យឹម ធឿន៖ រៀនទិតៀន

(កណ្ដាល)៖ យឹម ធឿន ភេទប្រុស មានអាយុ ៥៣ឆ្នាំ បច្ចុប្បន្នគាត់ប្រកបរបរជាសន្តិសុខតំបន់។ ធឿន មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ធឿន មានបងប្អូនចំនួន៩នាក់។
កាលពីកុមារភាព ធឿន មិនបានរៀនសូត្រនោះទេ ដោយសារអថិរភាពសង្គម។ នៅមុនឆ្នាំ១៩៧៥ គ្រួសាររបស់ធឿន បានទៅរស់នៅភូមិត្បូងស្ទឹង (ភូមិដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត) និងក្រោយមកទៅរស់នៅជិតវត្តអង្គតាប្រូច។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមចាត់ទុកគ្រួសាររបស់ធឿនដែលរស់នៅទីនោះ ជាប្រជាជនចាស់ ដោយឪពុករបស់គាត់ត្រូវទៅភ្ជួររាស់ ចំណែកម្ដាយរបស់គាត់ត្រូវដកស្ទូង។ ធឿន ត្រូវធ្វើការក្នុងកងកុមារភូមិ ដោយត្រូវទៅត្រូវកាប់, ចិញ្ច្រាំ និងទូលស្លឹកឈើ។
នៅពេលល្ងាច បន្ទាប់ពីហូបបបររួច សមាជិកក្នុងកង (ឬមួយពួក) ត្រូវទិតៀនគ្នាទៅវិញទៅមកនៅពេលប្រជុំ។ ធឿន និយាយថា “គេឲ្យរៀនទិតៀនគ្នាទៅវិញទៅមក”។ ធឿន បន្តថា ប្រសិនបើខ្មែរក្រហមកសាង(ស្តីបន្ទោស)ចំពោះសមាជិកណាម្នាក់លើសពីបីដង នោះខ្មែរក្រហមនឹងឲ្យឈ្លបយកសមាជិកនោះទៅសម្លាប់។ នៅពេលប្រជុំចប់ ធឿន ត្រូវមកផ្ទះសម្រាកជាមួយម្ដាយ។
ធឿន បានឃើញខ្មែរក្រហមវាយកម្ទេចវិហារនៅក្នុងវត្តអារាម ហើយខ្មែរក្រហមយកដែក និងកម្ទេចថ្មទាំងនោះទៅធ្វើលូ និងថ្នល់។ ក្រៅពីនេះ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនច្រើនគូរៀបការក្នុងពេលតែមួយ។ ធឿន បន្តថា នៅយប់រៀបការ មានឈ្លបចាំលួចស្តាប់ និងដើរពិនិត្យតាមផ្ទះស្លឹកដែលប្តីប្រពន្ធថ្មីរស់នៅ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់ធឿនដែលរស់រានមានជីវិត បានទៅរស់នៅភូមិរការធំ។ ក្រោយមក គ្រួសាររបស់ធឿន បានត្រលប់មករស់នៅភូមិកំណើតវិញ៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦

