ខ្ញុំត្រូវជម្លៀសទៅខេត្តពោធិ៍សាត់

(ខេត្តស្វាយរៀង) រស់ សុខា អាយុ ៦២ ឆ្នាំ មានស្រុកកំណើតនៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុខា មានឪពុកឈ្មោះ រក ស៊ាម និងម្តាយឈ្មោះ គល់ ប៉ាន់។ កាលពីកុមារភាព សុខា រៀនសូត្របានត្រឹមថ្នាក់ទី៣។ បច្ចុប្បន្ន សុខា ប្រកបរបរជាកសិករ នៅភូមិកំណើត។

សុខា បាននិយាយប្រាប់រឿងរ៉ាវដែលគាត់មិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការបានចាត់តាំងឱ្យគាត់ទៅរែកដី ច្រូតស្រូវ និងធ្វើការងារផ្សេងៗជាច្រើនទៀតដោយគ្មានពេលសម្រាក ទាំងពេលខ្លះគាត់កំពុងមានជំងឺក៏ដោយ។ ប៉ុន្តែ សុខា នៅតែបន្តធ្វើការងារដោយមិនហ៊ានឈប់សម្រាកឡើយ ព្រោះខ្លាចប្រធានកងចល័តនាំយកទៅសម្លាប់ចោល។

សុខា និងសមាជិកគ្រួសារធ្លាប់ត្រូវបានអង្គការជម្លៀសជាច្រើនលើក ច្រើនសារទៅកន្លែងផ្សេងៗ។ លើកទីមួយ អង្គការបានជម្លៀសគាត់ទៅខេត្តព្រៃវែង ហើយបន្ទាប់មកបានបញ្ជូនបន្តតាមស្រឡាងមកភ្នំពេញ និងបន្តរហូតដល់ខេត្តពោធិ៍សាត់។ នៅពោធិ៍សាត់ សុខា ធ្លាប់ឮប្រជាជននិយាយតៗគ្នាថាអង្គការបានបោកបញ្ឆោតក្មេងៗ និងសមាជិកកងចល័តថានាំពួកគេទៅជួបម្តាយ ប៉ុន្តែតាមពិតនាំទៅសម្លាប់។ នៅទីនោះ សុខា ក៏ធ្លាប់ឃើញសាកសពជាច្រើនត្រូវបានសម្លាប់គរទុកចោលនៅតាមផ្លូវទៅកន្លែងធ្វើការងាររបស់គាត់។ ការរស់នៅខេត្តពោធិ៍សាត់ សុខា និងសមាជិកគ្រួសារត្រូវបានបំបែកចេញពីគ្នាមិនអនុញ្ញាតឱ្យរស់នៅជួបជុំគ្នាឡើយ ដោយសមាជិកកងចល័តនារីត្រូវរស់នៅ និងធ្វើការនៅកន្លែងផ្សេង ពីសមាជិកកងចល័តបុរស និងធ្វើការងារនៅតាមការដ្ឋានដែលអង្គការបានចាត់តាំង។ សុខា បន្តរស់នៅខេត្តពោធិ៍សាត់ រហូតដល់ប្រទេសកម្ពុជាត្រូវបានរំដោះ និងបានជួបជុំម្តាយ បងប្អូន ព្រមទាំងបានត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន សុខា មានជំងឺប្រចាំកាយមួយចំនួនដូចជា ឈឺសន្លាក់ដៃសន្លាក់ជើង ឈឺចង្កេះ លើសសម្ពាធឈាម និងលើសជាតិអាស៊ីត៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin