ខ្ញុំបានជាសះស្បើយពីជំងឺដោយសារថ្នាំផ្សំពីឫសឈើ

(ខេត្តស្វាយរៀង)​ ហ៊ឹម គង់ អាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គង់ មានឪពុកឈ្មោះ ហ៊ុយ ឡាង ម្តាយឈ្មោះ ពោជ ណយ ហើយគាត់ជាកូនទី១ ក្នុងគ្រួសារដែលមានបងប្អូន ៥នាក់ ក្នុងនោះស្រី ៣នាក់​។

គង់ រៀនបានត្រឹមថ្នាក់អក្ខរកម្មពីសម័យសង្គមរាស្ត្រនិយម។ គង់ មានប្រសាសន៍ថា នៅក្នុងរបបខ្មែរក្រហម អង្គការបានចាត់តាំងគាត់ឱ្យទៅជីក​ប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ នៅពេលនោះ អង្គការបានផ្តល់បបរ ២កូនចាន សម្រាប់អាហារ ២ពេល ដោយហូបជាមួយសម្លត្រកួន ត្រកៀត ឬដើមចេក។ ចំណែកឯការស្នាក់នៅវិញ គាត់ត្រូវស្នាក់រួមគ្នាជាមួយយុវនារីនៅក្នុងកងចល័ត ដោយនៅឆ្ងាយពីឪពុកម្តាយ និងបងប្អូន។ គង់ ត្រូវក្រោកពីគេងនៅម៉ោង ៤ទៀបភ្លឺ ហើយថ្ងៃខ្លះ គាត់ត្រូវធ្វើការទាំងយប់ ទោះបីជាមានភ្លៀងធ្លាក់ជោកខោអាវក៏ដោយ។ ក្រៅពីការជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ គាត់ត្រូវស្ទូងស្រូវនៅរដូវវស្សា ដោយត្រូវធ្វើការរហូតទល់យប់ជ្រៅ ទើបអាចត្រឡប់ទៅកន្លែងស្នាក់នៅវិញ។ គង់ បន្តទៀតថា ទីតាំងការងាររបស់គាត់ គឺត្រូវធ្វើរហូតដល់ភូមិអង្គឫស្សី ភូមិត្រោកធំ និងនៅប្រឡាយឃុំកំពង់ជ្រៃ។ ក្នុងរបបខ្មែរក្រហម គង់ ធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ ហើយអង្គការបានបញ្ជូនឱ្យទៅសម្រាកនៅមន្ទីរពេទ្យ។ ជំងឺរបស់ គង់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ដោយសារថ្នាំផ្សំពីឫសឈើដែលមានរាងដូចអាចម៍ទន្សាយ។ បន្ថែមលើសនេះទៅទៀត គង់ ធ្លាប់ត្រូវបានអង្គការហៅទៅអប់រំ ដោយសារគាត់និយាយស្តីប៉ះពាល់ដល់អង្គការ ប៉ុន្តែដោយសារតែជាកំហុសលើកដំបូង ទើបឈ្លបបានលើកលែងទោស និងអនុញ្ញាតឱ្យគាត់ត្រឡប់ទៅធ្វើការងារវិញ បន្ទាប់ពីធ្វើការអប់រំរួច។

គង់ បានរំឭកថា នៅថ្ងៃមួយ ឈ្លបបានហៅគាត់ និងប្រជាជនដទៃទៀតឱ្យទៅមើលការសម្តែងសិល្បៈ។ នៅពេលនោះ គង់ បានទៅជាមួយប្អូន ហើយជាសំណាងល្អ ពួកគាត់បានជួបជាមួយឈ្លបម្នាក់ដែលមានចិត្តធម៌ ក៏បានប្រាប់ថា មិនមែនទៅមើលសិល្បៈអ្វីនោះទេ តាមពិតជាល្បិចរបស់អង្គការដែលចង់នាំប្រជាជនទៅសម្លាប់តែប៉ុណ្ណោះ។ ឈ្លបនោះ ក៏បានប្រាប់ឱ្យ គង់ និងប្អូនត្រឡប់ទៅផ្ទះវិញ។ រយៈពេល ២ថ្ងៃក្រោយមក គង់ បានទទួលដំណឹងពីអ្នកស្គាល់គ្នាប្រាប់ថា ប្រជាជនដែលបានទៅមើលការសម្តែងសិល្បៈនាពេលនោះ មួយចំនួនធំត្រូវបានគេនាំយកទៅសម្លាប់ពិតមែន។

នៅពេលរបបខ្មែរក្រហមជិតដួលរលំ គង់ និងគ្រួសារ ត្រូវបានជម្លៀសមកកាន់តំបន់អ្នកលឿង។ នៅទីនោះ គង់ បានឃើញការឆាបឆេះឃ្លាំងស្តុកស្រូវ និងឃ្លាំងអាវុធ ផ្ទុះឡើងដោយសារការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាម។ បច្ចុប្បន្ន គង់ រស់នៅស្រុកកំណើត ដោយប្រកបរបរជាកសិករ និងមានជំងឺប្រចាំកាយ គឺឈឺសន្លាក់ដៃ និងសន្លាក់ជើង។

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin