ការរស់នៅរបស់ហ៊ីម នៅក្នុងភូមិត្រពាំងសោម

ម៉ៅ ហ៊ីម[1] អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ ហ៊ីម មានឪពុកឈ្មោះ ម៉ៅ មាន ស្លាប់នៅក្នុងជំនាន់សម្ដេចតាដោយសារជំងឺគ្រុនចាញ់ ហើយម្ដាយឈ្មោះ ម៉ម ហាន់ ស្លាប់ដោយសារជំងឺគ្រុនចាញ់នៅពេលភៀសខ្លួនលើភ្នំនាដើមឆ្នាំ១៩៧៩។ ហ៊ីម មានបងប្អូនជាច្រើននាក់ ដោយក្នុងចំណោមនោះមានឈ្មោះ ហ៊ីម(ឈ្មោះរបស់គាត់ផ្ទាល់), ហឿន, ហន និងប្រុសពៅម្នាក់ឈ្មោះ ចាន់រ៉ា។ ហ៊ីម មានប្ដីឈ្មោះ អោគ កប និងមានកូនពីរនាក់រស់នៅ និងធ្វើការក្នុងកងកុមារ។
នៅក្នុងសម័យខ្មែរក្រហម ហ៊ីម បានចូលក្នុងកងចល័តដើម្បីធ្វើការលើកទំនប់ ជីកប្រឡាយនៅរដូវប្រាំង បុកអង្ករ, រែកដីដំបូក, ធ្វើជី, រែកជីទៅដាក់ក្នុងស្រែ និងធ្វើស្រែស្ទូងដកនៅក្នុងឃុំ។ ជារៀងរាល់ឆ្នាំនៅក្នុងតំបន់ដែល ហ៊ីម រស់នៅធ្វើស្រែទទួលបានទិន្នផលល្អណាស់ ប៉ុន្តែរបបអាហារដែលគាត់ និងប្រជាជនទទួលបានមិនគ្រប់គ្រាន់នោះទេ ព្រោះស្រូវដែលច្រូតកាត់បានត្រូវលើកដាក់ឡានធំដឹងចេញពីភូមិស្ទើរតែទាំងអស់។ លើសពីនេះទៅទៀត ប្រសិនបើមានអ្នកធ្វើការងារមិនគ្រប់ផែនការ ធ្វើការងារមិនល្អ ឬធ្វើខុសបន្តិចបន្តួច អង្គការនឹងបណ្ដើរចេញទៅរៀនសូត្រ និងមិនដែលឃើញត្រលប់មកវិញនោះទេ។ ហ៊ីម បានបន្តថា គាត់សង្ស័យថាអង្កការបានចាប់អ្នកទាំងអស់នោះយកទៅសម្លាប់ ព្រោះកន្លែងដែលអង្គការចាប់មនុស្សយកទៅ ប្រធានកងបានហាមឃាត់ ហ៊ីម និងប្រជាជនមិនឲ្យសម្លឹងមើល និងមានសំឡេងចាក់ចម្រៀងបដិវត្តន៍ឮៗខ្លាំងជាញឹកញាប់។
នៅក្នុងសហករណ៍ ថ្ងៃទី១០ និងថ្ងៃទី២០ នៃខែនីមួយៗ អង្គការបានអនុញ្ញាតឲ្យប្រជាជនឈប់ធ្វើការងារមួយថ្ងៃ ហើយប្រធានរោងបាយបានសម្លាប់សត្វជ្រូក ឬគោ យកសាច់ទៅស្ងោជាមួយបន្លែព្រលឹត ឬបន្លែផ្សេងៗទៀតចែកឲ្យជាជនហូប។ អំឡុងពេលហូបអាហារ ប្រជាជនត្រូវឆ្លើយថាឆ្ងាញ់ នៅពេលអង្គការសួរនាំ និងមិនអាចត្អួញត្អែរបានទេ។ ចំពោះកុមារទាំងអស់ និងយុវជនក្នុងកងចល័ត អាចមកលេងឪពុកម្ដាយនៅថ្ងៃនោះ ប៉ុន្តែត្រូវត្រលប់ទៅកន្លែងការងារវិញនៅម៉ោងប្រមាណ៣ ទៅ៤រសៀល ទៅតាមកន្លែងធ្វើការងារជិតឆ្ងាយ ដើម្បីត្រៀមខ្លួនធ្វើការថ្ងៃបន្ទាប់។
នៅកន្លែងធ្វើការ ក្មេងៗមិនអាចត្រលប់មកលេងផ្ទះដោយគ្មានការអនុញ្ញាតនោះទេ ហើយប្រសិនបើប្រធានក្រុមដឹងគឺត្រូវចាប់យកត្រលប់ទៅវិញធ្វើទារុណកម្ម។ ចំណែកឪពុកម្ដាយនៅផ្ទះ ត្រូវបានប្រធានសហករណ៍ឈ្មោះ យិន និងយាប់ ឬអនុប្រធានកងនារីផ្សេងទៀតនៅក្នុងភូមិមកស្ដីបន្ទោស និងហាមឃាត់កុំឲ្យផ្ដល់របបអាហាររបស់ខ្លួន ឬលួចដំណាំនៅក្នុងផ្ទះទៅកូនដែលរត់ត្រលប់មកផ្ទះ។ ចំពោះអ្នកដែលឈឺ ហើយមានលិខិតតាមកងកាន់មកជាមួយ អង្គការបានផ្ដល់អាហារឲ្យធម្មតាទៅតាមចំនួនថ្ងៃដែលប្រធានរបស់ខ្លួនអនុញ្ញាតឲ្យមកព្យាបាលជំងឺ។
ក្រោយមក នៅពេលដែលមានការប្រយុទ្ធគ្នាជាមួយវៀតណាម ប្រធានសហករណ៍ឈ្មោះ តិន និងស្រេន បានមកហៅប្អូនរបស់ហ៊ីម ឈ្មោះ ហឿន រួមជាមួយកូនស្រីរបស់តាប៉ិន និងតាជា យាយអោ ឲ្យទៅធ្វើជានីរសារនៅខ្ពកត្របែក ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ មុនពេលចេញដំណើរ ម្ដាយឪពុករបស់ហ៊ីម បានទៅសុំអង្វរប្រធានសហករណ៍កុំឲ្យបញ្ជូនកូនរបស់គាត់ទៅ ប៉ុន្តែអង្គការបានបដិសេធថា “ត្រូវតែទៅ រឿនកូនចៅមីងឯងរារាំងអី ”។ មួយវិញទៀត ក្មេងជាច្រើនអ្នកទៀតដែលមានអាយុ១៥ ឬ១៦ឆ្នាំប្រហាក់ប្រហែលហឿន បានចេញទៅធ្វើការងារអស់ហើយ ដោយអ្នកខ្លះទៅក្នុងកងចល័ត ទៅតាមការដ្ឋាន និងខ្លះទៀតទៅធ្វើជាយោធា។ ចំណែកឯប្រជាជននៅក្នុងភូមិ អង្គការបានរៀបចំអ្នកសែងយុវជនរងរបួសនៅពេលប្រយុទ្ធវាយក្នុងសមរភូមិជាមួយវៀតណាម។ ចាប់តាំងពីពេលនោះមក ហ៊ីម និងម្ដាយ មិនដែលបានជួបមុខ ហឿន បន្តទៀតទេ ប៉ុន្តែគាត់បានទទួលដំណឹងថាប្អូនរបស់គាត់បានប្ដូរទៅធ្វើពេទ្យនៅទីក្រុងភ្នំពេញនៅឆ្នាំបន្ទាប់។[2]
ដើមខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានប្រកាសថាកងទ័ពវៀតណាមវាយចូលមក និងចាប់សម្លាប់ប្រជាជន។ នៅពេលឮដូច្នេះ ប្រជាជននៅក្នុងភូមិ រួមទាំងគ្រួសាររបស់ហ៊ីម មានការភិតភ័យយ៉ាងខ្លាំង និងបាននាំគ្នារត់ភៀសខ្លួនទៅដល់ភ្នំលិច។ នៅពេលរត់ភៀសខ្លួន ហ៊ីម និងប្រជាជនមួយចំនួនមិនបានត្រៀមស្បៀងអាហារ ឬសម្លៀកបំពាក់ជាប់ខ្លួនទាល់តែសោះ។ នៅលើភ្នំ ហ៊ីម បានជួបការលំបាកយ៉ាងខ្លាំងព្រោះគាត់ត្រូវមើលថែកូនពីរនាក់តែម្នាក់ឯង ហើយប្ដីរបស់គាត់បានវង្វេងបែកគ្នានៅលើភ្នំ។ ចំពោះ ម្ដាយ និងបងប្អូនរបស់គាត់ បាននាំគ្នារត់ភៀសខ្លួនទៅលើភ្នំមុនគាត់ទៅទៀត។
ហ៊ីម បានចំណាយពេល៣ខែរត់ឡើងចុះភ្នំរហូតបានជួបជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ទើបត្រលប់មកស្រុកកំណើតវិញ ហើយប្ដីរបស់គាត់បានត្រលប់មកតាមក្រោយ។ ពេលមកដល់ផ្ទះ ហ៊ីម បានឮដំណឹងពីប្ដីរបស់គាត់ថាបានជួបជាមួយ ហឿន នៅលើភ្នំ។ ប្ដីរបស់ហ៊ីម បានហាមឃាត់ប្អូនថ្លៃឲ្យឈប់ធ្វើពេទ្យនិងត្រលប់មកផ្ទះវិញ ប៉ុន្តែហឿន បានបដិសេធ ព្រោះគាត់ខ្លាចរកទិសដៅមិនឃើញ ទើបគាត់ត្រូវធ្វើដំណើរទៅតាមក្រុមបន្តទៀត។ នៅពេលឮប្អូនថ្លៃនិយាយដូច្នេះ ប្ដីរបស់ហ៊ីម បានប្រាប់ឲ្យហឿន ផ្ដល់ដំណឹងមកគ្រួសារវិញនៅពេលដែលទៅដល់ទិសដៅរបស់ខ្លួន។ ចាប់តាំងពីពេលនោះមក ហ៊ីម បាត់ដំណឹងប្អូនរហូតមក។ ចំពោះម្ដាយ និងបងប្អូនមួយចំនួនទៀតរបស់ហ៊ីម បានស្លាប់នៅពេលរត់ភៀសខ្លួនលើភ្នំនេះដែរ។
[1] ឯកសារលេខ TKI0078 កិច្ចសម្ភាសន៍ជាមួយឈ្មោះ ហ៉ៅ ហ៊ីម ត្រូវជាបងស្រីរបស់ ម៉ៅ ហឿន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ដោយព្រំ ផល្លា ក្នុងគម្រោងការលើកកម្ពស់ និងជម្រុញឲ្យមានការទទួលខុស, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឯកសារលេខ I05482, ពិនិត្យប្រវត្តិរូបបដិវត្តន៍ សមមិត្ត ម៉ៅ ហឿន នៅមន្ទីរពេទ្យ៦មករា ក្រសួងសង្គមកិច្ចសុខាភិបាល អាគា៥, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូប ហឿន បានសរសេរថាខ្លួនមានបងប្អូនចំនួន១១នាក់ ក្នុងនោះមានឈ្មោះ ម៉ៅ លី, ម៉ៅ ហ៊ីម, ម៉ៅ សីន, ម៉ៅ ខន, ម៉ៅ នី, ម៉ៅ ហឿន, ម៉ៅ ខុម, ម៉ៅ ហន, ម៉ៅ ចាន់ណា, ម៉ៅ ចាន់រ៉ា និង ម៉ៅ តុឡា។
អត្ថបទដោយ៖ ភា រស្មី

