បងប្អូនស្លាប់មិនអនុញ្ញាតិឲ្យយំ

នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានបាត់បង់កូន៣នាក់ សាច់ញាតិ៤គ្រួសារ និងឪពុកម្ដាយ។ នៅពេលដែលអង្គការចាប់យកបងប្អូនខ្ញុំទៅសម្លាប់ ឬស្លាប់ដោយសារជំងឺ ខ្ញុំបានលួចយំនៅក្នុងផ្ទះ ប៉ុន្តែត្រូវបានអង្គការមើលឃើញហើយហៅទៅសួរនាំ។ ពេលឃើញដូច្នេះ ខ្ញុំបានកុហកអង្គការថាជាសំឡេងបំពេរកូនឲ្យគេង ទើបបានរួចពីទោសកំហុស។

សំរិត សេ[1] អាយុ៨២ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង គ្រួសាររបស់សេ មានជីវភាពធូរធា ហើយបងប្អូនរបស់គាត់ភាគច្រើនគឺជាអ្នករាជការក្នុងរបបមុនៗ និងជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ។ នៅពេលរៀបការរួច សេ បានប្រកបរបបលក់ដូរបានប្រាក់ជាច្រើន និងបានធ្វើមាសឲ្យកូនៗរបស់គាត់ពាក់ស្ទើរតែគ្រប់គ្នា រួមទាំងមានសម្ភារប្រើប្រាស់ក្នុងផ្ទះគ្រប់គ្រាន់។ ប៉ុន្តែនៅពេលខ្មែរក្រហមចាប់ផ្ដើមគ្រប់គ្រងក្នុងភូមិ អង្គការចាប់ផ្ដើមឈប់ឲ្យប្រជាជនចាយលុយ និងចាត់តាំងឲ្យប្រជាជនធ្វើការរួមគ្នា។

នៅឆ្នាំ១៩៧៥​ បន្ទាប់ពីទទួលបានជ័យជម្នះ បងប្អូន និងសាច់ញាតិជាច្រើនគ្រួសារទៀតរបស់សេ បានជម្លៀសចូលមករស់នៅក្នុងភូមិ។ នៅពេលមកដល់ អង្គការបានប្រមូលយកសម្ភារ និងសម្លៀកបំពាក់ល្អៗរបស់សាច់ញាតិគាត់ ដាក់រទេះយកទៅទាំងអស់ ក្នុងនោះក៏មានម៉ូតូថ្មីមួយដែលទើបទិញ។ សេ បានបន្តថាខ្លួនមានការស្ដាយស្រណោះខោអាវ និងម៉ូតូរបស់ប្អូនឈ្មោះ យុន ខ្លាំងណាស់ ប៉ុន្តែគាត់មិនអាចហាមឃាតបាន គឺបានត្រឹមតែកុហកក្មួយថាប្រធានភូមិខ្ចីយកទៅជិះសិននោះទេ ព្រោះសម្ភារចានឆ្នាំងល្អ និងវត្ថុមានតម្លៃផ្សេងទៀតដែលគ្រួសារសេ មានក៏ត្រូវបានអង្គការប្រមូលយកទៅទាំងអស់ដែរ។ លើសពីនេះទៅទៀត សេ មានការស្ដាយស្រណោះនាឡិការ គ្រឿងអលង្ការធ្វើពីមាស និងទ្រព្យសម្បត្តិរបស់គាត់ខ្លាំងណាស់ ប៉ុន្តែគាត់មិនហ៊ានបដិសេធ និងលួចទុក ព្រោះប្រសិនបើអង្គការដឹងនឹងត្រូវចាប់យកទៅសម្លាប់។

ថ្ងៃមួយនៅពេល សេ ធ្វើការងារជីកព្រែកនៅទិសខាងលិច កូនរបស់គាត់ម្នាក់ដែលនៅតូច បានមកសួររកពូ និងអ៊ំ ដែលជម្លៀសចូលភូមិ។ នៅពេលដែលកូនសួរដូច្នេះ សេ មានការស្ដាយស្រណោះ និងអាណិតដល់បងប្អូនយ៉ាងខ្លាំង ព្រោះគ្រួសារប្អូនរបស់គាត់ទើបតែចូលមកដល់ក្នុងភូមិ១០ថ្ងៃ ហើយគ្រួសារបងរបស់គាត់ទើបតែចូលសម្រាកក្នុងភូមិបានមួយយប់ប៉ុណ្ណោះ ប៉ុន្តែអង្គការបានហៅអ្នកទាំងអស់ឲ្យទៅចូលរួមក្នុងសន្និបាត និងមិនដែលបានឃើញត្រលប់មកវិញទាល់តែសោះ។ សេ ដឹងថាគ្រួសារបងប្អូនរបស់គាត់ ត្រូវបានអង្គការយកទៅសម្លាប់បាត់ទៅហើយ។

នៅពេលដែលនឹកឃើញដល់បងប្អូន សេ បានលួចយំនៅក្នុងផ្ទះ ហើយអង្គការបានមកឃើញនិងហៅគាត់ទៅសួរនាំ។ ប៉ុន្តែនៅចំពោះមុខអង្គការ សេ បានកុហកថាគាត់កំពុងលួងកូនឈ្មោះយាន ដែលទើបកើតឲ្យដេក និងកុហកកងឈ្លបថាមិនបានយំនោះទេ ព្រោះខ្លួនខ្លាចអង្គការយកទៅសម្លាប់បន្តទៀត។ បន្ទាប់មក អង្គការបានហៅសេ និងប្រជាជននៅក្នុងភូមិផ្សេងទៀត ដែលមានបងប្អូនជាអ្នក១៧មេសា ទៅចូលរួមសន្និបាតនៅវត្តកោះ ដើម្បីឲ្យកម្មាភិបាលខ្មែរក្រហមនៅក្នុងសហករណ៍ ចូលទៅស្វែងរកទ្រព្យសម្បត្តិដែលប្រជាជនលាក់នៅក្នុងផ្ទះ។ នៅពេលត្រលប់មកវិញ សេ បានដឹងថាអង្គការចូលទៅរកឃើញក្រវិល និងខ្សែកមាសរបស់កូនគាត់នៅក្នុងផ្ទះ ប៉ុន្តែគាត់មិនបានភិតភ័យនោះទេ មាសនោះគាត់បានរាយការណ៍ទៅអង្គការរួចហើយ គ្រាន់តែប្រធានភូមិមិនទាន់មកយក។​

បន្ទាប់មក នៅពេលដែល សេ បានទៅចូលរួមអង្គមេទិញនៅត្រពាំងព្រីង គាត់បានឃើញសម្ភារប្រើប្រាស និងកន្ទេលរបស់គាត់ធ្លាប់ប្រើនៅទីនោះ។ មួយវិញទៀត ចាន ឆ្នាំង និងសម្ភារប្រើប្រាស់ជាច្រើនទៀតរបស់គាត់ ត្រូវបានអង្គការយកទៅប្រើក្នុងសហករណ៍រួមក្នុងភូមិ។ ​ចាប់តាំងពីពេលនោះមក​ ការហូបអាហារនៅក្នុងសហករណ៍កាន់តែលំបាក។ នៅពេលហូបអាហារ អង្គការបានដួសបបររាវដាក់ក្នុងឆ្នាំង​ ហើយអ្នកដែលចាប់វែកបានមុនធ្វើការកូរប្រមូលយកគ្រាប់អង្ករទៅកណ្ដាលទើបដួសយកកាកបបរទៅដាក់ក្នុងចាន ហើយអ្នកនៅក្រោយគេក្នុងចំណោមមនុស្ស១០នាក់ត្រូវហូបតែទឹកបបរ ជាមួយសម្លរួមមួយចានប៉ុណ្ណោះ។

ក្រោយមកនៅពេលដែល សេ កំពុងធ្វើការជាន់រហាត់ទឹកបឹង ឈ្មោះហ៊ួយ បានទៅប្រាប់គាត់ឲ្យត្រលប់ទៅវិញវិញ ព្រោះមិត្តនារីឈ្មោះ ទោល និងថា បានផ្ដល់ដំណឹងមកថា ម្ដាយរបស់សេ បានដេកឈឺហើមនៅលើផ្ទះតែម្នាក់ឯង និងមានសត្វស្រមោចរោមជាច្រើន។ ពេលទទួលបានដំណឹងភ្លាម សេ បានទៅជួបប្រធានកង ដើម្បីសុំមកមើលម្ដាយឈឺនៅផ្ទះ ប៉ុន្តែអង្គការបានអនុញ្ញាតឲ្យគាត់មកតែមួយថ្ងៃប៉ុណ្ណោះ។ សេ បានត្រលប់មកជួបម្ដាយនៅផ្ទះ និងបានទៅសុំស្ករនៅក្នុងសហករណ៍ឲ្យម្ដាយហូប ប៉ុន្តែត្រូវបានអង្គការបដិសេធ។ ជាអកុសល នៅម៉ោងប្រមាណ៤រសៀល ម្ដាយរបស់សេ បានបាត់បង់ជីវិត ហើយសេ បានអង្គុយរងចាំប្រធានសហករណ៍យកមឈូសមកដាក់សពម្ដាយយកទៅកប់។ សេ រកចាំប្រធានសហករណ៍យូរពេក ទើបគាត់សម្រេចចិត្តយកជញ្ជាំងទ្រូស៤សន្លឹកទៅដាក់កប់ម្ដាយ ព្រោះគាត់គិតថាបើរុំសពតែកន្ទេលទទេ ហើយយកទៅកប់គឺមិនសាកសម។

បន្ទាប់ពី សេ បានកប់សពម្ដាយរួចរាល់ និងបានត្រលប់មកផ្ទះវិញ ហើយអង្គការបានហៅគាត់ទៅសួរនាំពីការយកជញ្ជាំងផ្ទះ៤សន្លឹកនោះ។​ នៅពេលជួបអង្គការកសាង សេ បានលើកដៃសំពះសុំអង្វរប្រធានភូមិ ទើបមិនទទួលបានការដាក់ទោស។ សេ បន្តថា ខ្លួនមានការអាណិតម្ដាយរបស់គាត់ខ្លាំងណាស់ ហើយប្រសិនបើស្រុកទេសដូចបច្ចុប្បន្ននោះម្ដាយរបស់គាត់មិនទាន់ស្លាប់ដូច្នេះដែរ។ មិនយូរប៉ុន្មាន ឪពុករបស់សេ គាត់បានបាត់បង់ជីវិតបន្តទៀត ដោយសារឈឺគ្មានថ្នាំព្យាបាល និងខ្វះខាតអាហារហូបដូចគ្នា។ សេ យល់ថាឪពុករបស់គាត់ឈឺស្លាប់លឿន ដូច្នេះគាត់មិនសូវវេទនាដូចម្ដាយរបស់គាត់។

សេ បានឲ្យដឹងថា គាត់មានការអត់ឃ្លានខ្លាំងណាស់ ខុសពីប្រធានក្រុម ឬកម្មាភិបាលខ្មែរក្រហមដែលបានហូបបាយស្រួច។ លើសពីនេះទៅទៀត គាត់ត្រូវខិតខំធ្វើការងារធ្ងន់ៗរាល់ថ្ងៃ បើមិនដូច្នេះទេកងឈ្លបនឹងចាប់យកគាត់ទៅសម្លាប់ ឬជម្លៀសចេញពីភូមិ ព្រោះអង្គការបានចាត់ទុកគាត់ជាប្រជាជន១៧មេសា។ ជាក់ស្ដែង កម្មាភិបាលខ្មែរក្រហមនៅក្នុងភូមិ បានកត់ឈ្មោះ សេ និងកូនៗជម្លៀសចេញពីភូមិពីរដង ប៉ុន្តែបានប្រធានឃុំ ហៀប ជួយទើបបានរួចខ្លួន។

ចំពោះការជម្លៀសនេះ លើកទីមួយកើតឡើងនៅពេលដែលក្រុមបដិវត្តន៍ទើបតែចូលទៅគ្រប់គ្រងភូមិដំបូងៗ ហើយអង្គការចាប់ផ្ដើមលុបបំបាត់ការចាយប្រាក់។ នៅពេលដឹងដំណឹងភ្លាម សេ ចាប់ផ្ដើមចាយប្រាក់ដែលគាត់លក់ដូរបានយកទៅស្នើសុំប្រធានសហករណ៍ឈ្មោះ ជឹម ដើម្បីទិញសម្លៀកបំពាក់ និងសំពត់ស៊ីបពីជនជាតិចិនដែលដើរលក់តាមផ្លូវ។ ប៉ុន្តែនៅពេលមិត្តនារី ឆេង បានដឹង ហើយចោលប្រកាន់គាត់ថាលួចប្ដូរសម្លៀកបំពាក់ទៅវិញ និងកត់ឈ្មោះគ្រួសារសេ ក្នុងបញ្ជីឈ្មោះអ្នកដែលត្រូវជម្លៀសចេញពីភូមិ។ មិនយូរប៉ុន្មាន អង្គការបានយករទេះសេទៅដាក់មុខផ្ទះប្រធានសហករណ៍ ព្រោះត្រៀមខ្លួនជម្លៀសប្រជាជនចេញពីភូមិ ប៉ុន្តែនៅពេលដែល ហៀប ឃើញឈ្មោះសេ នៅក្នុងបញ្ជីគាត់បានបញ្ជាឲ្យប្រធានសហករណ៍លុបចេញវិញ  ព្រោះហៀប ខ្លាចគ្មានអ្នកធ្វើការងារក្នុងភូមិ ហើយសេធ្វើការងារបានល្អ។

សេ បន្តថា ហៀប ចូលចិត្តរាប់អានគាត់ខ្លាំងណាស់ និងបានយកអាហារ ឬថ្នាំជក់បន្តិចន្តួចដែលមានមកឲ្យសេបន្ថែមទៀត។  បន្ទាប់មកនៅពេលដែលអង្គការចង់ជម្លៀសគ្រួសារសេ ចេញទៅស្រុកអង្គរបូរី ម្ដងទៀត ហៀប បានហៅសេ ឲ្យទៅមើលកូនឈ្មោះ ចក់ ដែលកំពុងដេកឈឺនៅមន្ទីរពេទ្យស្រុក។ ជាអកុសល កូនរបស់សេ បានបាត់បង់ជីវិត។

នៅដើមខែមករា ឆ្នាំ១៩៧៩ នៅពេលដែល សេ ធ្វើការងារច្រូតស្រូវក្នុងកងចល័ត ស្រាប់តែមានភាពចលាចលកើតឡើង ហើយប្រជាជនបានជម្លៀសចេញពីភូមិ ព្រោះក្រុមរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមជិតចូលមកដល់។ ភ្លាមៗនោះ សេ បានរត់ភៀសខ្លួនទៅដល់ ស្រម៉រ និងបានជួបជាមួយកូននៅទីនោះ។ នៅស្រម៉រ សេ បានយំឱបកូនៗរបស់គាត់ និងបង្ហាញការអាណិតខ្លាំងណាស់ ព្រោះគាត់បានឃើញកូនម្នាក់ទើបតែហែលឆ្លងទឹកស្ទឹងស្ទើរតែមិនរួច។ បន្ទាប់មក សេ បាននាំកូនរបស់គាត់ត្រលប់មកផ្ទះវិញ ហើយកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមកជាលើកទី២ ទើបធ្វើឲ្យគ្រួសារសេ និងប្រជាជនទាំងអស់នាំគ្នារត់ភៀសខ្លួនទាំងយប់ម្ដងទៀត។

នៅពេលធ្វើដំណើរលើកនេះ សេ បានជិះរទេះជាមួយអ្នកភូមិទៅដល់ភ្នំចំបាប់ និងបានរកន្លែងលាក់ខ្លួន ព្រោះគាត់មិនចង់ធ្វើដំណើរទៅមុខបន្តទៀត។ ក្រោយមក នៅពេលកងទ័ពស្ម័គ្រចិត្តវៀតណាម បានទៅដល់និងចាប់គាត់យកទៅសួរចម្លើយ ហើយនៅពេលដឹងថាគាត់ជាប្រជាជន ទើបដោះលែងឲ្យត្រលប់មកផ្ទះវិញ។ នៅក្នុងសម័យខ្មែរក្រហម សេ បាត់បង់កូន៣នាក់ សាច់ញាតិ៤គ្រួសារ និងឪពុកម្ដាយ។ ក្រោយរបបខ្មែរក្រហម ឈ្មោះ ឈន បានទៅកាយយកឆ្អឹងម្ដាយរបស់គាត់ និងឆ្អឹងរបស់ប្រជាជនមួយចំនួនទៀតទៅដាក់ក្នុងចេតិយក្បែរព្រះវិហារ និងប្រកាសប្រាប់ឲ្យសាច់ញាតិនៅក្នុងភូមិបានដឹង ប៉ុន្តែដោយសារតែ សេ មិនបានឮការប្រកាសនេះទើបធ្វើឲ្យគាត់បាត់ឆ្អឹងម្ដាយ។ ចំណែកឆ្អឹងឪពុក សេ បានទៅកាយនៅក្បែរគុម្ពឬស្សីក្រោយផ្ទះឈ្មោះរិទ្ធ ដែលជាកន្លែងកប់សពឪពុក ប៉ុន្តែនៅពេលសេ រកមិនឃើញទើបគាត់គិតថាពេទ្យឈ្មោះ ខាក់ បានទៅកាយយកឆ្អឹងនោះចេញបាត់ហើយ។

[1] ជួបជាមួយឈ្មោះ សំរិត សេ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដោយ គ្រី ភាព នៅក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin