ខ្មែរក្រហមបានសម្លាប់សាច់ញាតិខ្ញុំអស់ចំនួន១៤នាក់
(ស្វាយរៀង) ៖ តូច សាតជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦២ឆ្នាំ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាត មានឪពុកឈ្មោះ តូច ឈឿន និងម្ដាយឈ្មោះ គង់ សង់។ គាត់ ជាកូនទី២ក្នុងចំណោមបងប្អូនទាំង១០នាក់។
នៅសម័យ លន់ នល់ សាត បានឈប់រៀននៅថ្ងៃទី១ដើម្បីជួយធ្វើការងារស្រែចំការ ឪពុក ម្តាយ និង ដោយសារពេលនោះ សាលាក៏ត្រូវបានបិទដោយសារសង្គ្រាម។ ពេលខ្មែរក្រហមចូលគ្រប់គ្រងប្រទេសកម្ពុជា សាត និងយុវជន-យុវនារី ក្នុងភូមិត្រូវបានអង្គការកំណត់តួនាទីឲ្យធ្វើជានារីកងចល័ត ដោយត្រូវជីកស្រះនៅឆ្ងាយៗពីលំនៅដ្ឋានដែលគាត់រស់នៅ។ សាត និយាយថា ស្រះដែលគាត់និងយុវជនដទៃទៀតជីកមានទំហំប្រហែលមួយហិចតា និងត្រូវបានប្រើប្រាស់ដើម្បីស្តុកទឹកទុកធ្វើស្រែនារដូវប្រាំង។ ឪពុករបស់ សាត ត្រូវបានប្រើឲ្យឡើងត្នោត យកទឹកដើម្បីផលិតជាស្ករ ចំណែកម្ដាយត្រូវស្ទូងស្រូវ និងបុកអង្ករ ទុកសម្រាប់សហករណ៍រោងបាយ ស្រុកស្វាយជ្រំ។ បងប្អូន របស់ សាត ត្រូវធ្វើការនៅកងចល័ត និង កងកុមារ។ នៅសហករណ៍ស្រុកស្វាយជ្រំ សាត បាននិយាយថា ប្រជាជនទាំងអស់រួមទាំងគ្រួសារគាត់ផង ទទួលបានរបបអាហារមិនគ្រប់គ្រាន់ ដោយ១ថ្ងៃទទួលបានតែបាយ និងសម្លម្ជួរត្រកួនម្នាក់២វែក។ រីឯការងារវិញ ត្រូវធ្វើដោយគ្មានពេលសម្រាក គឺធ្វើតាំងពីព្រលឹមដល់យប់ ឬបន្តដល់ព្រឹកថ្ងៃស្អែក គឺធ្វើការដោយលើសកម្លាំង។ ក្រោយមកខ្មែរក្រហមបានជម្លៀស សាត និងគ្រួសារពីស្រុកកំណើតទៅខេត្តបាត់ដំបង។ សាត និងប្រជាជនដទៃទៀតត្រូវធ្វើដំណើរដោយថ្មើរជើងទាំងយប់ ទាំងថ្ងៃប្រហែលមួយខែទើបដល់អ្នកលឿង ខេត្តព្រៃវែង។ សាត បានសម្រាកនៅទីនោះ៣ថ្ងៃដើម្បីរងចាំឆ្លងទន្លេទៅត្រើយម្ខាង។ បន្ទាប់មក សាត ត្រូវធ្វើដំណើរដោយរថយន្តឆ្ពោះទៅស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ រួចក៏បានបន្តដំណើរទៅកាន់ខេត្តបាត់ដំបងដោយជិះរថភ្លើង។ ពេលទៅដល់បាត់ដំបង សាត ត្រូវបានប្រើឲ្យធ្វើការជីកស្រះ និងបុកអង្ករ។ សាត ធ្វើការងារចាប់ពីម៉ោង២ទៀបភ្លឺ ធ្វើការដោយគ្មានអាហារពេលព្រឹក។ សាត ឲ្យដឹងថាប្រធានកងដែលគ្រប់គ្រងកងចល័តគាត់ធ្វើការបានគៀបសង្កត់ និងបានដាក់កំណត់ការងារច្រើនឥតពេលសម្រាក។ នៅបាត់ដំបង សាត បានបាត់បង់ប្អូនចំនួនប្រាំនាក់ ស្លាប់ដោយជំងឺកញ្ជ្រឹលខ្វះការមើលថែទាំ គ្មានថ្នាំព្យាបាល និងធ្វើការហួសកម្លាំង ព្រមទាំងគ្មានអាហារហូបគ្រប់គ្រាន់។
ក្រោយពីរបបខ្មែរក្រហមដួលរលំ សាត បានធ្វើដំណើរពីខេត្តបាត់ដំបង មកខេត្តស្វាយរៀង។ ពេលធ្វើដំណើរដល់ខេត្តពោធិ៍សាត់ សាត បានជួបជាមួយ ឪពុក ម្ដាយ និងបងប្អូនបួននាក់។ សាត និងគ្រួសារ បានតស៊ូដើរដោយថ្មើរជើងរយៈពេលមួយខែ ទើបដល់ស្រុកកំណើត។ សាត រួមជាមួយ ឪពុក ម្តាយ បានប្រកបរបបកាប់អូសលក់ និងរកត្រីដើម្បីចិញ្ចឹមប្អូនៗ ក្នុងស្ថានភាពក្រីក្រ។
អំឡុងសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្ត សាត បានយំ ពេលរំលឹករឿងរ៉ាវពីអតីតកាលដ៏ជូរចត់ និងឃោរឃៅ។ សាត បានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយគួរស្វែងយល់បន្ថែមពីរបបខ្មែរក្រហម ព្រមទាំងបញ្ជៀសកុំឲ្យរបបបែបនេះកើតឡើងវិញម្តងទៀត។ ដូចអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផ្សេងទៀតដែរ សាត មានជំងឺប្រចំាកាយដូចជា ជំងឺលើសឈាម និងជំងឺសន្លាក់ដៃ និងជើង។