កុមាររែកដីពីបាតត្រពាំង

(ខេត្តស្វាយរៀង) សូ យឿន អាយុ ៦០ ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យឿន មានឪពុកឈ្មោះ មុំ ឌី និងម្តាយឈ្មោះ កន យ៉ន ហើយគាត់គឺជាកូនទី១ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦ នាក់ ក្នុងនោះស្រី ៤ នាក់។ កាលពីកុមារភាព យឿន រៀនសូត្របានត្រឹមថ្នាក់ទី៣ ក្នុងរបបសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន គាត់ប្រកបរបរកសិកម្ម និងរស់នៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យឿន បានរៀបរាប់ថា នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ នៅពេលនោះ ប្រទេសជាតិចាប់ផ្តើមមានសង្គ្រាម និងការប្រយុទ្ធគ្នា។ យឿន និងសមាជិកគ្រួសារបានរត់ភៀសខ្លួន ដោយសារភ័យខ្លាចគ្រាប់ផ្លោង រហូតដល់របប លន់ នល់ ដួលរលំ។
ក្រោយមក ប្រទេសកម្ពុជាបានឈានចូលក្នុងរបបខ្មែរក្រហម។ នៅពេលនោះ ដំបូង មេភូមិ និងឈ្លបបានប្រមូលមាស ប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ គោ ក្របី ស្រូវ អង្ករ ចាន ឆ្នាំង និងសម្ភារផ្សេងៗរបស់ប្រជាពលរដ្ឋ យកទៅដាក់ជាទ្រព្យរួមនៅក្នុងសហករណ៍។ ដំបូង អង្គការអនុញ្ញាតឱ្យប្រជាជនយកអង្ករទៅដាំបាយហូបនៅតាមផ្ទះរៀងៗខ្លួន ប៉ុន្តែក្រោយមកបានរៀបចំឱ្យប្រជាជនហូបបាយរួមនៅក្នុងសហករណ៍។
យឿន បានរំឭកថា ក្នុងមួយថ្ងៃ អង្គការអនុញ្ញាតឱ្យហូបអាហារតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃ និងពេលល្ងាច។ ក្នុងមួយពេលៗ មនុស្សម្នាក់ទទួលបានបាយត្រឹមមួយកូនចាន បរិភោគជាមួយសម្លត្រកួន ដើមចេក និងបន្លែផ្សេងៗ។ ក្នុងរបបខ្មែរក្រហម យឿន ស្ថិតនៅវ័យក្មេង អង្គការបានចាត់តាំងឱ្យទៅឃ្វាលគោ ក្របី រើសអាចម៍គោ និងរែកជីយកទៅដាក់ស្រែ។ យឿន ត្រូវរែកជី ដែលមានចម្ងាយប្រមាណ ២០០ ម៉ែត្រ។ ប្រសិនបើរែកមិនគ្រប់តាមផែនការទេ ប្រធានកងកុមារនឹងចោទប្រកាន់ថាជាកម្អែលរបបសក្តិភូមិ និងកេងកម្លាំងពលកម្មអ្នកដទៃ។ ចំណែកនៅរដូវធ្វើស្រែ យឿន ត្រូវបានចាត់តាំងឱ្យទៅដកសំណាប និងស្ទូងស្រូវជាមួយមនុស្សធំៗ ហើយនៅរដូវប្រមូលផល យឿន ត្រូវបានចាត់តាំងឱ្យទៅច្រូតស្រូវជាក្រុម។ ក្នុងមួយក្រុមមានសមាជិកចំនួន ១០ នាក់ ហើយត្រូវច្រូតស្រូវឱ្យបានចន្លោះពី ២-៣ ហិកតាក្នុងមួយថ្ងៃ។ បន្ទាប់ពីច្រូតរួច មានកម្លាំងយុវជនជាអ្នកប្រមូលស្រូវយកទៅកន្លែងបោក និងយកទៅទុកក្នុងឃ្លាំងរួមរបស់សហករណ៍។ យឿន បញ្ជាក់ថា ក្រោយផុតរដូវប្រមូលផល អង្គការមិនអនុញ្ញាតឱ្យប្រជាជនសម្រាកឡើយ។ ប្រជាជនត្រូវដាំបន្លែបង្ការ និងធ្វើការងារផ្សេងៗជាបន្តបន្ទាប់។ នៅរដូវប្រាំង យឿន ក៏ត្រូវលើកដីពីបាតស្រះយកមកទុកធ្វើជី។ យឿន ពុំដែលបានឃើញផ្ទាល់ភ្នែកពីការកាប់សម្លាប់មនុស្សក្នុងរបបខ្មែរក្រហមទេ។ សូម្បីតែឪពុករបស់គាត់ ក៏ត្រូវបានចាប់ចង និងនាំយកទៅបាត់ មិនដែលបានឃើញត្រឡប់មកវិញទេ។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀស យឿន ទៅតំបន់អ្នកលឿង។ នៅទីនោះ យឿន បានជួបជាមួយកងទ័ពរំដោះ និងបានទទួលដំណឹងថា ប្រទេសកម្ពុជាទទួលបានឯករាជ្យ ប្រជាជនអាចវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។ យឿន បានធ្វើដំណើរត្រឡប់មកស្រុកកំណើត និងចាប់ផ្តើមបង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិត។ បច្ចុប្បន្ន យឿន មានជំងឺក្រពះ ពោះវៀន៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង







