ង៉ែត នឿន៖ “មិនគួរដល់ថ្នាក់ហ្នឹងសោះ”

(កណ្ដាល)៖ ង៉ែត នឿន ភេទស្រី មានអាយុ ៨៤ឆ្នាំ។ នឿន រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នឿន មានភូមិកំណើតនៅភូមិស្លាប់លែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នឿន មានឪពុកឈ្មោះ ឃុត, ម្ដាយឈ្មោះ គឹម និងមានបងប្អូន៣នាក់ ក្នុងនោះមានស្រី២នាក់។ នឿន មានកូនទាំងអស់ចំនួន៧នាក់ ក្នុងនោះមានស្រី៣នាក់។
នៅរបបសង្គមរាស្ត្រនិយម នឿន បានចូលរៀនថ្នាក់បឋមនៅសាលាវត្ត។ ក្រោយមកគាត់បានឈប់រៀន និងរៀបការជាមួយប្តីរបស់គាត់ដែលធ្វើជាគ្រូបង្រៀន។ បន្ទាប់ពីរៀបការ នឿន បានមករស់នៅ និងធ្វើស្រែចម្ការនៅភូមិសល់ដី ឃុំព្រៃពួច។ នៅរបបសាធារណរដ្ឋ នឿន បានទៅរស់នៅទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់នឿនចេញពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៤ ដោយឆ្លងកាត់ស្ទឹងព្រែកត្នោត និងមករស់នៅភូមិប្រាំបីមុមមួយរយៈពេលខ្លី។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់នឿនតាមរថភ្លើងទៅខេត្តបាត់ដំបង។ គ្រួសាររបស់គាត់សម្រាកនៅស្វាយស៊ីសុផនមួយយប់។ ស្អែកឡើង ខ្មែរក្រហមបន្តជម្លៀសគ្រួសាររបស់នឿនតាមរទេះគោទៅស្រុកភ្នំស្រុក។ នៅទីនោះ ខ្មែរក្រហមបានចាត់ទុកគ្រួសាររបស់នឿនជាប្រជាជនថ្មី។ នឿន ត្រូវកាប់ឆ្ការព្រៃ និងដាំដំឡូងមី។ នៅពេលដែល នឿន ទៅកាប់ឆ្ការព្រៃដំបូង គាត់និយាយថា ប្រជាជនជាច្រើននាក់បានស្លាប់ ដោយសារជំងឺគ្រុនចាញ់។ នឿន និយាយថា “វេទនាណាស់ ចៅអើយ…ស្រេចតែគេប្រើណាចៅ”។
ប្តីរបស់នឿន ត្រូវបររទេះក្របីនៅស្រុកភ្នំស្រុក។ កូនរបស់នឿនដែលអាចធ្វើការបាន ត្រូវខ្មែរក្រហមបញ្ជូនទៅធ្វើការក្នុងកងចល័ត ឬកងកុមារ។ ចំណែកកូនពៅរបស់នឿននៅផ្ទះ។ នឿន និយាយថា កងចល័តត្រូវលើកទំនប់ និងជីកប្រឡាយ ចំណែកឯកងកុមារ ត្រូវកាប់ទន្ទ្រានខេត្ត, រែកអាចម៍គោ និងអាចម៍ក្របី។
ក្រោយមក ប្តីរបស់នឿនបានធ្លាក់ខ្លួនពិការ និងសម្រាកនៅផ្ទះ ដោយសារក្របីបោលបណ្ដាលឲ្យធ្លាក់រទេះពីលើខ្នងទំនប់។ នៅម៉ោងសម្រាក កូនរបស់នឿន តែងតែយកបាយមកឲ្យប្តីគាត់។ ក្នុងមួយថ្ងៃ នឿន ទទួលបានរបបអាហារចំនួនពីរពេល គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយពេល គាត់ហូបតែបបរមួយវែកប៉ុណ្ណោះ។
នៅពេល នឿន ធ្លាក់ខ្លួនឈឺគ្រុនញាក់ ខ្មែរក្រហមចោទគាត់ថា គ្រុនត្រាក់ទ័រស៊ីបាយបាន។ ខ្មែរក្រហមចែកឲ្យគាត់នូវថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល ដែលផលិតដោយក្រុមសង្គមកិច្ច។ នឿន និយាយថា ថ្នាំនេះព្យាបាលគាត់មិនជាសះស្បើយទេ។ នឿន ត្រូវទៅធ្វើការទាំងមានជំងឺ ដោយគាត់មិនហ៊ានឈប់សម្រាកនោះទេ។ នឿន និយាយថា “ឈឺក៏មិនហ៊ានឈប់ធ្វើការដែរ [ធ្វើ]រហូតទាល់តែធ្វើការមិនរួច”។ នៅពេលយប់រងា នឿន មានតែក្រាល និងដណ្ដប់បាវក្រចៅប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ នឿន ក៏បានជួបមនុស្សល្អដែរ។ នឿន និយាយថា ប្រធានក្រុមឈ្មោះ ឆេត និង ខឿន ដែលជាប្រជាជនចាស់នៅភូមិភាគពាយ័ព្យ មានចិត្តល្អចំពោះគ្រួសារគាត់។ ប្រធានក្រុម តែងតែចែកខោអាវ និងក្រមាឲ្យគ្រួសារគាត់ចំនួនពីរសម្រាប់ ដោយសារគ្រួសារគាត់មានសមាជិកច្រើននាក់។
នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកគ្រប់គ្រងនៅភូមិដែលនឿនរស់នៅ។ នៅល្ងាចថ្ងៃមួយ បន្ទាប់ពី នឿន ច្រូតកាត់រួច ប្រធានក្រុមបានប្រាប់ឲ្យគាត់ឆាប់ត្រលប់ទៅផ្ទះ និងបំបៅដោះកូន។ នៅតាមផ្លូវ នឿន បានរើសស្រូវមួយកួរ ដែលកងកុមារធ្វើជ្រុះ។ នៅពេលឈ្លបខ្មែរក្រហមឃើញ គេបានហៅគាត់ទៅសួរនាំនៅកន្លែងអប់រំ។ ប្រធានកងនៅកន្លែងអប់រំនោះបានសួរនាំនឿន ហើយនឿនឆ្លើយថា គាត់ឃើញកួរស្រូវជ្រុះតាមផ្លូវតែមួយកួរទើបគាត់រើស។ ប្រធានកងនោះបានអនុញ្ញាតឲ្យ នឿន ត្រលប់មកផ្ទះវិញ ប៉ុន្តែឈ្លបខ្មែរក្រហមនោះ បានបន្តនាំ នឿន ទៅជួបប្រធានភូមិ ដែលជាកម្មាភិបាលមកពីភូមិភាគនិរតី ដើម្បីសួរនាំម្តងទៀត។ នឿន បានប្រាប់ដូចអ្វីដែលគាត់បានប្រាប់ប្រធានកងនៅកន្លែងអប់រំ។ បន្ទាប់ពីស្តាប់ នឿន រៀបរាប់ ប្រធានភូមិបានគំរាមគាត់ថា “ក្រោយកុំធ្វើអ៊ីចឹង ប្រយ័ត្នដាច់ក!”។ នឿន បានស្បថថាគាត់ឈប់រើសទៀតហើយ។ ប្រពន្ធរបស់ប្រធានភូមិនោះបានបន្ថែមថា “បងឯងបើចងរស់ ប្រយ័ត្ន!”។
នឿន បន្តថា នេះជាលើកទីមួយ និងជាលើកចុងក្រោយដែលគាត់ត្រូវបានខ្មែរក្រហមកសាង។ នឿន លើកឡើងថា កម្មាភិបាលមកពីភូមិភាគនិរតី បានសម្លាប់មេកងរបស់គាត់ និងធ្វើបាបប្រជាជន។ នៅពេលយប់ ខ្មែរក្រហមតែងតែមកនាំមនុស្សទៅធ្វើការ។ ក្រោយមក អ្នកដែលខ្មែរក្រហមហៅទៅធ្វើការ បានបាត់ខ្លួនជារៀងរហូត។ នៅរបបខ្មែរក្រហម ប្តី និងប្អូនប្រុសម្នាក់របស់នឿន បានបាត់បង់ជីវិតដោយសារហូបចុកមិនគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នឿន និងកូនៗទាំង៧នាក់របស់នឿន ដែលនៅរស់រានមានជីវិតបានមករស់នៅស្រុកស្រីស្នំ ខេត្តសៀមរាប។ នៅឆ្នាំ១៩៨០ នឿន បានមករស់នៅភូមិកំណើតវិញ។ នៅពេលរំឭកពីរបបខ្មែរក្រហម នឿន និយាយថា “មិនគួរដល់ថ្នាក់ហ្នឹងសោះ”៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦

