សុខ សុផល៖ រៀបការជាមួយមនុស្សមិនធ្លាប់ស្គាល់

សុខ សុផល អាយុ៦៦ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ អង្គការបានជម្លៀសគ្រួសារសុផល និងប្រជាជនជាច្រើនគ្រួសារទៀតទៅរស់នៅភូមិព្រែករបង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីគេចពីការប្រយុទ្ធគ្នា, ការទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់បែក។ នៅតាមផ្លូវធំដំណើរ អង្គការបាននាំប្រជាជនដើរវាងទីរួមខេត្តតាកែវ ព្រោះខ្លាចមានអ្នករត់ចូលទៅជាមួយទាហាន លន់ នល់។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងលើទាហាន លន់ នល់ អង្គការបានជម្លៀសប្រជាជនជាច្រើនគ្រួសារ រួមទាំងសុផល ទៅរស់នៅវត្តតាសំរោង និងធ្វើស្រែក្បែរភូមិឬស្សីជុំ រយៈពេលប្រមាណ២ឆ្នាំ។ កន្លែងថ្មី គ្រួសាររបស់សុផល បានជួបនូវការលំបាកខ្លាំង ជាពិសេសការហូបអាហារ។ អង្គការបានចាត់ទុកគ្រួសាររបស់សុផល ជានាទុនកាលពីសង្គមចាស់ ព្រោះពេលនោះគាត់មានគោប្រមាណជា៣០ក្បាល និងមានផ្ទៃដីច្រើនសម្រាប់ដាំដំណាំ និងធ្វើស្រូវ។ បន្ទាប់មក បងប្រុសរបស់សុផល បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសារតែគាត់ឈឺចិត្តជាមួយការស្ដីបន្ទោសរបស់អង្គការ, ការធ្វើការងារធ្ងន់ៗ និងការហូបអាហារមិនបានគ្រប់គ្រាន់។ ក្រៅពីនេះ សាច់ញាតិរបស់សុផល ជាច្រើននាក់បានបាត់បង់ជីវិតដោយសារកង្វះខាតអាហារហូបចុក។ ក្រោយមក ដោយសារតែទ្រាំជាមួយការលំបាកមិនបាន ឪពុករបស់សុផល បានស្នើសុំអង្គការទៅរស់នៅភូមិតាសំ ជិតវត្តអង្គក្ដី ឃុំបឹងត្រាញ់វិញ។
នៅភូមិតាសំ អង្គការបានបញ្ជូនសុផល និងយុវជនប្រមាណ៤៩គូផ្សេងទៀតពីកងចល័ត ទៅប្ដេជ្ញាជាមួយគ្នានៅក្នុងសហករណ៍។ នៅថ្ងៃកម្មវិធី អង្គការរៀបចំឲ្យយុវជនអង្គុយជាជួរ រួចប្រកាសឈ្មោះអ្នកដែលត្រូវរៀបការឲ្យទៅអង្គុយក្បែរគ្នា។ អំឡុងពេលប្រកាសឈ្មោះ សុផល ត្រូវរៀបការជាមួយឈ្មោះចន ប៉ុន្តែដោយសារតែគាត់មិនស្គាល់គ្នាពីមុនទើបគាត់ឡើងទៅអង្គុយខុសកន្លែង។ ពេលឃើញដូច្នេះ អង្គការបានឡើងទៅដឹកដៃរបស់គាត់យកទៅអង្គុយក្បែរឈ្មោះចនវិញ។
នៅពេលបញ្ចប់កម្មវិធី អង្គការបានបញ្ជូនប្ដីប្រពន្ធរបស់សុផលទៅរស់នៅភូមិមហារាជ រួមជាមួយមាន់មួយក្បាល, ស្ករបន្តិច និងម្សៅដំឡូងមីមួយផ្ទិល សម្រាប់យកទៅស្ងោរហូបនៅផ្ទះ។ ពេលមកដល់ផ្ទះ ឈ្មោះដេត បានរត់មកប្រាប់ឲ្យសុផល យកម្សៅដំឡូងមីលាយជាមួយស្ករ និងច្របាច់ទឹកបន្តិច ទើបយកទៅស្ងោរឲ្យឆ្អិត។ នៅពេលចម្អិនរួចរាល់ មានប្ដីប្រពន្ធតាឡុង និងឈ្មោះញែត ជាភ្ងៀវចូលរួមហូបអាហារនោះ។ រហូតដល់ពេលយប់ សុផល និងប្ដីចូលទៅសម្រាកជាមួយគ្នាធម្មតា ប៉ុន្តែមិនហ៊ាននិយាយទាំងអស់ ព្រោះគាត់បានដឹងថាមានកងឈ្លបចូលមកលួចស្ដាប់ការណ៍ក្រោមផ្ទះ។ សុផល បានបន្តថា ខ្លួននិងប្ដីសម្រាកស្ងៀម ធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់ បើទោះបីជាកងឈ្លបមកហែកជញ្ជាំងស្លឹកលួចមើលក៏ដោយ។
លុះដល់ពេលស្អែកឡើង អង្គការបានចាប់ឈ្មោះ កុយ និងយាន ដែលទើបតែរៀបការជាមួយគ្នា បញ្ជូនទៅវាយថ្ម នៅភ្នំជីសូរ ព្រោះអ្នកទាំងពីររស់នៅមិនចុះសម្រុងគ្នាកាលពីយប់មិញ។ ចំណែក សុផល និងប្ដី នៅតែបន្តមិននិយាយរកគ្នា រហូតដល់ផុតរយៈពេល៣យប់ ទើបអង្គការបំបែកឲ្យទៅធ្វើការងាររៀងខ្លួន។ ចំពោះប្ដីរបស់សុផល អង្គការបានប្រើឲ្យគាត់ដាំបាយនៅក្នុងសហករណ៍អង្គកូវ ឲ្យក្រុមកងចល័តហូប ហើយសុផល ធ្វើការងារដកស្មៅក្នុងស្រែ។
ថ្ងៃមួយ សុផល និងមិត្តនៅក្នុងកង បានយកបន្លែ និងត្រី ដែលលួចបេះបានទៅស្លក្នុងកំសៀវដូចរាល់ដង ព្រោះរបបអាហារដែលគាត់ទទួលបានពីរោងបាយមិនគ្រប់គ្រាន់នោះទេ។ ប៉ុន្តែនៅពេលដែលប្ដីរបស់គាត់ត្រលប់មកផ្ទះវិញ សុផល បានយល់ច្រឡំថាអង្គការមកតាមដាន ទើបគាត់នាំគ្នារត់ទៅលាក់ខ្លួនបាត់រហូតបានដឹងថាជាប្ដីរបស់ខ្លួន ទើបត្រលប់មកហូបអាហារវិញទាំងហួសចិត្ត។ សុផល បានឲ្យដឹងថា អាហារដែលលួចហូបក្នុងពេលនោះគឺឆ្ងាញ់ណាស់ បើទោះបីជាមិនមានគ្រឿងទេសច្រើនក៏ដោយ។ មួយវិញទៀត ការហូបផ្ដេសផ្ដាស់នេះ មិនបានធ្វើឲ្យមានជំងឺច្រើនដូចបច្ចុប្បន្ននេះទេ ហើយប្រសិនបើមានជំងឺ គឺប្រើប្រាស់តែរុក្ខជាតិនៅក្នុងភូមិដើម្បីព្យាបាលប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុផល បានសម្រេចចិត្តរស់នៅជាមួយប្ដីបន្តទៀតនៅភូមិមហារាជ្យ។ មុនពេលរស់នៅជាមួយគ្នា ម្ដាយឪពុករបស់សុផល បានរៀបចំកម្មវិធីរៀបការម្ដងទៀត និងរៀបចំម្ហូបអាហារ និងចងដៃអង្ករបន្តិចបន្តួច។ នៅពេលផ្ដល់បទសម្ភាសន៍ សុផល មានជំងឺក្រពះពោះវៀន, ចុកណែនក្នុងទ្រូង នៅពេលដែលគាត់ស្រូបខ្លិនផ្សែងដែលដុតថង់ផ្លាស់ស្ទីក, ហូបបាយមិនសូវបាន និងសម្រាន្តមិនសូវលក់។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

