ពេទ្យបដិវត្តន៍ ព-១

នៅឆ្នាំ១៩៧៨ ម៉ុក ផុន មានអាយុប្រមាណ១៦ឆ្នាំ[1] ត្រូវបានរបបខ្មែរក្រហមចាត់តាំងឱ្យមកធ្វើពេទ្យផ្នែកកុមារ និងសម្ភព នៅពេទ្យបដិវត្តន៍ ព-១ នៃក្រសួងសង្គមកិច្ច។
នៅខែមីនា ឆ្នាំ១៩៧០ មុនពេលមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ម៉ុក ផុន ប្រកបរបរធ្វើស្រែចម្ការ ស្ថិតក្នុងវណ្ណៈជាកសិករកណ្តាលថ្នាក់ក្រោម រស់នៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ម៉ុក ផុន មានឪពុកឈ្មោះ សុទ្ធ ម៉ុក និងម្តាយឈ្មោះ កែប ស៊ឹម ហើយគាត់គឺជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ (ស្រី ៣នាក់ និងប្រុស ៣នាក់) រួមមាន៖ ទី១ ឈ្មោះ ម៉ុក វេត, ទី២ ឈ្មោះ ម៉ុក វ៉ុន, ទី៣ ឈ្មោះ ម៉ុក រឿន, ទី៤ ឈ្មោះ ម៉ុក ផុន (សាមីខ្លួន), ទី៥ ឈ្មោះ ម៉ុក ផាន និងទី៦ ឈ្មោះ ម៉ុក ទិត។ កាលពីកុមារភាព ម៉ុក ផុន ទទួលបានការអប់រំត្រឹមថ្នាក់ទី២ នៅសាលាវត្តទុល។
នៅឆ្នាំ១៩៧០ បងប្រុសរបស់ ម៉ុក ផុន ទាំង ៣នាក់ បានចូលបម្រើការក្នុងចលនាបដិវត្តន៍ខ្មែរក្រហម តាមរយៈប្រធានភូមិវាលត្បាល់។ ក្រោយមក បងប្រុសទាំង ៣នាក់ ត្រូវបានអង្គការចាត់តាំងឱ្យធ្វើជាយោធា។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ បងប្រុសទាំង ៣នាក់ បានទៅឈរជើងប្រចាំការនៅភ្នំកំពង់ត្រាច និងតំបន់ភ្នំសក់ក្រវី។ ក្នុងអំឡុងពេលនោះ បងប្រុសធ្លាប់បានមកសួរសុខទុក្ខក្រុមគ្រួសារតែម្តងគត់ ដោយមានរបួសបាតដៃដោយសារត្រូវគ្រាប់កាំភ្លើង។ បច្ចុប្បន្ន បងប្រុសទាំង ៣នាក់នេះ បានបាត់ដំណឹងសូន្យឈឹង បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច។ នៅឆ្នាំ១៩៧៣ កងទ័ពបដិវត្តន៍ខ្មែរក្រហមបានចូលគ្រប់គ្រងភូមិឃុំ។ ម៉ុក ផុន និងប្រជាជនក្នុងភូមិវាលត្បាល់ត្រូវបានអង្គការចាត់តាំងឱ្យធ្វើស្រែប្រវាស់ដៃ ដោយទិន្នផលស្រូវដែលប្រមូលបានត្រូវអង្គការបែងចែកទៅតាមចំនួនសមាជិកនៃគ្រួសារនីមួយៗ។ នៅឆ្នាំ១៩៧៤ ម៉ុក ផុន មានអាយុប្រមាណ ១៣ឆ្នាំ បានចូលរួមក្នុងចលនាបដិវត្តន៍ខ្មែរក្រហមនៅភូមិវាលត្បាល់ តាមរយៈអ្នកឃោសនាអប់រំម្នាក់ឈ្មោះ វ៉ាន់ ដែលជាគណៈឃុំមានជ័យ។[2] ផ្អែកតាមឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍បានបញ្ជាក់ថា មូលហេតុដែល ម៉ុក ផុន ចូលរួមជាមួយបដិវត្តន៍ គឺដោយសារមានចិត្តឈឺចាប់ចំពោះការជិះជាន់របស់វណ្ណៈកាន់អំណាចគ្រប់ជាន់ថ្នាក់មកលើកសិករក្រីក្រ។ បន្ទាប់ពីចូលបដិវត្តន៍ អង្គការបានចាត់តាំង ម៉ុក ផុន ឱ្យចូលក្នុងអង្គភាពកងចល័តឃុំ ដោយមានភារកិច្ចធ្វើស្រែ លើកទំនប់ ជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ នៅក្នុងអង្គភាពកងចល័តឃុំនេះ មានឈ្មោះ វ៉ាន់ ធ្វើជាប្រធាននារីឃុំ និងជាប្រធានកងចល័ត ដែលជាអ្នកគ្រប់គ្រង និងដាក់ផែនការដែលទទួលបានពីថ្នាក់លើ។ ក្រោយមក ម៉ុក ផុន ត្រូវបានផ្ទេរទៅជានារីកងចល័តស្រុកឈូក ដែលមានប្រធានកងចល័តស្រុកឈ្មោះ សមមិត្តនារី សុក។ នៅឆ្នាំ១៩៧៤ ដដែលនោះគាត់ត្រូវបានប្រធានភូមិបញ្ជូនឱ្យទៅធ្វើការនៅក្នុងកងចល័តនៅឯតំបន់កោះស្លា ប៉ុន្តែក្រោយមក អង្គការបានបញ្ជូនត្រឡប់មកធ្វើការនៅក្នុងកងចល័តនៅភូមិវាលត្បាល់វិញ។
នៅឆ្នាំ១៩៧៥ នៅពេលដែលរបបខ្មែរក្រហមទទួលជ័យជម្នះនៅទូទាំងប្រទេសអង្គការបានផ្លាស់ប្តូរគោលការណ៍ ដោយកំណត់ឱ្យប្រជាជនទាំងអស់ហូបបាយរួមគ្នានៅក្នុងសហករណ៍រោងបាយ។ នៅចុងឆ្នាំ១៩៧៥ ម៉ុក ផុន ត្រូវបានអង្គការបញ្ជូនទៅធ្វើការនៅតំបន់កោះស្លាម្តងទៀត។ នៅទីនោះគាត់បានស្គាល់គណៈឃុំឈ្មោះ តាសាក់, ប្រធានកងចល័តនារីឈ្មោះ ទាវ (បច្ចុប្បន្នរស់នៅភូមិតាព្រហ្ម ឃុំមានជ័យ), គណៈស្រុកឈ្មោះ ជេន និងគណៈតំបន់៣៤ ឈ្មោះ ចាប។ នៅក្នុងអំឡុងពេលធ្វើការនៅក្នុងកងចល័ត ម៉ុក ផុន ធ្លាប់បានឃើញប្រធានកងចល័តនាំប្រជាជនដែលធ្វើការងារមិនហ្មត់ចត់ ឬមិនគ្រប់តាមផែនការ យកទៅធ្វើការអប់រំរៀនសូត្រ ដោយចោទប្រកាន់ថាខ្ជិលច្រអូសទើបរែកដីមិនសម្រេចតាមកាលកំណត់។ នៅឃុំមានជ័យ សមាជិកកងចល័តមួយចំនួន ម៉ុក ផុន ឃើញឈ្លបចងសមាជិកកងចល័តមួយចំនួនភ្ជាប់ទៅនឹងដើមឈើ និងក្រោយមកបញ្ជូនទៅតំបន់ភ្នំកំពង់ត្រាចដោយមិនដឹងពីមូលហេតុ។ សមាជិកកងចល័តដែលត្រូវបានចងភ្ជាប់នឹងដើមឈើ និងនាំទៅរៀនសូត្រភាគច្រើនជាប្រជាជនជម្លៀសមកពីក្រុងភ្នំពេញ ហើយពួកគាត់មិនដែលឃើញមានវត្តមានត្រឡប់មកវិញឡើយ។
នៅឆ្នាំ១៩៧៨ ម៉ុក ផុន និងយុវជន-យុវនារីកងចល័តនៅតំបន់កោះស្លាប្រមាណ ៥០០នាក់ ត្រូវបានអង្គការជ្រើសរើសឱ្យទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ អ្នកជ្រើសរើសនៅពេលនោះ គឺគណៈស្រុកឈ្មោះ ជេន។ ដំបូងឡើយគណៈស្រុកជេន បានប្រាប់ថា សមាជិកកងចល័តថាការជ្រើសរើសនេះគឺដើម្បីទៅធ្វើការងារនៅស្រុកកោះធំ ខេត្តកណ្តាល ប៉ុន្តែក្រោយមក បែរជាដឹកជញ្ជូន ម៉ុក ផុន និងកងចល័តទាំង ៥០០នាក់នោះ ទៅកាន់ទីក្រុងភ្នំពេញទៅវិញ។ ក្នុងការធ្វើដំណើរនោះ កងចល័តត្រូវជិះរថយន្តពីស្រុកឈូក ទៅសម្រាកនៅស្ថានីយរថភ្លើងខេត្តតាកែវ ទើបបន្តដំណើរតាមរថភ្លើងទៅកាន់ទីក្រុងភ្នំពេញ។ ពេលទៅដល់ទីក្រុងភ្នំពេញ កងចល័តទាំងអស់ត្រូវបានបែងចែកឱ្យទៅធ្វើការតាមបណ្តារោងចក្រ សិប្បកម្ម និងពេទ្យនានា។ ដោយឡែកមានតែ ម៉ុក ផុន ម្នាក់គត់ ដែលត្រូវបានជ្រើសរើសឱ្យទៅធ្វើជាពេទ្យនៅពេទ្យបដិវត្តន៍ ព-១ នៃក្រសួងសង្គមកិច្ច (បច្ចុប្បន្នជាមន្ទីរពេទ្យកាល់ម៉ែត)។ កាលទៅដល់ដំបូង ម៉ុក ផុន បានស្នាក់នៅផ្ទះថ្មកម្ពស់ ៣ជាន់ ហើយនៅព្រឹកថ្ងៃបន្ទាប់ យុវជន-យុវនារីទាំងអស់ ត្រូវបានដឹកតាមរថយន្តដើម្បីទស្សនាទីក្រុង។ នៅពេលនោះ ម៉ុក ផុន បានឃើញទីក្រុងភ្នំពេញមានសភាពស្ងាត់ជ្រងំ គ្មានប្រជាជនរស់នៅ គឺមានតែទាហានខ្មែរក្រហមឈរជើងការពារប៉ុណ្ណោះ។ ទោះបីជាមានការព្រួយបារម្ភពីសុវត្ថិភាព និងមានមន្ទិលសង្ស័យជាខ្លាំង ក៏គាត់មិនហ៊ានសាកសួរអ្នកជូនដំណើរ ឬកម្មាភិបាលខ្មែរក្រហមឡើយ។ នៅក្នុងពេទ្យបដិវត្តន៍ ព-១ ម៉ុក ផុន ត្រូវបានអង្គការបណ្តុះបណ្តាលវិជ្ជាពេទ្យផ្នែកកុមារ និងសម្រាល តាមរយៈពេទ្យជនជាតិខ្មែរ និងជនជាតិចិន។ នៅទីនោះ ម៉ុក ផុន បានជួបជាមួយយុវនារីម្នាក់ដែលមានវ័យស្របាលគ្នាឈ្មោះ នី ដែលមានទីលំនៅក្បែរផ្ទះគ្នា និងជាកូនស្រីរបស់រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម ឈ្មោះ ចេង អន។[3]
វគ្គបណ្តុះបណ្តាលដែល ម៉ុក ផុន ទទួលបានពីពេទ្យជនជាតិខ្មែរ និងចិនរួមមាន៖ ការរៀនចំណាំឈ្មោះថ្នាំ, របៀបមើលថែទាំអ្នកជំងឺកុមារ និងរបៀបចាក់ថ្នាំ ដោយដំបូងឡើយត្រូវអនុវត្តរៀនចាក់នៅលើខ្នើយក្នុងរយៈពេលប្រហែល ១ខែ ទើបយូរៗទៅពេទ្យចិន និងខ្មែរអនុញ្ញាតឱ្យអនុវត្តចាក់ថ្នាំផ្ទាល់លើអ្នកជំងឺ ដែលជាបុគ្គលិកពេទ្យដូចគ្នា។ ប្រធានក្រុមពេទ្យចាក់ថ្នាំនៅពេលនោះមានឈ្មោះ ប៊ី និងឈ្មោះប្រធានពេទ្យឈ្មោះម៉ិញ។ ក្នុងអំឡុងពេលបំពេញការងារ នៅពេទ្យ បដិវត្តន៍ ព-១ អ្នកជំងឺភាគច្រើនគឺជាកុមារ និងស្ត្រីមានផ្ទៃពោះ មកទទួលសេវាសម្រាលកូន។[4] ពេទ្យមានជនជាតិខែ្មរ និងជនជាតិចិននៅរង់ចាំជួយអន្តរាគមន៍ក្នុងការព្យាបាល។ ក្នុងពេលបំពេញភារកិច្ចនៅបដិវត្តន៍ពេទ្យ ព-១ ម៉ុក ផុន ធ្លាប់បានស្នើសុំឈ្មោះ ប៊ី និងឈ្មោះ ម៉ិញ ដើម្បីទៅសួរសុខទុក្ខក្រុមគ្រួសារ ប៉ុន្តែត្រូវបានបដិសេធ។
ផ្អែកលើឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ដែលបានធ្វើឡើងក្នុងអំឡុងពេល ម៉ុក ផុន ធ្វើជាពេទ្យ នៅពេទ្យបដិវត្តន៍ ព-១ បានវាយតម្លៃលើលក្ខណៈសម្បត្តិរបស់គាត់ថា៖ មានអត្តចរិតបដិវត្តន៍ល្អ មិនដែលដើរហើរផ្ដេសផ្ដាស់ ឬមានទំនាក់ទំនងខុសសីលធម៌ឡើយ សីលធម៌រស់នៅមានភាពសុភាពរាបសារ មិនដែលឈ្លោះប្រកែកទាស់ទែងគ្នាជាមួយនរណាម្នាក់ឡើយ។ ក្រោយបដិវត្តន៍ សីលធម៌នៃការរស់នៅគឺស្លូតបូត មិនចេះនិយាយមាត់ធំមាត់តូច ឧស្សាហ៍ព្យាយាម និងមិនដែលខ្ជិលច្រអូស។ ម៉ុក ផុន ក៏មានជំហរសន្សំសំចៃ មានអនាម័យ និងសណ្តាប់ធ្នាប់បានមួយកម្រិត ប៉ុន្តែមិនទាន់ខ្ជាប់ខ្ជួននៅឡើយ។ បន្ទាប់ពីបំពេញការងាររួចគាត់តែងតែទុកដាក់សម្ភារនៅកន្លែងដើមវិញបានត្រឹមត្រូវ និងខិតខំសម្អាតអនាម័យកន្លែងស្នាក់នៅ ក៏ដូចជាកន្លែងធ្វើការបានយ៉ាងល្អ។
នៅឆ្នាំ ១៩៧៩ ពេលដែលរបបខ្មែរក្រហមដួលរលំ ម៉ុក ផុន បានរត់ភៀសខ្លួនជាមួយពេទ្យ និងកម្មាភិបាលខ្មែរក្រហមនៃពេទ្យបដិវត្តន៍ ព-១ តាមរយៈរថភ្លើងឆ្ពោះទៅកាន់ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដោយសារស្ថានភាពរស់នៅជួបការលំបាកខ្លាំង គួបផ្សំនឹងចិត្តនឹករលឹកដល់ឪពុកម្តាយ និងបងប្អូន ម៉ុក ផុន បានសម្រេចចិត្តធ្វើដំណើរត្រឡប់មករស់នៅស្រុកឈូក ខេត្តកំពតវិញ។ នៅឆ្នាំ ១៩៨០ ម៉ុក ផុន បានរៀបការសាងគ្រួសារជាមួយប្តីឈ្មោះ ចាន់ សារឿន។ បច្ចុប្បន្ន អ្នកទាំងពីរមានកូនប្រុសស្រីចំនួន ៨នាក់ និងប្រកបរបរជាកសិករធ្វើស្រែចម្ការ៕
[1] ឯកសារ KPI0079 បទសម្ភាសន៍ របស់ ម៉ុក ផុន អាយុ ៤៥ ឆ្នាំ រស់នៅភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ សម្ភាសន៍ដោយ ផាន់ សុជា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០០៤។
[2] ឯកសារ I00593 ស្តីពីការពិនិត្យប្រវត្តិរូបបដិវត្តន៍របស់សមមិត្ត ម៉ុក ផុន មានស្រុកកំណើត និងរស់នៅតំបន់ ៣៥ ខេត្តកំពត ភូមិភាគនិរតី។ ម៉ុក ផុន មាននាទីជាពេទ្យផ្នែកកុមារ និងសម្រាល នៅពេទ្យ ព-១។
[3] ចេង អន ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលត្រូវបានរបបខ្មែរក្រហមចាប់ខ្លួនព្រមទាំងបក្ខពួក នៅអំឡុងចុងរបបនោះ។ នី ដែលជាកូនស្រីរបស់ ចេង អន និងបំពេញការងារនៅពេទ្យបដិវត្តន៍ ព-១ ព្រមទាំងជាកម្មាភិបាលម្នាក់នៃពេទ្យបដិវត្តន៍ ព-១ ក៏ត្រូវបានចាប់ខ្លួនបន្ទាប់ពីគណៈមជ្ឈិម បានធ្វើការបោសសម្អាត ចេង អន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងខ្សែបណ្តាញនៅក្នុងឆ្នាំ១៩៧៨។ ផុន បាននិយាយថា រដ្ឋមន្ត្រី ចេង អន និងកូនស្រីឈ្មោះ នី មានស្រុកកំណើតនៅម្តុំវត្តទុល ភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ផ្ទះរបស់គ្រួសារ ចេង អន ស្ថិតនៅជាប់របងវត្តទុល ហើយផ្ទះរបស់ ម៉ុក ផុនស្ថិតនៅខាងត្បូងវត្ត។
[4] ម៉ុក ផុន ឱ្យដឹងថាពេទ្យបដិវត្តន៍ ព-១ គឺស្ថិតក្នុងចំណោមពេទ្យរបស់បដិវត្តន៍ផ្សេងទៀតដែលរួមមាន៖ ពេទ្យ ៧ មករា ដែលមានទីតាំងនៅជិតវត្តភ្នំ និងពេទ្យ ៦ មករា ដែលមានទីតាំងនៅជិតផ្សារដើមគរ (បច្ចុប្បន្នជាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)។ ពេទ្យបដិវត្តន៍ ព-១ ព្យាបាលជំងឺភាគច្រើនជាកុមារ និងស្រ្តីសម្រាលកូន គ្មានយោធារបួសពីសមរភូមិមកសម្រាកព្យាបាលនោះទេ។
អត្ថបទដោយ អេង សុខម៉េង

