មួយថ្ងៃជីកដីឱ្យបាន៥ម៉ែត្រ
(ខេត្តស្វាយរៀង) យូ ម៉ៅ មានអាយុ ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ម៉ៅ មានឪពុកឈ្មោះ យូ យ៉ាក ម្តាយឈ្មោះ ភោគ ណៃ ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ ក្នុងនោះស្រី ៣នាក់។
កាលពីកុមារភាព ម៉ៅ រៀនសូត្របានត្រឹមថ្នាក់ទី១០ នៅក្នុងរបបសង្គមរាស្ត្រនិយម។ ម៉ៅ បានរៀបរាប់ថា នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ និងឡើងកាន់អំណាច។ នៅពេល លន់ នល់ កាន់អំណាច ប្រទេសជាតិចាប់ផ្តើមមានសង្គ្រាម ដោយទាហាន លន់ នល់ និងកងទ័ពរំដោះ បានប៉ះទង្គិចគ្នា ហើយមានការបាញ់ផ្លោង ព្រមទាំងទម្លាក់គ្រាប់បែក។ ម៉ៅ និងគ្រួសារបានរត់គេចពីកន្លែងមួយទៅកន្លែងមួយ ធ្វើឱ្យការងារស្រែចម្ការ និងការប្រកបរបររកស៊ីជួបប្រទះការលំបាក ដោយសារតែត្រូវគេចពីគ្រាប់ផ្លោងជាញឹកញាប់។ ចំពោះការហូបចុកវិញ នៅពេលដែលស្ថានការណ៍ស្ងប់ស្ងាត់ពីការទម្លាក់គ្រាប់បែក ម៉ៅ និងគ្រួសារទើបអាចដាំបាយហូបបាន។
បន្ទាប់មក នៅឆ្នាំ១៩៧៥ បដិវត្តន៍ខ្មែរក្រហមបានទទួលជ័យជម្នះ និងគ្រប់គ្រងប្រទេសទាំងស្រុង។ ពេលនោះ ប្រធានភូមិចាប់ផ្តើមប្រមូលទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ គោក្របី និងសម្ភារផ្សេងៗពីប្រជាពលរដ្ឋ យកទៅដាក់រួមនៅក្នុងសហករណ៍។ សូម្បីតែការធ្វើការងារ ការហូបចុក និងការរស់នៅ ក៏ត្រូវធ្វើរួមគ្នាដែរ។ អ្នកណាហ៊ានប្រកែក ឬតវ៉ា នឹងត្រូវឈ្លបនាំយកទៅសម្លាប់ចោល។ ម៉ៅ ត្រូវបានចាត់តាំងឱ្យទៅធ្វើជាកងចល័ត លើកប្រព័ន្ធភ្លឺស្រែ និងជីកព្រែកប្រឡាយ ដោយបែងចែកជាក្រុម «ក» និងក្រុម «ខ»។ ក្រុម «ក» មានសមាជិក ១២នាក់ និងក្រុម «ខ» មានសមាជិក ៣៦នាក់ ហើយមានប្រធានក្រុមជាអ្នកគ្រប់គ្រង។ ចំពោះប្រព័ន្ធភ្លឺស្រែ ប្រធានក្រុមកំណត់ឱ្យសមាជិកម្នាក់ៗជីកឱ្យបានប្រវែង ៥ម៉ែត្រ ទទឹង ១ម៉ែត្រ និងកម្ពស់ ៧តឹក ក្នុងមួយថ្ងៃ។ ចំណែកប្រឡាយវិញ ប្រធានក្រុមកំណត់ឱ្យជីកជម្រៅ ២ម៉ែត្រ មានជើងទេរ និងរាងខ្នងអណ្តើក ព្រមទាំងត្រូវបង្ហាប់ដីឱ្យបានត្រឹមត្រូវ។ រីឯរបបអាហារវិញ អ្នកទទួលខុសត្រូវនៅរោងបាយបានចែកអាហារឱ្យហូប ២ពេលក្នុងមួយថ្ងៃ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយពេល ទទួលបានបាយ ឬបបរត្រឹមតែមួយកូនចាន ហើយហូបជាមួយសម្លត្រកៀត ត្រកួន ឬដើមចេក ដែលជាអាហារពេញនិយមនៅសម័យនោះ។ ប្រជាជនគ្មានសិទ្ធិបេះផលដំណាំដែលដាំបានមកហូបទេ មានតែអ្នកធ្វើការនៅរោងបាយប៉ុណ្ណោះដែលមានសិទ្ធិ។ ប្រសិនបើមានអ្នកលួចបេះផលដំណាំមកហូប ហើយអង្គការដឹង នឹងត្រូវនាំយកទៅកសាងម្តង ឬពីរដង ហើយអាចឈានដល់ការសម្លាប់ចោល។
នៅដើមឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមក ខ្មែរក្រហមបានបង្ខំប្រជាជនឱ្យរត់ភៀសខ្លួនចេញពីភូមិ។ គ្រួសាររបស់ ម៉ៅ និងប្រជាជនជាច្រើនបានរត់ទៅដល់តំបន់ទួលល្ហុង។ បន្ទាប់ពីរស់នៅទីនោះបានមួយរយៈ ពួកគាត់ក៏បានធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន ម៉ៅ រស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ខេត្តស្វាយរៀង ហើយមានជំងឺប្រចាំកាយ គឺជំងឺក្រពះពោះវៀន និងជំងឺលើសឈាម៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

