ហ៊ឹម ចាន់៖ រៀបរាប់ជីវិតឆ្លងកាត់របបខ្មែរក្រហម

 (ខេត្តស្វាយរៀង) ហ៊ឹម ចាន់ មានអាយុ ៦២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចាន់ មានឪពុកឈ្មោះ ហ៊ុយ ម៉ន និងម្តាយឈ្មោះ ប៉ុល យ៉ាត់ ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៤នាក់ ក្នុងនោះស្រី ២នាក់។ កាលពីកុមារភាព ចាន់ រៀនសូត្របានត្រឹមថ្នាក់ទី១ នៅរបបសង្គមរាស្រ្តនិយម។

នៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម។ នៅក្នុងភូមិ ចាន់ បានឃើញអង្គការចាប់ផ្តើមដើរប្រមូលមាសប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ គោក្របី ស្រូវអង្ករ ចានឆ្នាំង និងសម្ភារប្រើប្រាស់ផ្សេងៗទៀតរបស់ប្រជាជនយកទៅធ្វើជារបស់រួមយកទៅប្រើប្រាស់នៅក្នុងសហករណ៍។ ចាន់ និងសមាជិកកងចល័តចំនួន ១២នាក់ ត្រូវអង្គការចាត់តាំងឱ្យទៅជីកទំនប់ និងប្រឡាយ នៅតំបន់ស្វាយចេក ហើយប្រឡាយមានប្រវែងរាប់ពាន់ម៉ែត្រ មានជម្រៅ ៤ម៉ែត្រ, ទទឹងលើ ៨ម៉ែត្រ និងបាតក្រោម ៤ម៉ែត្រ។ ក្រៅពីការងារនេះ ចាន់ ត្រូវលើកប្រព័ន្ធភ្លឺស្រែដោយអង្គការកំណត់ក្នុង១ថ្ងៃ ត្រូវជីក និងលើកដីឱ្យបានប្រវែង ៥ម៉ែត្រ និងទទឹង ១,៥ ម៉ែត្រ។ នៅរដូវវស្សា ចាន់ ត្រូវបានអង្គការចាត់តាំងឱ្យទៅភ្ជួររាស់ដីស្រែ។ បន្ទាប់ពីភ្ជួររាស់រួច ចាន់ ត្រូវទៅឃ្វាលគោក្របី ហើយនៅពេលខ្លះគាត់ត្រូវទៅ ជួយស្ទូងស្រូវកងស្ទូងនារី។ នៅរដូវប្រមូលទិន្នផលស្រូវការងាររបស់ចាន់ គឺត្រូវដឹកជញ្ជូនកណ្តាប់ស្រូវ ១ថ្ងៃ ចំនួន ៥ជើង ដោយកន្លែងមួយចំនួនត្រូវជញ្ជូនស្រូវចម្ងាយប្រមាណ ១០០ម៉ែត្រ ទៅ ២០០ម៉ែត្រ ពីសហករណ៍។

បន្ទាប់ពីដឹកជញ្ជូនកណ្តាប់ស្រូវមកសហករណ៍ ចាន់ ត្រូវបោកបែន ដោយក្នុង១ថ្ងៃ អង្គការកំណត់យ៉ាងតិចណាស់ត្រូវបោកបែនកណ្តាប់ស្រូវឱ្យបានពី ៥០ ទៅ ៦០កណ្តាប់។ ក្រោយពេលបោកបែនកណ្តាប់រួច ចាន់ ត្រូវដាក់ជញ្ជូនស្រូវ យកទៅរក្សាទុកនៅក្នុងឃ្លាំង។ នៅពេលយប់ ចាន់ ត្រូវទៅដេករួមគ្នាជាមួយយុវជនកងចល័ត ហើយមិនអនុញ្ញាតឱ្យដើរទៅណាឡើយ សូម្បីតែការនិយាយស្តីក៏ហាមឃាត់ដែរ។ កាលណាបើហ៊ានលួចនិយាយគ្នានឹងត្រូវឈ្លបនាំយកទៅសម្លាប់ ព្រោះសម័យនោះនៅពេលយប់មានឈ្លបចាំលបស្តាប់។ នៅពេលព្រឹកត្រូវក្រោកពីព្រលឹមដើម្បីទទួលផែនការទៅធ្វើការរហូតដល់ថ្ងៃត្រង់ទើបបានសម្រាកហូបអាហារ។ ចំពោះរបបអាហារក្នុង ១ថ្ងៃ ខ្មែរក្រហមឱ្យហូបតែ ២ពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច ដោយក្នុង១ពេលទទួលបានត្រឹមតែបាយឬបបរ ១កូនចាន។ សម្លវិញភាគច្រើនស្លជាមួយដើមចេក និងត្រកួន គ្មានសាច់ និងគ្មានរសជាតិទេ។

ចាន់ បានបញ្ជាក់ទៀតថា ក្នុងសម័យនោះ ប្រធានកងធ្លាប់ចាត់តាំងគាត់ឱ្យទៅជីកប្រឡាយនៅតំបន់ទួលស្តី ស្ថិតក្នុងស្រុកកំពង់រោទិ៍។ នៅទីនោះស្ថានភាពរស់នៅលំបាកវេទនាខ្លាំងជាងនៅស្រុកកំណើតទៅទៀត។ ចំពោះការកសាង ចាន់ បានប្រាប់ថា កាលណាបើនិយាយស្តីជាមួយបងប្អូន គេ​ចោទថាខុសសីលធម៌ ឬក្បត់នឹងអង្គការហើយនាំយកទៅសម្លាប់។ ជាក់ស្តែងឪពុករបស់ចាន់, ឈ្មោះ ហ៊ុយ ម៉ន ត្រូវបានឈ្លបចាប់យកទៅសម្លាប់ ។ ចំណែកបងប្អូនរបស់ចាន់ ចំនួន៣នាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម។ ចំពោះការបំផ្លាញសាសនា ចាន់ បានរៀបរាប់ថា សម័យនោះគេហាម​ឃាត់មិនឱ្យមានការគោរពបូជាអ្វីទាំងអស់ សូម្បីតែព្រះសង្ឃក៏ត្រូវគេចាប់ផ្សឹក ឯវត្តអារាមត្រូវកម្ទេច ឬយកធ្វើជាសហករណ៍ និងជាជង្រុកស្រូវ​​។

នៅពេលរបបខ្មែរក្រហមជិតដួលរលំ ចាន់ បានរត់ភៀសខ្លួនទៅដល់តំបន់ទួលល្ហុង ដោយសារតែពេលនោះខ្មែរក្រហមបានប្រាប់ថា កងទ័ពវៀតណាមចូលមកដល់នឹងអារក វះពោះ ញុកស្មៅ ទើបធ្វើឱ្យគាត់ និងប្រជាជនមានការភ័យខ្លាច។ នៅតំបន់ទួលល្ហុង ចាន់ ទទួលដំណឹងពីប្រជាជនប្រាប់ថា ប្រទេសជាតិត្រូវបានរំដោះបងប្អូនអាចត្រឡប់ទៅស្រុកកំណើតវិញបាន។ ចាន់ និងប្រជាជនដទៃទៀតក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះ និងចាប់ផ្តើមធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ចាន់ ជាកសិកររស់នៅក្នុងភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយមានជំងឺប្រចាំកាយគឺជំងឺក្រពះពោះវៀន៕

សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin