កងចិញ្ចឹមជ្រូក

(ខេត្តស្វាយរៀង) ម៉ឹង សាផុន មានអាយុ ៨៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិចំរះ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាផុន មានឪពុកឈ្មោះ ម៉ឹង នាង និងម្តាយឈ្មោះ នួន ឆាយ ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧នាក់ ក្នុងនោះស្រី ៣នាក់។ សាផុន រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មក្នុងរបបសង្គមរាស្រ្តនិយម។ សាផុន បានរៀបរាប់ថា នៅខែមិនា ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះរោត្តម សីហនុ ចេញពីតំណែង។ បន្ទាប់ពីរដ្ឋប្រហារ ប្រទេសជាតិចាប់ផ្តើមមានបាតុកម្ម និងសង្គ្រាមធ្វើឱ្យប្រជាជនត្រូវរត់គេចពីគ្រាប់ផ្លោងជាហូរហែ។ នៅឆ្នាំ១៩៧១ សាផុន ក៏បានចេញពីភូមិទៅចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហមដោយហ្វឹកហាត់ជាកងជីវពលនារី ដើម្បីចូលរួមរំដោះប្រទេសជាតិឱ្យផុតពីរបប លន់ នល់។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់ នល់ នៅពេលនោះ សាផុន បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅពេលនោះក្នុងភូមិ សាផុន សង្កេតឃើញកងឈ្លប និងមេភូមិ ដែលជាសមាជិកក្រុមរបបខ្មែរក្រហមបានចាប់ផ្តើមដើរប្រមូលមាសប្រាក់ ទ្រព្យសម្បត្តិ លុយកាក់ គោក្របី អង្ករស្រូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតទុកធ្វើជាទ្រព្យសម្បត្តិរួម និងយកទៅរក្សាទុកនៅក្នុងសហករណ៍។ បន្ទាប់មក ប្រធានភូមិបានចាត់តាំង សាផុន និងអ្នកភូមិម្នាក់ទៀតឱ្យចិញ្ចឹមជ្រូកចំនួន ២០ក្បាល នៅភូមិពពារ។ ការងាររបស់សាផុន ត្រូវដាំបបរ ដោយលាយជាមួយបន្លែផ្សេងទៀត និងកន្ទក់សម្រាប់ធ្វើជាចំណីជ្រូក។ ជារៀងរាល់ព្រឹក សាផុន ត្រូវក្រោកពីព្រឹកនៅម៉ោង ៣ ឬម៉ោង ៤ទៀបភ្លឺ ដើម្បីទៅមើលជ្រូក ក្រែងលោមានជ្រូកឈឺ។ ប្រសិនបើជ្រូកឈឺ ត្រូវរាយការណ៍ទៅប្រធានសហករណ៍ ដើម្បីចាត់តាំងពេទ្យសត្វមកពិនិត្យព្យាបាល។
ក្រៅពីការងារចិញ្ចឹមជ្រូក សាផុន បានទៅជួយដកសន្ទូង សំណាប ប៉ុន្តែការចិញ្ចឹមជ្រូកជាការងារចម្បង។ ចំពោះការហូបចុកវិញ សាផុន បានរៀបរាប់ថា ក្នុងមួយថ្ងៃខ្មែរក្រហមឱ្យហូបអាហារតែពីរពេលប៉ុណ្ណោះ គឺថ្ងៃត្រង់ និងល្ងាច ដោយក្នុងមួយពេលទទួលបានបាយ ឬបបរ១ចាន ហូបលាយជាសម្លត្រកួន, ដើមចេក និងបន្លែផ្សេងៗ។ នៅពេលយប់ សាផុន អង្គការតម្រូវឱ្យរស់នៅតាមកន្លែងដែលអង្គការចាត់តាំង ដោយមិនអនុញ្ញាតឱ្យដើរផ្តេសផ្តាសឡើយ ហើយនៅពេលយប់កងឈ្លបតែងតែចាំលបស្តាប់ ព្រោះពួកគេហាមឃាត់មិនឱ្យប្រជាជនពិភាក្សា ឬនិយាយគ្នានោះទេ ប្រសិនធ្វើខុសនឹងត្រូវនាំយកទៅកសាងសម្លាប់ចោល។ ចំពោះការនាំមនុស្សទៅសម្លាប់ សាផុន ធ្លាប់ឃើញកងឈ្លបនាំគ្រូបង្រៀន និងអ្នកចេះដឹង យកទៅបាត់ៗដោយមិនដឹងយកទៅទីណា។ រីឯការបំផ្លាញសាសនា សាផុន បានឃើញផ្ទាល់ភ្នែកនៅពេលឈ្លបខ្មែរក្រហមបង្ខំឱ្យព្រះសង្ឃសឹក និងការយកបរិវេណវត្តអារាមយកមកធ្វើជាសហករណ៍ ឬជាជង្រុកស្រូវ។
នៅពេលរបបខ្មែរក្រហមជិតដួលរលំ សាផុន ត្រូវបានជម្លៀសទៅតំបន់ទំនប់ជ្រៃ។ នៅពេលទៅដល់ទីនោះបានរយៈពេលខ្លី សាផុន បានទទួលដំណឹងថាប្រទេសជាតិត្រូវបានរំដោះ។ សាផុន បានធ្វើដំណើរត្រឡប់មកផ្ទះវិញ និងចាប់ផ្តើមបង្កបង្កើនទិន្នផលស្រូវដើម្បីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន សាផុន រស់នៅក្នុងភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយមានជំងឺប្រចាំកាយគឺជំងឺក្រពះពោះវៀន និងជំងឺសន្លាក់ដៃ៕
សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

