ពេទ្យបដិវត្តន៍ ព-១

នៅឆ្នាំ១៩៧៨ ម៉ុក ផុន មានអាយុប្រមាណ១៦ឆ្នាំ[1]​ ត្រូវ​បាន​របប​ខ្មែរ​ក្រហម​ចាត់​តាំង​ឱ្យ​មក​ធ្វើពេទ្យផ្នែកកុមារ និង​សម្ភព នៅពេទ្យបដិវត្តន៍ ព-១ នៃក្រសួងសង្គមកិច្ច។

នៅខែមីនា ឆ្នាំ១៩៧០ មុន​ពេល​មាន​រដ្ឋ​ប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ម៉ុក ផុន ប្រកបរបរធ្វើស្រែចម្ការ ស្ថិតក្នុងវណ្ណៈជាកសិករកណ្តាលថ្នាក់ក្រោម រស់នៅភូមិវាលត្បាល់ ឃុំ​មាន​ជ័យ ស្រុកឈូក ខេត្តកំពត។ ម៉ុក ផុន មានឪពុកឈ្មោះ សុទ្ធ ម៉ុក និងម្តាយឈ្មោះ កែប ស៊ឹម ហើ​យ​​គាត់គឺជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ (ស្រី ៣នាក់ និងប្រុស ៣​នាក់​) រួម​មាន​​​៖ ទី១ ឈ្មោះ ម៉ុក វេត, ទី២ ឈ្មោះ ម៉ុក វ៉ុន, ទី៣ ឈ្មោះ ម៉ុក រឿន, ទី៤ ឈ្មោះ ម៉ុក ផុន (សា​មី​ខ្លួន), ទី៥ ឈ្មោះ ម៉ុក ផាន និងទី៦ ឈ្មោះ ម៉ុក ទិត។ កាលពីកុមារភាព ម៉ុក ផុន ទទួល​​បាន​​​ការ​​​អប់រំត្រឹមថ្នាក់ទី២ នៅសាលាវត្តទុល។

នៅឆ្នាំ១៩៧០ បងប្រុសរបស់ ម៉ុក ផុន ទាំង ៣នាក់ បានចូ​ល​បម្រើ​កា​រ​ក្នុង​ចលនា​បដិ​វ​ត្ត​ន៍​​​ខ្មែរ​ក្រហម តាមរយៈប្រធានភូមិវាលត្បាល់។ ក្រោយមក បងប្រុសទាំង ៣នាក់ ត្រូវ​បាន​អង្គ​ការ​ចាត់​​តាំង​ឱ្យធ្វើ​ជាយោធា។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ បងប្រុសទាំង ៣នាក់ បាន​ទៅ​​ឈរ​ជើង​ប្រចាំការនៅភ្នំកំពង់ត្រាច និងតំបន់ភ្នំសក់ក្រវី។ ក្នុងអំឡុងពេលនោះ បង​ប្រុស​ធ្លាប់​​បាន​​មក​សួរ​សុខទុក្ខក្រុមគ្រួសារតែម្តងគត់ ដោយមានរបួសបាតដៃដោយសារ​ត្រូវគ្រាប់​កាំភ្លើង។ បច្ចុប្បន្ន បងប្រុសទាំង ៣នាក់នេះ បានបាត់ដំណឹងសូន្យឈឹង បន្ទាប់ពី​ខ្មែរក្រហម​ឡើង​កាន់​អំណាច។ នៅឆ្នាំ១៩៧៣ កងទ័ព​បដិវត្តន៍ខ្មែរក្រហម​បានចូលគ្រប់គ្រងភូមិឃុំ។ ម៉ុក ផុន និង​ប្រជា​ជន​ក្នុង​​ភូមិវាលត្បាល់​ត្រូវបានអង្គការចាត់តាំងឱ្យធ្វើស្រែប្រវាស់ដៃ ដោ​យ​ទិន្នផល​ស្រូវ​​ដែល​ប្រមូល​​បាន​ត្រូវអង្គការបែងចែកទៅតាមចំនួនសមាជិកនៃគ្រួសារនីមួយៗ។ នៅ​ឆ្នាំ​១៩៧៤ ម៉ុក ផុន មាន​អាយុ​​ប្រមាណ ១៣ឆ្នាំ បានចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរ​ក្រហម​នៅ​ភូមិ​វាល​​ត្បាល់ តាម​រយៈ​​អ្នក​ឃោស​​​នាអប់រំម្នាក់​ឈ្មោះ វ៉ាន់ ដែលជាគណៈឃុំមានជ័យ។[2] ផ្អែក​តាម​ឯកសារ​ពិនិត្យ​ប្រវត្តិ​រូប​បដិវត្តន៍បានបញ្ជាក់ថា មូលហេតុដែល ម៉ុក ផុន ចូលរួម​ជាមួយ​បដិវត្តន៍ គឺ​ដោយ​​សារ​មាន​ចិត្ត​ឈឺ​ចាប់​ចំពោះ​​​ការជិះជាន់របស់វណ្ណៈកាន់អំណាច​គ្រប់​ជាន់​ថ្នាក់​មក​លើ​កសិករ​ក្រី​ក្រ។ បន្ទាប់​ពី​​ចូល​បដិវត្តន៍ អង្គការបានចាត់តាំង ម៉ុក ផុន ឱ្យចូល​ក្នុង​អង្គភាព​កងចល័តឃុំ ដោយ​​មាន​ភារ​កិច្ច​ធ្វើ​ស្រែ លើក​​​ទំនប់ ជីកប្រឡាយ និង​លើកប្រព័ន្ធភ្លឺស្រែ។ នៅ​ក្នុង​អង្គភាព​កង​ចល័ត​ឃុំនេះ មាន​ឈ្មោះ វ៉ាន់ ធ្វើជាប្រធាននារីឃុំ និងជា​ប្រធាន​កងចល័ត ដែល​ជាអ្នកគ្រប់គ្រង និង​ដាក់​ផែន​ការ​​ដែល​​ទទួល​​​បាន​ពីថ្នាក់លើ។ ក្រោយ​មក ម៉ុក ផុន ត្រូវបាន​ផ្ទេរទៅជានារីកង​ចល័តស្រុកឈូក ដែល​​​មាន​ប្រធាន​​កង​ចល័តស្រុកឈ្មោះ សមមិត្តនារី សុក។ នៅ​ឆ្នាំ១៩៧៤ ដដែលនោះគាត់ត្រូវ​បាន​​​ប្រធាន​​​ភូមិបញ្ជូនឱ្យ​ទៅធ្វើការនៅ​ក្នុងកងចល័ត​នៅ​ឯ​តំបន់​​កោះស្លា ប៉ុន្តែ​ក្រោយ​មក អង្គការ​បាន​​​បញ្ជូន​​ត្រឡប់មកធ្វើការ​នៅក្នុង​កង​ចល័ត​នៅ​ភូមិវាល​ត្បាល់​វិញ។

នៅឆ្នាំ១៩៧៥ នៅពេលដែលរបបខ្មែរក្រហមទទួលជ័យជម្នះនៅទូទាំងប្រទេស​អង្គការ​​បាន​​ផ្លាស់ប្តូរគោលការណ៍ ដោយ​កំណត់​ឱ្យប្រជាជនទាំងអស់​ហូបបាយ​រួមគ្នា​នៅ​ក្នុង​សហករណ៍​រោង​បាយ។ នៅចុងឆ្នាំ១៩៧៥ ម៉ុក ផុន ត្រូវ​បានអង្គការ​បញ្ជូន​ទៅ​ធ្វើការ​នៅ​តំបន់​កោះ​ស្លា​ម្តង​ទៀត។ នៅទីនោះគាត់​បានស្គាល់គណៈឃុំឈ្មោះ តាសាក់, ប្រធាន​កងចល័ត​នារី​ឈ្មោះ ទាវ (បច្ចុ​ប្ប​​​ន្ន​រស់នៅភូមិតាព្រហ្ម ឃុំមានជ័យ), គណៈស្រុកឈ្មោះ ជេន និង​គណៈ​តំបន់​៣៤ ឈ្មោះ ចាប​​។ នៅក្នុងអំឡុងពេលធ្វើការនៅក្នុងកងចល័ត ម៉ុក ផុន ធ្លាប់​បាន​ឃើញ​​​ប្រធាន​​កង​​ចល័ត​នាំ​ប្រជា​​ជន​​​ដែលធ្វើការងារមិនហ្មត់ចត់ ឬមិនគ្រប់តាមផែនការ យក​ទៅ​ធ្វើការ​អប់រំ​រៀន​សូត្រ ដោយ​ចោទ​​ប្រកាន់​​ថាខ្ជិលច្រអូសទើប​រែក​ដី​មិន​សម្រេច​តាម​កាលកំណត់​។ នៅ​ឃុំមានជ័យ សមា​ជិក​​កង​​ចល័ត​​​មួយ​ចំនួន​ ម៉ុក ផុន ឃើញឈ្លប​​ចងសមាជិក​កង​ចល័ត​មួយ​ចំនួន​ភ្ជាប់ទៅ​នឹង​ដើមឈើ និង​​ក្រោយ​មក​បញ្ជូន​ទៅ​តំបន់​ភ្នំ​កំព​ង់​ត្រាច​ដោយមិនដឹងពីមូលហេតុ​។ សមា​ជិក​កង​ចល័ត​​ដែល​ត្រូវ​​បាន​ចងភ្ជាប់នឹងដើមឈើ និង​នាំ​ទៅរៀនសូត្រ​ភាគច្រើន​ជាប្រជាជន​ជម្លៀស​​មក​ពី​ក្រុង​​ភ្នំពេញ ហើយ​​ពួកគាត់​មិន​ដែល​ឃើញ​មាន​វត្តមានត្រឡប់មកវិញឡើយ។

នៅឆ្នាំ១៩៧៨ ម៉ុក ផុន និងយុវជន-យុវនារីកងចល័តនៅតំបន់កោះស្លាប្រមាណ ៥០០នាក់ ត្រូវ​​បាន​​អង្គការជ្រើសរើសឱ្យទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ អ្នកជ្រើសរើសនៅពេលនោះ គឺ​គណៈ​​ស្រុក​​​ឈ្មោះ ជេន។ ដំបូងឡើយគណៈស្រុក​ជេន បានប្រាប់ថា សមាជិកកងចល័តថា​ការ​ជ្រើស​​រើស​​នេះគឺដើម្បីទៅធ្វើការងារនៅស្រុកកោះធំ ខេត្តកណ្តាល ប៉ុន្តែក្រោយមក បែរជា​ដឹក​ជញ្ជូន ម៉ុក ផុន និង​កងចល័តទាំង ៥០០នាក់​នោះ ទៅកាន់ទីក្រុងភ្នំពេញទៅវិញ។ ក្នុងការ​ធ្វើ​ដំណើរ​​នោះ កង​ចល័ត​​ត្រូវជិះរថយន្តពីស្រុកឈូក ទៅសម្រាកនៅស្ថានីយរថភ្លើងខេត្តតាកែវ ទើប​បន្ត​​ដំណើរ​តាម​រថភ្លើង​ទៅកាន់ទីក្រុងភ្នំពេញ។ ពេលទៅដល់ទីក្រុងភ្នំពេញ កង​ចល័ត​ទាំងអស់​ត្រូវ​​បាន​បែង​ចែក​ឱ្យ​ទៅធ្វើការតាមបណ្តារោងចក្រ សិប្បកម្ម និងពេទ្យនានា។ ដោយឡែកមានតែ ម៉ុក ផុន ម្នាក់​គត់ ដែលត្រូវបានជ្រើសរើសឱ្យទៅធ្វើជាពេទ្យនៅពេទ្យបដិវត្តន៍ ព-១ នៃ​ក្រសួង​សង្គមកិច្ច (បច្ចុប្ប​ន្ន​ជា​មន្ទីរពេទ្យកាល់ម៉ែត)។ កាលទៅដល់ដំបូង ម៉ុក ផុន បាន​ស្នាក់​នៅផ្ទះថ្ម​កម្ពស់ ៣ជាន់ ហើយ​​នៅព្រឹកថ្ងៃបន្ទាប់ យុវជន-យុវនារីទាំងអស់ ត្រូវ​បាន​ដឹកតាម​រថយន្ត​ដើម្បី​ទស្សនាទីក្រុង។ នៅ​​ពេលនោះ ម៉ុក ផុន បាន​ឃើញទី​ក្រុង​ភ្នំពេញមានសភាពស្ងាត់ជ្រងំ គ្មាន​​​ប្រជាជនរស់​នៅ គឺ​មាន​​តែ​ទាហាន​ខ្មែរក្រហម​ឈរជើង​ការពារប៉ុណ្ណោះ។ ទោះ​បី​ជា​មាន​ការ​ព្រួយ​​បារម្ភ​ពីសុវត្ថិភាព និង​​​មាន​មន្ទិលសង្ស័យជាខ្លាំង ក៏គាត់​មិនហ៊ាន​សាក​សួរ​អ្នក​ជូន​ដំណើរ ឬ​កម្មា​​​ភិ​បា​ល​​​ខ្មែរ​ក្រហម​ឡើយ។ នៅក្នុងពេទ្យបដិវត្តន៍ ព-១ ម៉ុក ផុន ត្រូវ​បាន​អង្គការ​បណ្តុះ​បណ្តាល​​​វិជ្ជា​ពេទ្យផ្នែកកុមារ និង​​សម្រាល តាមរយៈពេទ្យជនជាតិខ្មែរ និងជនជាតិចិន។ នៅ​ទី​នោះ ម៉ុក ផុន បាន​​ជួប​ជាមួយ​យុវនារី​​ម្នាក់​​ដែល​មានវ័យស្របាលគ្នាឈ្មោះ នី ដែល​មាន​ទី​លំ​នៅ​ក្បែ​រ​​​ផ្ទះ​គ្នា ​​​​និង​ជា​កូន​​ស្រី​របស់រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម ឈ្មោះ ចេង អន។[3]

វគ្គបណ្តុះបណ្តាលដែល ម៉ុក ផុន ទទួលបានពីពេទ្យជនជាតិខ្មែរ និងចិនរួមមាន៖ ការ​រៀន​​​​ចំណាំឈ្មោះថ្នាំ, របៀបមើលថែទាំអ្នកជំងឺកុមារ និងរបៀបចាក់ថ្នាំ ដោយ​ដំបូង​ឡើយ​ត្រូវ​អនុវ​ត្ត​​​រៀន​​​ចាក់​​នៅលើខ្នើយក្នុងរយៈពេលប្រហែល ១ខែ ទើបយូរៗទៅពេទ្យចិន និងខ្មែរ​អនុញ្ញាត​ឱ្យ​​អនុ​វត្ត​​​ចាក់​​ថ្នាំផ្ទាល់លើអ្នកជំងឺ ដែលជាបុគ្គលិកពេទ្យដូចគ្នា។ ប្រធាន​ក្រុម​ពេទ្យ​ចាក់ថ្នាំ​នៅ​ពេល​នោះ​​​មាន​​ឈ្មោះ ប៊ី និងឈ្មោះប្រធានពេទ្យឈ្មោះម៉ិញ។ ក្នុងអំឡុងពេលបំពេញការងារ នៅ​ពេទ្យ បដិវត្តន៍ ព-១ អ្នកជំងឺភាគច្រើនគឺជាកុមារ និងស្ត្រីមានផ្ទៃពោះ មក​ទទួល​សេវា​សម្រាល​កូន។[4]​ ពេទ្យ​មាន​ជន​​ជាតិខែ្មរ និងជនជាតិចិននៅ​​រង់​ចាំជួយអន្តរាគមន៍​ក្នុង​ការព្យាបាល។ ក្នុង​ពេល​​​​បំពេញ​​​​​ភារ​កិច្ច​នៅ​​បដិវត្តន៍ពេទ្យ ព-១ ម៉ុក ផុន ធ្លាប់​បាន​ស្នើសុំឈ្មោះ ប៊ី និងឈ្មោះ ម៉ិញ ដើម្បី​​​ទៅ​​​​​សួរ​​សុខទុក្ខក្រុមគ្រួសារ ប៉ុន្តែ​​​ត្រូវបានបដិសេធ។

ផ្អែកលើឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ដែលបានធ្វើឡើងក្នុងអំឡុងពេល ម៉ុក ផុន ធ្វើ​ជា​ពេទ្យ នៅ​ពេទ្យបដិវត្តន៍ ព-១ បានវាយតម្លៃលើលក្ខណៈសម្បត្តិរបស់គាត់ថា៖ មានអត្ត​ចរិត​បដិវត្តន៍​​ល្អ មិន​​​ដែល​ដើរ​​ហើរផ្ដេសផ្ដាស់ ឬមានទំនាក់ទំនងខុសសីលធម៌ឡើយ សីលធម៌​រស់នៅ​មាន​​ភាព​​សុភាព​​រាប​សារ មិនដែលឈ្លោះប្រកែកទាស់ទែងគ្នា​ជាមួយ​នរណាម្នាក់ឡើយ។ ក្រោយ​បដិវត្តន៍ សីលធម៌​​​នៃ​ការ​រស់​នៅគឺស្លូតបូត មិនចេះនិយាយមាត់​ធំមាត់តូច ឧស្សា​ហ៍ព្យាយាម និង​មិន​​ដែល​ខ្ជិល​​​ច្រអូស។ ម៉ុក ផុន ក៏មានជំហរសន្សំសំចៃ មានអនាម័យ និង​សណ្តាប់​ធ្នាប់​បាន​មួយ​កម្រិត ប៉ុន្តែ​មិន​ទាន់​ខ្ជាប់​​ខ្ជួន​នៅ​ឡើយ។ បន្ទាប់ពីបំពេញការងារ​រួចគាត់តែងតែទុក​ដាក់​សម្ភារ​នៅ​កន្លែង​​​ដើម​វិញបានត្រឹមត្រូវ និង​ខិតខំសម្អាតអនាម័យកន្លែងស្នាក់នៅ ក៏​ដូច​ជា​កន្លែង​ធ្វើ​ការ​បាន​យ៉ាង​​ល្អ។

នៅឆ្នាំ ១៩៧៩ ពេលដែលរបបខ្មែរក្រហមដួលរលំ ម៉ុក ផុន បាន​រត់​ភៀស​ខ្លួន​ជាមួយ​ពេទ្យ និង​​កម្មាភិ​បាល​ខ្មែរក្រហមនៃពេទ្យបដិវត្តន៍ ព-១ តាម​រយៈរថភ្លើង​ឆ្ពោះ​ទៅកាន់​ស្រុក​ថ្ម​គោល ខេត្ត​បាត់​​ដំបង។ ដោយ​សារស្ថានភាពរស់​នៅ​ជួបការ​លំបាក​ខ្លាំង គួប​ផ្សំនឹង​ចិត្តនឹករលឹក​ដល់​​ឪពុក​ម្តាយ និង​បង​ប្អូន ម៉ុក ផុន បានសម្រេចចិត្ត​ធ្វើដំណើរ​ត្រឡប់​មករស់នៅស្រុកឈូក ខេត្ត​​កំពតវិញ។ នៅ​​ឆ្នាំ ១៩៨០ ម៉ុក ផុន បានរៀបការ​សាងគ្រួសារជាមួយប្តីឈ្មោះ ចាន់ សា​រឿន​។ បច្ចុប្បន្ន អ្នក​ទាំង​ពីរ​​​មាន​កូន​ប្រុសស្រីចំនួន ៨នាក់ និងប្រកប​របរ​ជាកសិករ​ធ្វើ​ស្រែ​ចម្ការ​៕

[1] ឯកសារ KPI0079 បទសម្ភាសន៍ របស់ ម៉ុក ផុន អាយុ ៤៥ ឆ្នាំ រស់នៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុក​ឈូក ខេត្ត​កំពត។ សម្ភាសន៍ដោយ ផាន់ សុជា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីថ្ងៃទី ១០ ខែ ​មិថុនា ឆ្នាំ ២០០៤។

[2] ឯកសារ I00593 ស្តីពីការពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ម៉ុក ផុន មានស្រុកកំណើត និង​រស់​នៅ​តំបន់ ៣៥ ខេត្តកំពត ភូមិភាគនិរតី។ ម៉ុក ផុន មាននាទីជាពេទ្យផ្នែកកុមារ និងសម្រាល នៅ​ពេទ្យ​ ព-១។

[3] ចេង អន ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលត្រូវបានរបបខ្មែរក្រហមចាប់ខ្លួនព្រមទាំងបក្ខពួក នៅ​អំឡុង​​ចុងរបបនោះ។ នី ដែលជាកូនស្រីរបស់ ចេង អន និងបំពេញការងារនៅពេទ្យបដិវត្តន៍ ព-១ ព្រម​ទាំង​​​​ជាកម្មាភិបាលម្នាក់នៃពេទ្យបដិវត្តន៍ ព-១ ក៏ត្រូវបានចាប់ខ្លួនបន្ទាប់ពីគណៈមជ្ឈិម បាន​ធ្វើ​ការ​បោស​សម្អាត ចេង អន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងខ្សែបណ្តាញនៅក្នុងឆ្នាំ១៩៧៨។ ផុន បាននិយាយថា រដ្ឋ​​មន្ត្រី ចេង អន និងកូនស្រីឈ្មោះ នី មានស្រុកកំណើតនៅម្តុំវត្តទុល ភូមិវាលត្បាល់ ឃុំមានជ័យ ស្រុក​ឈូក ខេ​ត្ត​កំពត។ ផ្ទះរបស់គ្រួសារ ចេង អន ស្ថិតនៅជាប់របងវត្តទុល ហើយ​ផ្ទះរបស់ ម៉ុក ផុន​ស្ថិត​នៅ​ខាង​​ត្បូង​​វត្ត​​។

[4] ម៉ុក ផុន ឱ្យដឹងថាពេទ្យបដិវត្តន៍ ព-១ គឺស្ថិតក្នុងចំណោមពេទ្យរបស់បដិវត្តន៍ផ្សេងទៀតដែលរួមមាន៖ ពេទ្យ ៧ មករា ដែលមានទីតាំងនៅជិតវត្តភ្នំ និងពេទ្យ ៦ មករា ដែលមានទីតាំងនៅជិតផ្សារដើមគរ (បច្ចុប្ប​ន្ន​ជា​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត)។ ពេទ្យបដិវត្តន៍ ព-១ ព្យាបាលជំងឺភាគច្រើនជាកុមារ និងស្រ្តី​សម្រាលកូន​ គ្មាន​យោធា​របួស​ពីសមរភូមិមកសម្រាកព្យាបាលនោះទេ។


អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin