ជាប់គុក៣០ថ្ងៃ ដោយសារឆេះរោងដាក់ស្រូវ

ឌៀប លឹមឈាង[1] អាយុ៧៣ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឈាង មានបងប្អូនចំនួន១១នាក់ ក្នុងនោះមានម្នាក់កើតក្រោយរបបខ្មែរក្រហម។ កាលពីក្មេង ស្ថានភាពគ្រួសារឈាង មានជីវភាពធូរធារ ហើយគាត់បានចូលរៀនចាប់ពីថ្នាក់ទី១២ រហូតដល់ប្រឡងជាប់ឌីប្លូមនៅសាលាកំពែង។ បន្ទាប់មក ឈាង បានទៅរៀនបន្តថ្នាក់ទី៣នៅទីក្រុងភ្នំពេញ រហូតដល់បញ្ចប់ថ្នាក់ទី១ និងប្រឡងជាប់បាក់ឌុបជាប់បានចូលធ្វើបេអឹមពាក់ស័កពីរ។

ឈាង ធ្វើជាបេអឹម រហូតដល់ក្រុមខ្មែរក្រហមវាយចូលដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងបានជម្លៀសប្រជាជនទាំងអស់ រួមទាំង ឈាង ទៅកាន់ទីជនបទដែលជាស្រុកកំណើតវិញ។  នៅពេល ឈាង ទៅដល់សហករណ៍ អង្គការបានសួរប្រវត្តិរូប​ការងារនៅទីក្រុងភ្នំពេញ ហើយគាត់បានកុហកថាខ្លួនកំពុងសិក្សារៀនសូត្រ និងមិនទាន់ចូលធ្វើការងារអ្វីទាំងអស់។ មិនយូរប៉ុន្មាន អង្គការបានជម្លៀស ឈាង ឲ្យទៅរស់ភូមិបន្ទាត់បោះ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង(បច្ចុប្បន្នខេត្តបន្ទាយមានជ័យ) ហើយបងប្អូន និងឪពុកម្ដាយរបស់គាត់ត្រូវចែកផ្លូវគ្នាធ្វើការក្នុងកងនៅខេត្តតាកែវ។​ ​

នៅសហករណ៍ថ្មី អ្នកដែលជម្លៀសចូលទៅរស់នៅដូច ឈាង មានចំនួនជាច្រើនរយនាក់។ នៅទីនោះ ប្រជាជនទាំងអស់រួមទាំង ឈាង មិនដែលបានហូបបាយទាល់តែសោះ ព្រោះអង្គការផ្ដល់ត្រឹមបបរខាប់ម្នាក់មួយចានជងក្នុងមួយពេល ហើយមួយថ្ងៃហូបពីរដង។ ប៉ុន្តែក្នុងរយៈមួយខែម្ដងអង្គការបានដាំបបរស្ករចែកប្រជាជនហូបជំនួសបបរស។ នៅពេលដល់ម៉ោងហូបអាហារ អង្គការបានវាយអាគាំង(ជួង)ផ្ដល់សញ្ញាឲ្យប្រជាជនដើរទៅហូបបាយរួមក្នុងសហករណ៍ ដែលជាទូទៅមានចម្ងាយប្រមាណ២គីឡូពីកន្លែងគាត់ធ្វើការ។

ជាញឹកញាប់ ឈាង ហូបបបរដែលអង្គការផ្ដល់ឲ្យមិនបានគ្រប់គ្រាន់នោះទេ ដូច្នេះគាត់ត្រូវទុកមួយចំណែកយកទៅផ្ទះដើម្បីដាំលាយជាមួយបន្លែផ្សេងៗបន្ថែមទៀត។ ឈាង ហូបអាហារបែបនេះរាល់ថ្ងៃ ហើយលាមកដែលបន្ទោបង់ចេញមកមានសភាពដូចជាអាចម៍ជ្រូកអ៊ីចឹង។ មិនយូរប៉ុន្មានប្រជាជនរាប់រយនាក់ដែលជម្លៀសចូលទៅរស់នៅទីនោះចាប់ផ្ដើមមានជំងឺហើម និងឈឺគ្រុនចាញ់ស្លាប់អស់ជាបន្តបន្ទាប់ ព្រោះថ្នាំដែលអង្គការធ្វើដោយខ្លួនឯងដែលមានរូបរាងដូចជាអាចម៍ទន្សាយចែកឲ្យប្រជាជនលេបព្យាបាលជំងឺមិនមានប្រសិទ្ធភាព ហើយអ្នកដែលឈឺធ្ងន់ទៅដេកពេទ្យ គឺដូចទៅដេករង់ចាំការស្លាប់។

នៅក្នុងសហករណ៍បន្ទាត់បោះ ឈាង ត្រូវបានចាត់តាំងឲ្យទៅធ្វើចម្ការ បររទេះដឹកស្រូវពូជ ភ្ជួរស្រែ ហើយនៅពេលស្រូវដុះគាត់ត្រូវធ្វើការស្ទូងដកសំណាបចាប់ពីពេលព្រលឹម រហូតដល់ម៉ោង៩យប់ទើបអាចត្រលប់ទៅសម្រាក។ ក្រៅពីការងារខាងលើ ក្រុមរបស់ឈាង​ ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការកាប់ដី និងលើកប្រព័ន្ធភ្លឺឲ្យបាន៣០ម៉ែត្រក្នុងមួយថ្ងៃ ហើយនៅពេលធ្វើគ្រប់ផែនការគឺអាចទៅស្វែងរកអាហារហូបបន្ថែម។

នៅរដូវប្រមូលផល អង្គការបានរៀបចំឲ្យក្រុមយុវជនច្រូតកាត់ដោយកណ្ដៀវធម្មតា ហើយក្រុមរបស់ឈាង ត្រូវជញ្ជូនកណ្ដាប់នោះយកទៅទុកនៅកន្លែងប្រជាន់ស្រូវ ដើម្បីរៀបចំកណ្ដាប់ស្រូវលើគ្នាខ្ពស់ៗរួចយកអាត្រាក់(គ្រឿងយន្ត)មកប្រជាន់(បរកិន)លើឲ្យជ្រុះគ្រាប់ស្រូវ។ បន្ទាប់មកក្រុមរបស់ឈាង បានយកឈើទៅឆ្កឹះកណ្ដាប់ឡើង និងប្រមូលចំបើងចេញ រួចបន្តរៀបចំកណ្ដាប់ស្រូវដែលមិនទាន់ជ្រុះគ្រាប់ចេញអស់ដាក់លើគ្នា និងបរអាត្រាកកិនពីលើបន្ថែមទៀត។

ជាអកុសល ថ្ងៃមួយមានភ្លើងឆេះព្រៃក្បែរនោះ និងឆេះរាលដាលដល់រោងប្រជាន់ស្រូវអស់ ប៉ុន្តែអង្គការបានចោទប្រកាន់ថាក្រុមរបស់ឈាងជាអ្នកដុត។ បន្ទាប់មក អង្គការបានចាប់ឈាង និងអ្នកធ្វើការប្រជាន់ស្រូវទាំងអស់ប្រមាណ១៦នាក់ យកទៅដាក់ឃុំឃាំង ប៉ុន្តែមិនមានការវាយធ្វើបាបនោះទេ។ នៅកន្លែងឃុំឃាំង ក្រុមរបស់ឈាងទាំងអស់រួមជាមួយអ្នកទោសផ្សេងទៀតទាំងអស់សរុប៣០នាក់ ត្រូវបានអង្គការយកឃ្នាងទៅដាក់កជើងភ្ចាប់គ្នា។ ប៉ុន្តែនៅពេលដែលទាញឈើចេញ ឈាង បានឃើញជើងអ្នកដែលមានទំហំធំៗហើមខ្លាំង ហើយនៅពេលអង្គការរុញឈើបញ្ចូលឃ្នាសវិញបានបុកចំជើងឈឺនោះ ដែលជាហេតុធ្វើឲ្យហើមកាន់តែធំ និងឈឺចាប់យ៉ាងខ្លាំងរហូតដល់ស្រែយំគួរឲ្យអាណិត។

ចំពោះ ឈាង មិនបានរងរបួស ឬឈឺចាប់ដោយសារការបុកឈើនោះទេ ព្រោះជើងគាត់ស្គមស្គាំងខ្លាំងរហូតដល់ស្វិតដើរមិនរួច។ នៅពេលជាប់ឃុំ ឈាង និងអ្នកទោសទាំងអស់ទទួលបានត្រឹមបបរមួយកូនចានជង និងត្រីកញ្ចុះមួយឲ្យហូប ហើយលាមកដែលបន្ទោរបង់មកមានពណ៌លឿងដូចរមៀត។

ឈាង ជាប់គុកអស់រយៈពេល៣០ថ្ងៃ ទើបអង្គការបានសម្រេចចិត្តដោះលែងគាត់ពីមន្ទីរឃុំឃាំង។ នៅពេលចេញពីគុក ឈាង មិនអាចដើរដោយខ្លួនឯងបានទេ ដូច្នេះអង្គការបានរៀបចំមនុស្សពីរនាក់ឲ្យគ្រាគាត់ត្រលប់ទៅខ្ទមវិញដែលមានចម្ងាយប្រមាណ២គីឡូម៉ែត្រ។ នៅពេលទៅដល់ផ្ទះ ឈាង ត្រូវសម្រាកនៅខាងក្រៅសិន ព្រោះគាត់មិនអាចមានកម្លាំងឡើងជណ្ដើរបីកាំទៅស្នាក់ក្នុងខ្ទមបាន។

ក្រោយមក អង្គការបានរៀបចំឲ្យ ឈាង និងយុវជនប្រមាណ១០០គូប្ដេជ្ញាក្នុងពេលតែមួយ។ នៅពេលរៀបការ អង្គការបានឲ្យយុវជន និងយុវនារីអង្គុយជាជួរ ហើយអ្នកដែលត្រូវរៀបការជាមួយគ្នាត្រូវអង្គុយទល់មុខគ្នា រួចប្ដេជ្ញាតាមការប្រកាសរបស់អង្គការ។ នៅពេលរៀបការរួច អង្គការបានធ្វើនំបញ្ចុកចែកឲ្យយុវជនម្នាក់មួយចាន ប៉ុន្តែនៅពេលដល់គូរបស់ឈាង គូទី៩៩គឺអស់នំបញ្ចុកល្មម។ ជាសំណាងល្អ អង្គការបានទៅរំលែកពីអ្នកផ្សេងបានបន្តិចបន្តួចសម្រាប់ ប្ដីប្រពន្ធឈាង និងគូទី១០០។

ឈាង បានឲ្យដឹងថា ប្ដីប្រពន្ធរបស់គាត់ និងអ្នកផ្សេងទៀតដែលរៀបការអំឡុងពេលនោះ ភាគច្រើនគឺបានស្គាល់គ្នាជាមុន ហើយអង្គការបានធ្វើការសួរនាំពីការយល់ព្រមទាំងសងខាងរួចរាល់ហើយទើបរៀបចំប្ដេជ្ញានេះ ប៉ុន្តែបើអ្នករៀបការមុនពេលនោះទៅទៀតមានអ្នកខ្លះត្រូវបានអង្គការបង្ខំ និងទ្រាំរស់នៅជាមួយគ្នា ព្រោះខ្លាចកងឈ្លបចាប់យកទៅសម្លាប់។

ចំពោះសម្លៀកបំពាក់ ពេញមួយរបបខ្មែរក្រហម ឈាង ទទួលបានតែមួយសម្រាប់ប៉ុណ្ណោះពីប្រធានកង។ នៅពេលទទួលបានភ្លាម ឈាង ត្រូវយកសម្លៀកបំពាក់ពណ៌សមួយសម្រាប់នោះទៅជាន់ក្នុងភក់ និងជ្រលក់ក្នុងទឹកស្ងោដើមរុក្ខជាតិឲ្យមានពណ៌ក្រម៉ៅ។

ក្រោយខ្មែរក្រហមដួលរលំ ឈាង បានមើលការកាត់ទោសមេដឹកនាំខ្មែរក្រហមតាមរយៈទូទស្សន៍ ហើយគាត់ពេញចិត្តចំពោះការកាត់ទោះនេះណាស់ ដែលបានផ្ដល់យុត្តិធម៌ដល់ប្រជាជន និងការពារកុំឲ្យរបបខ្មែរក្រហមវិលត្រលប់មកវិញម្ដងទៀត។ មួយវិញទៀត ឈាង គាំទ្រឲ្យមានការរក្សាទុក និងចងក្រងឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម ដើម្បីទុកបង្រៀនដល់ក្មេងៗជំនាន់ក្រោយ។ នៅពេលផ្ដល់បទសម្ភាសន៍ ឈាង មានជំងឺលើសឈាម។ ឈាង យល់ថាជំងឺរបស់គាត់កើតឡើងដោយសារអាយុរបស់គាត់ច្រើន ហើយគាត់បានធ្វើការតាមដានសុខភាពនៅមណ្ឌលសុខភាពឃុំ ជារៀងរាល់ខែ រួមជាមួយការបើកថ្នាំពេទ្យយកមកលេបជាប្រចាំ។

[1] បទសម្ភាសន៍ជាមួយ ឌៀប លឹមឈាង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយ ថៃ ស៊ីណា នៅក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បណ្ណសារដ្ឋានមជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទដោយ៖ ភា​ រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin