកង។ ក្នុងពេលជាមួយគ្នា នួន បានឆ្លៀតពេលយកអាហារទៅឲ្យលោកតាឈ្មោះ វង លោកយាយអេង និងម្ដាយធំឈ្មោះ ហន ដែលសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យអកយំ។ ក្រៅពីការងារខាងលើ នួន ត្រូវផ្លាសប្ដូរទៅយាមក្រុមកងកុមារថ្មីប្រមាណ៦០នាក់នៅពេលយប់ ចាប់ពីម៉ោងប្រមាណ១ រហូតដល់ព្រឹកព្រលឹម។

ថ្ងៃមួយនៅពេលដែល នួន ចូលទៅរាប់កុមារនៅក្នុងរោង គាត់បានឃើញក្មេងម្នាក់ឈ្មោះ សុភណ្ឌ ដេកបាត់ក្បាលចេញពីក។ នៅពេលឃើញដូច្នេះ នួន មានការភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែគាត់មិនបានស្រែកឡូឡាធ្វើឲ្យភ្ញាក់ផ្អើលនោះទេ គឺទុកយកទៅពិភាក្សាជាមួយប្រធានរបស់គាត់ម្នាក់ទៀត។ នៅថ្ងៃបន្ទាប់ ប្រធានកងបានប្រាប់ឲ្យ នួន ធ្វើដូចធម្មតា និងបន្តស៊ូទ្រាំធ្វើការងារបន្ថែមទៀត។

បន្ទាប់មកមានប្រធានកងកុមារម្នាក់ទៀតបានមកប្រាប់ នួន ថាកូនក្រុមរបស់គាត់គឺជាអាប ប៉ុន្តែប្រធានម្នាក់នោះមិនបានវាយសម្លាប់នោះទេ ព្រោះមានការយល់មុខដល់នួន។ ពេលឮដូច្នេះ នួន បានទៅហាមឃាត់ សុភណ្ឌ កុំឲ្យចេញទៅរកស៊ីបន្តទៀត នៅពេលដែលគាត់មិនទាន់ចូលដល់ម៉ោងយាម ព្រោះប្រសិនបើជួបអ្នកផ្សេង សុភណ្ឌ នឹងមានគ្រោះថ្នាក់ ឬត្រូវវាយសម្លាប់។ ចាប់តាំងពីពេលនោះមក សុភណ្ឌ លែងហ៊ានចេញរកស៊ីផ្ដេសផ្ដាសបន្តទៀត ហើយនួន ក៏មិនមានអារម្មណ៍ខ្លាចអាបនោះដែរ បើទោះបីជាគាត់ឃើញមនុស្សដេកបាត់ក្បាល ឬដកកក៏ដោយ។

នួន បានសម្គាល់ឃើញថា កុមារដែលជាអាបនោះ មានលក្ខណខុសពីក្មេងដទៃទៀត។ នៅពេលដែលអង្គការកាត់សក់ខ្លីឲ្យក្មេងស្រីទាំងអស់ សុភណ្ឌ បានស្នើសុំកោសក់ចេញ ដើម្បីកុំឲ្យទើសនៅពេលដែលខ្លួនចេញរកស៊ីពេលយប់។ មួយវិញទៀត នួន បានឃើញសុភណ្ឌ មានរូបរាងស្គមស្គាំងខ្លាំង និងមិនបានបរិភោគបបររួមនៅក្នុងរោងបាយទាល់តែសោះ គឺគាត់បានត្រឹមអង្គុយមើលកុមារផ្សេងទៀតហូប ហើយនៅពេល នួន សួរពីមូលហេតុដែលមិនញាំបបរ ក្មេងនោះឆ្លើយថាមិនឃ្លាន។

នួន បានបន្តថាខ្លួនមានការអាណិតកុមារទាំងអស់ណាស់ ដែលមានការអត់ឃ្លាន ហើយគាត់មិនដែលវាយក្មេងៗនោះទេ។ ផ្ទុយទៅវិញ ឈ្មោះ ហា និងប្រធានកងផ្សេងទៀត បានធ្វើការដាក់ទោស និងវាយក្មេងៗដែលធ្វើខុស។ នៅពេលឃើញដូច្នេះ នួន បានស្នើសុំឲ្យប្រធានកងកុមារមានការយោគយល់ដល់ក្មេងដែលអត់ឃ្លាន និងកុំវាយធ្វើបាបបន្តទៀត ព្រោះប្រធានកងទាំងអស់អាចយកបាយពីក្នុងសហករណ៍ទៅហូបនៅកន្លែងរបស់ខ្លួន ជាមួយម្ហូបដែលរកមកធ្វើដោយខ្លួនឯង។ ប៉ុន្តែប្រធានកងកុមារមិនបានស្ដាប់ហតុផលរបស់ នួន នោះទេ ហើយថែមទាំងធ្វើការទិតៀនគាត់នៅពេលមានប្រជុំម្ដងៗ។

ក្រោយមក នៅពេលដែលឃើញ នួន ធ្វើការងារលំបាកពេក យាយឈ្មោះ ហ៊ន បានហៅ នួន ឲ្យទៅជាមួយខ្លួន ដើម្បីធ្វើការងារនៅក្នុងអង្គភាពធំដែលគ្រប់គ្រងដោយតាម្នាក់ឈ្មោះ ចាប។ នៅពេលធ្វើដំណើរតាមផ្លូវ ហ៊ន ត្រូវនាំ នួន ឆ្លងស្ទឹងមួយ​ដោយដៃម្ខាងរបស់គាត់បានចាប់ នួន និងដៃម្ខាងទៀតហែលទឹកទៅត្រើយម្ខាងទៀត។ អំឡុងពេលនៅក្នុងទឹក នួន បានស្រែកយ៉ាងខ្លាំង ព្រោះគាត់មើលទៅ ហ៊ន ស្ទើរតែអស់កម្លាំងក្នុងទឹក និងប្ដូរក្បាច់ច្រមុចទឹកចុះឡើងរហូតដល់នួនឈ្លក់ទឹក។

នៅពេលទៅដល់កន្លែងធ្វើការ ហ៊ន បានប្រាប់អង្គការថា នួន គឺជាបងប្អូនរបស់គាត់ និងបានស្នើសុំឲ្យនាងធ្វើការងារជាមួយគ្នា។ ពេលឮដូច្នេះ កម្មាភិបាលខ្មែរក្រហមបានធ្វើការប្រជុំគ្នា រួចចាត់តាំងឲ្យ ហ៊ន ធ្វើការងារជ្រលក់សម្លៀកបំពាក់ពណ៌ខ្មៅ ហើយនួន ត្រូវកាត់ខោអាវឲ្យបាន៣០សម្រាប់ក្នុងមួយថ្ងៃ។ អំឡុងពេលធ្វើការ នួន បានយកសាច់ក្រណាត់មកកាត់នៅពេលយប់ ទើបទុកពេលព្រឹកឡើងឲ្យ ហ៊ន ជ្រលក់ពណ៌។ បន្ទាប់មក នួន ​ចាប់ផ្ដើមដេរភ្ជាប់គ្នាចាប់ពីម៉ោងប្រមាណ៨ព្រឹករហូតដល់រួចរាល់គ្រប់ចំនួនអង្គការកំណត់៣០សម្រាប់។ នៅឆ្នាំ១៩៧៨ នួន បានផ្លាស់ការងារពីក្រុមដេរ ចូលទៅធ្វើជាប្រធានកងកុមារនៅត្រពាំងរការ និងដឹកនាំកុមារធ្វើការងារដូចពេលមុនទៀត។

រហូតដល់ដើមខែមករា ឆ្នាំ១៩៧៩ អំឡុងពេល នួន ដឹកនាំកុមារកើបអាចម៍គោ ស្រាប់តែមានសម្រែករបស់ប្រជាជន ថាកងទ័ពស្ម័គ្រវៀតណាមបានវាយចូលមកហើយ។ នៅពេលដែលមានភាពចលាចល នួន បានរត់ទៅតាមរទេះយាយ សឿន ចេញពីភូមិ ដោយនៅក្នុងរទេះមានលោកតាចាស់ជរាម្នាក់ឈ្មោះ ប្រាក់ សម្រាកនៅលើនោះ។ នួន បានជិះរទេះអស់រយៈពេលមួយយប់ និងមួយថ្ងៃ ទើបទៅដល់ម្លប់ពោធ៍រៀល ទើបបានសម្រាកនៅទីនោះ។ នៅពោធិ៍រៀល អង្គការបានសម្លាប់សត្វគោមួយ ធ្វើម្ហូបឲ្យប្រជាជនជាច្រើនរយនាក់នៅទីនោះហូប។ បន្ទាប់មក នួន បានជិះរទេះរហូតដល់ភ្នំលះបង់ ទើបនាំគ្នាបោះបង់រទេះចោល ព្រោះត្រូវឡើងភ្នំ។ មុនពេលនៅពេលឡើងភ្នំ នួន បានទៅសុំសេចក្ដីសុខពីតាឈ្មោះប្រាក់ និងបានសុំខមាទោសពីគាត់ ព្រោះខ្លួនមិនអាចនាំយកគាត់ទៅបានទេ ហើយប្រសិនបើ នួន មិនព្រមឡើងភ្នំអង្គការនឹងវាយសម្លាប់គាត់វិញ។

នៅលើភ្នំលះបង់  នួន បានឃើញអង្គការបង្ខំឲ្យឪពុកម្ដាយបោះបង់ចោលកូនរបស់ខ្លួនឲ្យយំនៅតាមផ្លូវជាច្រើននាក់ និងបង្ខំឲ្យធ្វើដំណើរទៅមុខជាបន្តបន្ទាប់ ហើយប្រសិនបើមានអ្នកមិនធ្វើតាម អង្គការនឹងសម្លាប់ចោល។ នួន បានឲ្យដឹងថា ក្មេងៗនោះគួរឲ្យអាណិតខ្លាំងណាស់​ ដោយកុមារមួយចំនួនមានសត្វទាកខាំពេញខ្លួន និងចូលក្នុងត្រចៀកបន្ថែមទៀត។

លុះដល់ពេល នួន ធ្វើដំណើរទៅដល់មុខបន្តទៀត គាត់បានឃើញមនុស្សដេកឈឺស្ទើរតែស្លាប់ និងសាកសពមនុស្សហើមជាច្រើននៅតាមផ្លូវ ។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ នួន បានដឹងថាគ្រួសាររបស់ឈ្មោះងូយ និងគ្រួសាររបស់ថុល បានដេកស្លាប់បន្តគ្នានៅក្នុងព្រៃព្រោះគ្មានអាហារហូប ហើយសាកសពទាំងអស់មានសត្វទាកជាច្រើនខាំ និងចូលត្រចៀក។ ម្យ៉ាងវិញទៀត នួន បានឃើញស្ត្រីពោះធំបង្កើតកូននៅលើភ្នំនោះ ប៉ុន្តែនៅពេលកូនកើតរួចម្ដាយបានបោះចោលកូនឲ្យយំនៅក្នុងព្រៃ ព្រោះអង្គការមិនអនុញ្ញាតឲ្យក្មេងធ្វើដំណើរជាមួយ។

នៅលើភ្នំ នួន​ ស្គាល់តាម្នាក់ឈ្មោះ សឹម  បានយកពងមាន់៣គ្រាប់មកសុំគាត់ធ្វើជាកូនធម៌។ ចាប់តាំងពីពេលនោះមក យនួន លែងបានជួបប្រទះនូវការអត់ឃ្លានបន្តទៀត ព្រោះឪពុកធម៌គាត់បានស្ពាយអង្ករពីរទៃធ្វើដំណើរទៅជាមួយ ហើយក្នុងមួយពេលគាត់យកអង្ករមួយកំប៉ុងប៉ុណ្ណោះសម្រាប់ដាំបបរហូបទាំងអស់គ្នា។ នៅពេលធ្វើដំណើរ នួន និងប្រជាជនទាំងអស់ មានការខ្លាចទាហានស្ម័គ្រចិត្តវៀតណាមខ្លាំងណាស់ ព្រោះឲ្យតែឮថាវៀតណាមជិតមកដល់ម្នាក់ៗខំប្រឹងរត់ឡើងចុះភ្នំកាន់តែលឿនរហូតដល់ស្រុកវាលវែង រួចបន្តទៅដល់ទឹកជ្រោះមួយកន្លែង។

​          នៅកន្លែងទឹកជ្រោះ អង្គការបានបង្ខំឲ្យប្រជាជនតោងខ្សែពួរចុះមកក្រោមបន្តគ្នា ហើយនួន ត្រូវតោងឪពុកធម៌របស់គាត់ចុះពីលើជ្រោះមកមុន ដោយទុកឲ្យប្រពន្ធរបស់គាត់ចាំលើភ្នំ។ នៅពេលរអិលចុះក្រោម នួន ស្ទើរតែតោងឪពុកធម៌របស់គាត់មិនជាប់ ព្រោះទឹកហូបខ្លាំងពេក។ រហូតដល់ពេលចុះចូលក្នុងស្ទឹង ឪពុកធម៌របស់នួន បានហែលទៅរកកន្លែងសុវត្ថិភាព។ នួន បានបន្តថា បើកុំតែបានឪពុកធម៌ជួយគាត់ប្រហែលត្រូវស្លាប់នៅក្នុងព្រៃនោះតែម្ដង ព្រោះអ្នកដែលស្លាប់សារអត់អាហារ និងនៅពេលតោងពួរចុះតាមទឹកជ្រោះមានចំនួនច្រើនណាស់។

នៅពេលមកដល់ក្រោម គ្រួសាររបស់នួន និងប្រជាជនផ្សេងទៀតបានធ្វើដំណើរបន្តទៀតរហូតទៅដល់ភូមិត្បែង។ នៅទីនោះ នួន បានជួបជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាស្រែកហាមឃាតប្រជាជនកុំឲ្យរត់គេចបន្តព្រោះទាហានជាអ្នកនាំត្រលប់ទៅផ្ទះវិញ។ ពេលឮដូច្នេះ នួន មិនបានរត់បន្តទៀតទេ ប៉ុន្តែប្រជាជនមួយចំនួនទៀតដែលមានការភ័យខ្លាចខ្លាំង និងរហ័យរហួនបានបន្តរត់ទៅគេចភ្លាមៗស្ទើរតែអស់ពាក់កណ្ដាល។

នៅតាមផ្លូវធ្វើដំណើរ កងទ័ពវៀតណាមបានចែកអង្ករឲ្យប្រជាជនម្នាក់មួយបេ ព្រមទាំងបានធ្វើការការពារប្រជាជនទាំងយប់ទាំងថ្ងៃ ព្រោះពេលនោះមានយោធាខ្មែរក្រហមចេញមកសម្លាប់ និងកៀរប្រជាជនឲ្យត្រលប់ទៅវិញ។​ បន្ទាប់មក នួន បានធ្វើដំណើរត្រលប់មកផ្ទះវិញ។ បើទោះបីជារបបខ្មែរក្រហមបានកន្លងផុតទៅជាយូរ នួន នៅតែមានអារម្មណ៍ថាខឹង ព្រោះគាត់បានជួបការលំបាកជាច្រើនក្នុងសម័យនោះ។ នៅពេលផ្ដល់បទសម្ភាស នួន បានរៀបរាប់ថា គាត់សុខចិត្តស្លាប់នៅក្នុងផ្ទះ និងមិនរត់ភៀសខ្លួនបន្តទៀតទេ ប្រសិនបើប្រទេសជាតិវិលត្រលប់ទៅរបបខ្មៅងងឹតវិញ។

[1] កិច្ចសម្ភាសន៍ជាមួយឈ្មោះ ក្រឹង នួន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្រី ភាព នៅក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin