កងចល័តនារី

(ខេត្តស្វាយរៀង) កែន ថាច អាយុ ៧១ឆ្នាំ មានស្រុកកំណើតនៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ថាច មានឪពុកឈ្មោះ កែន សំ (ស្លាប់) និងម្តាយឈ្មោះ ភោគ លេវ (ស្លាប់) ហើយគាត់ជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៣នាក់ គឺ កែន លន់, កែន នាង និង កែន ថាច (ម្ចាស់ប្រវត្តិរូប)។ កាលពីកុមារភាព ថាច រៀនសូត្របានត្រឹមថ្នាក់ទី១ ក្នុងរបបសង្គមរាស្ត្រនិយម។
ក្នុងរបប លន់ នល់ នៅភូមិដ្ឋានរបស់ ថាច មានការទម្លាក់គ្រាប់បែកពីសំណាក់ទាហានអាមេរិក ដែលគាំទ្រឧត្តមសេនីយ៍ លន់ នល់។ ថាច និងគ្រួសារបានរត់ចេញពីភូមិទៅរស់នៅតាមព្រៃឈើទាល ដើម្បីគេចផុតពីគ្រោះថ្នាក់។
ថាច បានរៀបរាប់ពីរឿងរ៉ាវដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហមថា នៅពេលនោះ គាត់ និងគ្រួសាររស់នៅក្នុងស្រុកកំណើត ប៉ុន្តែអង្គការតម្រូវឱ្យរស់នៅបែកពីគ្នាទៅតាមក្រុមអាយុ។ គាត់រស់នៅក្នុងកងចល័តនារី ហើយត្រូវទៅជីកដី រែកគ្រួស ដើម្បីធ្វើផ្លូវ ព្រមទាំងលើកប្រព័ន្ធភ្លឺស្រែ។ ពេលខ្លះ គាត់ត្រូវប្រធានកងទាត់ធាក់ ដោយសារតែក្រុមការងារមិនអាចបំពេញការងារតាមផែនការរបស់ថ្នាក់លើ។ ថាច បន្តថា ពេញមួយរយៈពេលនៃរបបខ្មែរក្រហម អាហារដែលគាត់ទទួលបានភាគច្រើនគឺបបរ ហើយហូបមិនគ្រប់គ្រាន់នោះទេ។
បច្ចុប្បន្ន ថាច រស់នៅភូមិក្រៅ និងមើលថែទាំចៅៗ ព្រមទាំងឃ្វាលគោក្របីនៅជិតផ្ទះ។ គាត់រស់នៅជាមួយកូនៗ ហើយបន្តមើលថែចៅៗនៅភូមិក្រៅ ឃុំគ្រួស។ បច្ចុប្បន្ន គាត់មានជំងឺប្រចាំកាយ គឺជំងឺសន្លាក់ដៃ សន្លាក់ជើង ជំងឺរោគស្ត្រី និងជំងឺលើសសម្ពាធឈាម៕
សម្ភាសន៍ដោយ ហ៊ន់ ពិសី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

