ទូច ឃីម៖ ធ្វើការក្នុងក្រុមយុវជនប្រមូលផ្ដុំ

ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលបានឃើញកងឈ្លបចំនួន១២នាក់ដែលមានកាំភ្លើងគ្រប់ដៃចាប់យុវជនម្នាក់បិទមុខ និងចងដៃបត់ទៅក្រោយ ហើយប្រកាសកុំឲ្យប្រជាជនធ្វើដូចមនុស្សម្នាក់នោះដែលហ៊ានលួចរត់ទៅប្រទេសវៀតណាម។ នៅពេលប្រកាសរួច អង្គការបានយកកាំភ្លើងបាញ់ចំសៀតផ្កា រួចអូសយកសាកសពទៅក្នុងព្រៃដើម្បីវះពោះ និងកាត់ប្រមាត់យកមកបង្ហាញមនុស្សទាំងអស់នៅក្នុងអង្គប្រជុំ។
ទូច ឃីម អាយុ៦៦ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ឃីម មានអាយុ១៩ឆ្នាំ។ ឃីម ត្រូវបានអង្គការបញ្ជូនទៅក្នុងក្រុមប្រមូលផ្ដុំជាមួយយុវជនជាច្រើននាក់ទៀត ដើម្បីចេញទៅធ្វើការងារកាត់ស្លឹកត្នោត និងដេកស្លឹកសម្រាប់ប្រក់ផ្ទះ ឬរោង រួចបន្តទៅធាក់រហាត់ទឹកធ្វើស្រែប្រាំង។ នៅឆ្នាំ១៩៧៦ ឃីម ត្រូវបានអង្គការជ្រើសរើសឲ្យចូលក្នុងកងយុវជនធំមួយដែលមានយុវជនចំនួន១០០នាក់ និងកងនារី១០០នាក់ ទៅធ្វើការនៅកំពង់អំពិល កំពង់យោល(បច្ចុប្បន្នស្រុកបុរីជលសារ) ក្បែរព្រំដែនវៀតណាម។
នៅកន្លែងថ្មី ឃីម បានធ្វើការកាត់ស្មៅក្នុងបឹង រួចប្រមូលជាផ្នែលៗទុកលើកភ្លឺប្រឡាយ។ ចូលដល់ខែវស្សា ឃីម បានបន្តជិះស្នោទៅកាត់ស្មៅក្នុងទឹក ដែលមានមុខកាត់ប្រមាណ៥ ទៅ៦ម៉ែត្រ សម្រាប់មូល។ នៅកន្លែងធ្វើការ ឃីម ត្រូវក្រោកតាំងពីព្រឹកព្រលឹម ដើម្បីធ្វើការរហូតដល់ពេលថ្ងៃត្រង់ ទើបអាចសម្រាកហូបអាហារបានមួយភ្លែត និងចូលធ្វើការរហូតពេលល្ងាច។ ប៉ុន្តែនៅពេលដែលមានការងារច្រើន អង្គការបានឲ្យ ឃីម និងក្រុមយុវជន ធ្វើការដល់ម៉ោងប្រមាណ១០យប់បន្តទៀត។ ចំពោះការហូបអាហារ ឃីម ទទួលបានបាយបន្តិចបន្តួច ឬបបរលាយជាមួយពោត។
នៅពេលយប់ឡើង ឃីម ត្រូវសម្រាកនៅលើទឹកក្នុងទំនប់កំពង់អំពិល កំពង់យោលនោះទៀត ហើយនៅពេលឈឺមានថ្នាំទឹកសម្រាប់ចាក់ព្យាបាល។ ជាក់ស្ដែងនៅពេល ឃីម ធ្លាក់ខ្លួនឈឺធ្ងន់ អង្គការបានយកម្ជុលទៅបូមថ្នាំពីដបទឹកក្រូចទៅចាក់ចូលសាច់របស់គាត់ ដោយនៅពេលចាក់លើកទីមួយម្ជុលវៀច ហើយនៅពេលចាក់លើកទីពីររួចទើប ឃីម ចាប់ផ្ដើមមានកម្លាំង និងជាពីជំងឺ។ ប៉ុន្តែសម្រាប់យុវជនមួយចំនួនទៀតមានសុខភាពកាន់តែទ្រុធទ្រោមទៅៗ ព្រោះថ្នាំដែលអង្គការព្យាបាលមិនមានប្រសិទ្ធភាព។
ថ្ងៃមួយ ឃីម មានការតក់ស្លុតយ៉ាងខ្លាំងព្រោះគាត់បានឃើញកម្មាភិបាលខ្មែរក្រហមចំនួន១២នាក់ ចាប់យុវជនម្នាក់ដែលធ្លាប់ធ្វើការកាលពីសង្គមចាស់បិទមុខ និងចងដៃបតទៅក្រោយ។ បន្ទាប់មក អង្គការបានហៅប្រជាជនដែលធ្វើការនៅទីនោះទាំងអស់ឲ្យមកមើល រួចប្រកាសថាកុំឲ្យធ្វើដូចយុវជននោះទៀត ដែលហ៊ានលួចរត់ចូលប្រទេសវៀតណាម។ នៅពេលប្រកាសរួច អង្គការបានយកកាំភ្លើងបាញ់ចំសៀតផ្កា រួចអូសសាកសពយកចូលទៅក្នុងព្រៃដើម្បីវះពោះ និងកាត់យកប្រមាត់មកបង្ហាញមនុស្សទាំងអស់នៅក្នុងអង្គប្រជុំ។
ក្រោយមក អង្គការបានបញ្ជូន ឃីម ទៅធ្វើការនៅស្រឡុង។ នៅទីនោះ ឃីម បានឮដំណឹងថា អង្គការបានចោទប្រកាន់អ្នករកត្រីឲ្យកងវរៈថាបានយកអាវុធរត់ចូលខ្មាំង(ប្រទេសវៀតណាម) និងចាប់ខ្លួនយកទៅសួរចម្លើយ និងធ្វើទារុណកម្ម ដោយដុតភ្លៅរទេះឲ្យក្ដៅរួចយកទៅវាយធ្វើបាប រួចចាប់វះពោះយកប្រមាត់មកដាក់ក្នុងស្រាផឹក។
នៅឆ្នាំ១៩៧៨ អង្គការបានបញ្ជូនឃីម និងក្រុមយុវជន ទៅធ្វើការនៅព្រៃក្ដួច។ នៅកន្លែងថ្មី ឃីម បានឃើញអង្គការរៀបចំឲ្យយុវជនមួយគូរៀបការជាមួយគ្នា ប៉ុន្តែមិនធ្វើតាមប្រពៃណីដូចកាលពីមុននោះទេ។នៅដើមខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ឃីម បានធ្វើដំណើរត្រលប់ទៅផ្ទះរបស់គាត់វិញ។ នៅក្នុងភូមិ ឃីម បានបាត់ដំណឹងពីគ្រួសាររបស់ពូបង្កើត និងបងជីដូនមួយ ដែលត្រូវបានអង្គការជម្លៀសទៅខេត្តបាត់ដំបង។
នៅពេលផ្ដល់បទសម្ភាសន៍ ឃីម មានជំងឺឫដូងបាត ដែលជំងឺរបស់គាត់កើតឡើងពីការធ្វើការងារធ្ងន់ៗ។ ក្រៅពីនេះ ឃីម មានជំងឺភ្នែកឡើងបាយ ហើយគាត់បានទៅធ្វើការបកភ្នែកទាំងសងខាងពីរដងមកហើយ។ ឃីម គិតថាជំងឺរបស់គាត់កើតឡើងមកពីការខ្វះជីវជាតិ ហូបអាហារមិនគ្រប់គ្រាន់ និងការធ្វើការងារធ្ងន់បែកញើសចូលភ្នែកក្នុងសម័យខ្មែរក្រហម។ មួយវិញទៀត ឃីម ចង់ឲ្យមានការចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម និងចង់ឲ្យក្មេងៗជំនាន់ក្រោយបានសិក្សាពីរបបមួយនេះ ដើម្បីការពារកុំឲ្យអំពើប្រល័យពូជសាសន៍វិលត្រលប់មកវិញម្ដងទៀត។
សម្ភាសន៍ដោយ៖ ស្រឿន ធារ៉ា ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

