សន យ៉ុម៖ “យំរកអី”

(កណ្ដាល)៖ សន យ៉ុម ភេទស្រី មានអាយុ ៦៣ឆ្នាំ។ យ៉ុម ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យ៉ុម មានភូមិកំណើតនៅភូមិត្រពាំងផ្លុង និងមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រី៤នាក់។ កាលពីកុមារភាព យ៉ុម បានឈប់រៀនត្រឹមថ្នាក់ទី៣ ហើយគាត់ប្រកបរបរធ្វើស្រែចម្ការ។ នៅរបបខ្មែរក្រហម យ៉ុម បានបាត់បង់ឪពុកម្ដាយរបស់គាត់ និងបងប្អូនរបស់គាត់៣នាក់។
នៅរបបសាធារណរដ្ឋខ្មែរ ពូរបស់យ៉ុម បានបបួលឪពុករបស់យ៉ុមចូលរួមចលនាខ្មែរក្រហម។ ឪពុករបស់យ៉ុម បានបដិសេធនិងទៅរស់នៅវត្តសិម្ពលី។ ក្រោយមក គ្រួសាររបស់យ៉ុម ទៅរស់នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីមានការប្រយុទ្ធ និងការបាញ់ផ្លោងរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហមនៅទីនោះ គ្រួសាររបស់យ៉ុម បានមករស់នៅភូមិកំបូល ដោយឪពុករបស់គាត់ប្រកបរបរឡើងត្នោត។
នៅខែមេសា ឆ្នាំ១៩៧៥ យ៉ុម បានព្រាត់ប្រាសពីបងស្រី និងបងថ្លៃរបស់គាត់ដែលធ្វើជាទាហាន លន់ នល់។ យ៉ុម, ឪពុកម្ដាយ និងប្អូនរបស់គាត់២នាក់ ក្នុងនោះស្រីម្នាក់ ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅម្តុំភ្នំជាល។ នៅពេលនោះ អ្នកទាំងប្រាំមានតែអង្ករមួយកំប៉ុងប៉ុណ្ណោះ ដូច្នេះឪពុករបស់យ៉ុម បានទៅជីកត្រពាំងយកមកលាយជាមួយបបរ។
បន្ទាប់ពី យ៉ុម សម្រាកជាមួយក្រុមគ្រួសារបានមួយយប់ ស្អែកឡើង ខ្មែរក្រហមបានចាត់តាំងឲ្យ យ៉ុម ទៅធ្វើការក្នុងកងចល័ត ដោយគាត់ត្រូវដកស្ទូងនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ តំបន់៥៥។ យ៉ុម ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយក្រុមរបស់គាត់មានសមាជិក១០នាក់ទទួលបានតែបបរមួយកាធុនប៉ុណ្ណោះ។ ក្រៅពីបបរ ក្រុមរបស់យ៉ុម ទទួលបានសម្លត្រកួន ឬព្រលិត ដែលមានទឹកពណ៌ខ្មៅ។ យ៉ុម និយាយថា នៅពេលនោះសម្បូរត្រីណាស់ តែខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជននេសាទត្រីយកមកហូបនោះទេ។
ក្នុងមួយឆ្នាំ ខ្មែរក្រហមចែកសម្លៀកបំពាក់ឲ្យ យ៉ុម តែមួយសម្រាប់ប៉ុណ្ណោះ។ ជារៀងរាល់យប់ យ៉ុម ត្រូវសម្រាន្តផ្ទាល់នឹងដេក និងមានតែក្រមាដណ្តប់។ យ៉ុម លើកឡើងថា ខ្មែរក្រហមតែងតែមកហៅសមាជិកក្នុងក្រុមម្នាក់ឬពីរនាក់ទៅប្រជុំទាំងយប់ ហើយគាត់មិនដែលឃើញមានសមាជិកណាអាចរស់រានមានជីវិតត្រលប់មកវិញទេ។ យ៉ុម បន្តថា “គេយកស្ងាត់ៗអត់ឲ្យយើងដឹងទេ”។
ក្រោយមក ប្រជាជនមូលដ្ឋាន បានចាត់តាំងឲ្យ យ៉ុម យកដំឡូងទៅស្ងោរ។ នៅពេល យ៉ុម យកដំឡូងទៅស្ងោរ គាត់លួចដំឡូងមួយដុំទុកយកមកផ្ញើឪពុកនៅផ្ទះ។ យ៉ុម ចងចាំថា នៅពេលនោះឪពុករបស់គាត់អរណាស់ និងប្រាប់គាត់ថា “កូនអើយកូន អញអត់មានអីស៊ីទេកូន”។
យ៉ុម និយាយថា ឪពុករបស់គាត់ហូបតែត្រពាំង និងស្លឹកឈើ ហើយនៅពេលខ្វះខាតស្បៀង ក្នុងមួយពេល ខ្មែរក្រហមចែកឲ្យឪពុករបស់គាត់តែម្សៅពោតមួយស្លាបព្រាបាយប៉ុណ្ណោះ។ នៅរបបនោះ បន្លែដែលដាំបាននៅជុំវិញផ្ទះ ត្រូវខ្មែរក្រហមទុកជារបស់សមូហភាព និងមិនអនុញ្ញាតឲ្យប្រជាជនបេះហូបនោះទេ។ ខ្មែរក្រហមតែងតែគំរាមអ្នកដែលបេះហូបនឹងត្រូវចោទថាជាខ្មាំង។
មិនយូរប៉ុន្មាន យ៉ុម ទទួលដំណឹងថាឪពុករបស់គាត់បានស្លាប់ដោយសារជំងឺហើម។ យ៉ុម មានតែក្រមាមួយសម្រាប់យកគ្របសាកសពឪពុក។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យ យ៉ុម ទៅកន្លែងកប់សាកសពទេ។ នៅពេលយ៉ុមយំ ខ្មែរក្រហមសួរគាត់ថា “យំរកអី”។
ក្រោយពីឪពុករបស់យ៉ុមស្លាប់ យ៉ុម, ម្ដាយនិងប្អូនរបស់គាត់២នាក់ ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅស្រុកអង្គរបូរី ខេត្តតាកែវ។ នៅពេលទៅដល់ ម្ដាយរបស់យ៉ុម បានយកភួយរបស់ខ្លួនទៅដូរយកអង្ករប្រាំកំប៉ុងពីប្រជាជនមូលដ្ឋាននៅទីនោះ។ ម្ដាយរបស់យ៉ុមដែលពកូន និងធ្វើដំណើរពីចម្ងាយ គាត់សុខចិត្តអង្គុយមើលកូនហូបបបរឲ្យឆ្អែត ទើបគាត់ហូបតាមក្រោយ។ នៅម៉ោង៤ល្ងាច យ៉ុម បានស្នើសុំមេកងទៅជួបម្ដាយនិងប្អូនៗរបស់គាត់ ជាលើកចុងក្រោយ មុនពេលគាត់ចាកចេញទៅធ្វើការ។ ស្អែកឡើងខ្មែរក្រហមបានស្តីបន្ទោសឲ្យគាត់ ដែលនៅមិនត្រលប់មកវិញនៅយប់នោះ។
ខ្មែរក្រហមបានបញ្ជូន យ៉ុម ឲ្យទៅធ្វើការនៅភូមិទួលលង្កា ជិតព្រំដែនប្រទេសវៀតណាម។ នៅទីនោះ យ៉ុម ត្រូវរែកដី និងលើកទំនប់ ដែលមានកម្ពស់ខ្ពស់។ នៅពេល យ៉ុម វិលមុខ និងឈឺក្បាល ខ្មែរក្រហមចោទគាត់ថាមានជំងឺសតិអារម្មណ៍។ ក្រៅពីនេះ នៅពេលកំពុងលើកទំនប់ យ៉ុម បានឃើញកងទ័ពរៀតណាមហែលទឹកឆ្លងកាត់ស្ទឹង និងចូលមកស៊ើបការណ៍។
មួយខែក្រោយមក ខ្មែរក្រហមបានបញ្ជូន យ៉ុម ទៅកាប់ឆ្ការព្រៃ នៅចម្ការកៅស៊ូនៅកំពង់សោម។ នៅគ្រានោះ យ៉ុម ត្រូវព្រាត់ប្រាសពីម្ដាយនិងប្អូនទាំងពីរនាក់របស់គាត់ជារៀងរហូត។ យ៉ុម ត្រូវក្រោកតាំងពីម៉ោង៣យប់ ធ្វើដំណើរឆ្លងកាត់ដងភ្នំទៅធ្វើពលកម្ម ដោយគាត់ទទួលបានតែបាយចំហុយ និងស្ករត្នោតសម្រាប់ហូបប៉ុណ្ណោះ។ បន្ទាប់ពីធ្វើការនៅកំពង់សោមអស់រយៈពេលប្រាំខែ ក្មួយរបស់យ៉ុម ដែលត្រូវបានខ្មែរក្រហមជម្លៀសមកកំពង់សោមដែរ បានប្រាប់ យ៉ុម ថា ប្អូនរបស់គាត់ទាំងពីរនាក់បានស្លាប់ដោយសារជំងឺកញ្ជ្រឹល និងម្ដាយរបស់គាត់ស្លាប់ដោយសារជំងឺកើតពិស។ បងស្រី និងបងថ្លៃរបស់យ៉ុម ស្លាប់ដោយសារអត់អាហារ។
នៅចុងឆ្នាំ១៩៧៨ ប្រជាជនមូលដ្ឋានបានហៅយ៉ុមទៅតំបន់ភ្នំ ដោយប្រាប់គាត់ថា កងទ័ពវៀតណាមដែលចូលមកប្រទេសកម្ពុជានឹងចាប់គាត់ធ្វើឧសដាំតែអុង។ នៅតាមផ្លូវ យ៉ុម បានជួបបងធម៌របស់គាត់នៅភូមិកំពង់ត្រាំ។ នៅឆ្នាំ១៩៧៩ យ៉ុម បានជួបប្អូនស្រី និងអ៊ំស្រីរបស់គាត់ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិបឹងកៅ។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បន្ទាប់ពីរៀបការួច យ៉ុម និងប្អូនស្រីរបស់គាត់បានត្រលប់មករស់នៅឃុំកំណើតវិញ៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦

