ពេជ សាវ៉ាន៖ ខ្មែរក្រហមសម្លាប់ប្តីខ្ញុំ

(ខេត្តស្វាយរៀង) ពេជ សាវ៉ាន អាយុ ៧២ឆ្នាំ រស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាវ៉ាន មានឪពុកឈ្មោះ ពេជ អៀង និងម្តាយឈ្មោះ ព្រំ ហ៊ន។ សាវ៉ាន មានបងប្អូនចំនួន ៥នាក់ គឺបងទី១ ឈ្មោះ ពេជ អឿន (ស្លាប់), បងទី២ ឈ្មោះ ពេជ សាវ៉ាន់, ទី៣ ពេជ សាវ៉ាន (ម្ចាស់ប្រវត្តិរូប), ប្អូនទី៤ ឈ្មោះ ពេជ សាវ៉ាត (ស្លាប់) និងប្អូនទី៥ ឈ្មោះ ពេជ សំអាត (ស្លាប់)។ កាលពីកុមារភាព សាវ៉ាន រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។

ក្នុងរបបសាធារណរដ្ឋខ្មែរ នៅក្នុងភូមិរបស់ សាវ៉ាន មានយន្តហោះមកទម្លាក់គ្រាប់បែកជាញឹកញាប់ បណ្ដាលឱ្យការរស់នៅជួបប្រទះការលំបាក ព្រោះត្រូវរត់គេចពីមួយកន្លែងទៅមួយកន្លែង ដើម្បីសុវត្ថិភាព។

ក្នុងរបបខ្មែរក្រហម សាវ៉ាន និងគ្រួសារ រួមមានប្តី និងកូនៗ ត្រូវអង្គការតម្រូវឱ្យស្នាក់នៅក្នុងសហករណ៍ភូមិក្រៅ។ កូនរបស់ សាវ៉ាន ដែលនៅវ័យ កុមារ ត្រូវរស់នៅក្នុងក្រុមកុមារ ដោយមានមនុស្សចាស់ជាអ្នកមើលថែ។ នៅពេលសម្រាកពីការងារដកសំណាប និងស្ទូងស្រូវ គាត់ត្រូវសុំការអនុញ្ញាតពីប្រធានកង ដើម្បីទៅបំបៅដោះកូន។ រីឯប្តីរបស់គាត់ ត្រូវបានអង្គការចាត់តាំងឱ្យទៅភ្ជួរស្រែឆ្ងាយពីភូមិ។

នៅថ្ងៃមួយ មានអ្នកស្គាល់គ្នាបានប្រាប់ថា ប្តីរបស់គាត់ត្រូវបានឈ្លបនាំយកទៅសម្លាប់ ដោយសារអង្គការចោទប្រកាន់ថា មិនស្មោះត្រង់នឹងអង្គការ ។ ហេតុការណ៍នេះ គឺជារឿងដែល សាវ៉ាន ចងចាំ និងមិនអាចបំភ្លេចបាន។ បន្ទាប់ពីប្តីស្លាប់ សាវ៉ាន ត្រូវរស់នៅជាមួយកូនៗ និងជួបប្រទះទុក្ខលំបាកគ្រប់បែបយ៉ាង។ ទោះបីជាលំបាកយ៉ាងណាក៏ដោយ សាវ៉ាន បានតស៊ូរស់នៅរហូតឆ្លងផុតពីរបបខ្មែរក្រហម។

បច្ចុប្បន្ន សាវ៉ាន រស់នៅជាមួយកូនៗ និងមើលថែទាំចៅៗ ព្រមទាំងមើលគោក្របីនៅក្បែរផ្ទះ។ ដោយសារវ័យចំណាស់ គាត់កំពុងប្រឈមនឹងជំងឺស្រវាំងភ្នែក និងអាការៈឈឺចុកចាប់ពេញរាងកាយ៕

សម្ភាសន៍ដោយ ហ៊ន់ ពិសី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin