ទុយ ឆឹម៖ ជម្លៀសទៅប៉ៃលិន

ទុយ ឆឹម រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖​ ទុយ ឆឹម ភេទប្រុស មានអាយុ ៧៧ឆ្នាំ។ ឆឹម ជាកសិកររស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឆឹម មានស្រុកកំណើតនៅក្រុងសួង ខេត្តកំពង់ចាម និងមានបងប្អូនចំនួន៥នាក់។

នៅមុនរបបខ្មែរក្រហម ឆឹម ប្រកបរបរជាកសិករ។ នៅរបបខ្មែរក្រហម ឆឹម និយាយថា ខ្មែរក្រហមបានជម្លៀសគាត់តាមរថយន្តទៅធ្វើការនៅខេត្តប៉ៃលិន។ នៅទីនោះ ឆឹម និយាយថា គាត់ធ្វើជាសេនាជន និងយាមល្បាតនៅតាមបណ្ដោយជួរភ្នំ ដែលជាប់ព្រំដែនជាមួយប្រទេសថៃ។ ឆឹម បន្តថា “ជំនាន់អាពតហ្នឹង គេជម្លៀសខ្ញុំទៅហ្នឹងហ្មង”។ ចំណែករបបអាហារវិញ ឆឹម ទទួលបានបាយកញ្ចប់សម្រាប់ហូបក្នុងមួយពេល។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឆឹម បានត្រលប់មករស់នៅក្រុងសួងវិញ។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ឆឹម បានរៀបការនិងមានកូន ហើយគាត់ប្រកបរបរធ្វើស្រែចម្ការ។ ប្រពន្ធរបស់ឆឹម និយាយថា ដោយសារវ័យចំណាស់ ឆឹម មិនចាំរឿងរ៉ាវអ្វីច្រើនពីអតីតកាលនោះទេ៕

សម្ភាសដោយ​ ធន់ នាត ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin