ខ្ញុំមានជំងឺផ្លូវចិត្ត នៅពេលដឹកថាកងឈ្លបសម្លាប់ប្ដី

មាស រុន អាយុ៧១ឆ្នាំ រស់នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យលន់ នល់ ក្រុមរបស់ខ្មែរក្រហមបានគ្រប់គ្រងភូមិជើងគួនទាំងស្រុង ប៉ុន្តែការរស់នៅរបស់ប្រជាជនគឺធម្មតា គ្រាន់តែមានការប្រមូលអង្ករខ្លះពីតាមផ្ទះរបស់ប្រជាជន។ បន្ទាប់មក អង្គការចាប់ផ្ដើមបែងចែកប្រជាជនឲ្យធ្វើការងារជាក្រុម និងរៀបចំការគ្រប់គ្រងប្រជាជនម្ដងបន្តិចៗ ហើយការរស់នៅកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃទៀត។ អំឡុងពេលនោះ អង្គការបានសន្យាជាមួយប្រជាជនថានឹងមានភាពសម្បូរបែប និងអាហារហូបគ្រប់គ្រាន់ឡើងវិញនៅពេលដែលវាយឈ្នះយកទីក្រុងភ្នំពេញបាន។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ក្រុមរបស់ខ្មែរក្រហមបានចូលគ្រប់គ្រងទីក្រុងភ្នំពេញ និងបានជម្លៀសប្រជាជនទាំងអស់ឲ្យទៅតាមទីជនបទ និងភូមិឃុំដែលជាស្រុកកំណើត។ នៅក្នុងសហករណ៍ អង្គការបានធ្វើប្រវត្តិរូបប្រជាជនទាំងអស់រួចបែងចែកជាពីរប្រភេទគឺ ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី។ មិនយូរប៉ុន្មាន អង្គការបានជម្លៀសប្រជាជនថ្មីចេញពីភូមិជើងគួនបន្តបន្ទាប់រហូតដល់អស់ ក្នុងនោះមានសាច់ញាតិរបស់រុន មួយចំនួន។
ចំពោះ រុន ដែលជាប្រជាជនមូលដ្ឋាន ត្រូវរស់នៅយ៉ាងលំបាកក្នុងកងចល័តក្បែរសហករណ៍។ នៅក្នុងកងចល័ត រុន ត្រូវធ្វើការងារពេញមួយថ្ងៃ និងត្រូវធ្វើបន្តរហូតដល់ពេលយប់ដើម្បីឲ្យគ្រប់តាមចំនួនអង្គការកំណត់។ នៅរដូវប្រាំង រុន បានចេញទៅធ្វើការរែកដី លើកទំនប់ និងជីកព្រែកឲ្យបាន៣ ទៅ៤ម៉ែត្រក្នុងមួយថ្ងៃ ហើយនៅរដូវវស្សា ត្រូវធ្វើស្រែស្ទូងដកក្បែរសហករណ៍ឲ្យបានរួចរាល់ទាន់ពេលវេលា។
បន្ទាប់មក អង្គការបានបញ្ជូនក្រុមរបស់រុន ឲ្យទៅធ្វើស្រែនៅ ទួលទ្រា និងកោះព្នៅ ដែលជាកន្លែងសម្បូរសត្វឈ្លើងច្រើន។ អំឡុងពេលស្ទូងសំណាប រុន មិនអាចលើកជើងបេះឈ្លើងដែលខាំជាប់ជើងភ្លាមៗនោះទេ ព្រោះខ្លាចអង្គការចោទប្រកាន់ថាគាត់រកលេសមិនធ្វើការងារ ឬខ្ចិលធ្វើការ ដូច្នេះត្រូវរងចាំឈ្លើងខាំច្រើនជាង១០ក្បាលទើបហ៊ានលើកជើងចេញពីទឹកក្នុងស្រែបេះចេញម្ដង។
នៅកន្លែងធ្វើការ រុន អាចយកកូនរបស់គាត់ម្នាក់ដែលនៅតូច និងមិនព្រមរស់នៅក្នុងមណ្ឌលទៅតាមបាន ប៉ុន្តែរបបអាហារគាត់ត្រូវយកចំណែករបស់ខ្លួនទៅឲ្យកូន។ ជារៀងរាល់ថ្ងៃ រុន ត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់ទាល់តែសោះ។ ដើម្បីចម្អែតក្រពះ រុន បានរកបន្លែ ឬត្រួចក្រប៉ែតមកជ្រលក់ហូបជាមួយសត្វក្ដាមខ្យង ឬត្រីតូចៗដែលគាត់រកបាន ដោយសន្យានឹងខ្លួនឯងថានឹងធ្វើបុណ្យឲ្យ បងខ្យង និងបងក្ដាម ដែលជាអ្នកជួយជីវិតគាត់ក្នុងពេលនោះ។
នៅដើមខែមករា ឆ្នាំ១៩៧៩ នៅពេលដែលមានការប្រយុទ្ធគ្នា អង្គការបានប្រកាសឲ្យប្រជាជនរត់ចេញពីភូមិដើម្បីគេចពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម។ នៅពេលធ្វើដំណើរ ប្រជាជនបានរៀបចំស្បៀងអាហារបន្តិចបន្តួចរែកទៅតាមខ្លួន និងធ្វើដំណើរតាមអង្គការ ប៉ុន្តែនៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមដកចេញវិញ ប្រជាជនមួយចំនួន និងគ្រួសាររុន បានត្រលប់មកផ្ទះវិញ។
នៅក្នុងសហករណ៍ ប្រធានកងឈ្លបឈ្មោះ យុន និងកងឈ្លបជាច្រើនអ្នកទៀតបានទៅចាប់ប្ដីរបស់រុនយកទៅវាយសម្លាប់ ហើយម្ដាយក្មេករបស់រុន ដែលមិនបានដឹងរឿង និងគិតថាអាចទៅសុំឲ្យដោះលែងមកវិញបាន ទើបនាំប្អូនថ្លៃរបស់រុនម្នាក់ទៀត ទៅលុតជង្គង់សុំអង្វរឲ្យដោះលែង។ ជាអកុសល កងឈ្លបវាយអ្នកទាំងពីរសម្លាប់បន្ថែមទៀត រួមជាមួយឈ្មោះ ច្រិច, ស៊ន, សន ញ៉េម, យុត និងអ្នកនៅខាងលិចភូមិផ្សេងទៀត។ អំឡុងពេលអង្គការសម្លាប់មនុស្ស រុន មិនបានឃើញហេតុការណ៍ផ្ទាល់ភ្នែកនោះទេ ព្រោះគាត់ និងគ្រួសារបានបែកផ្លូវគ្នាធ្វើការតាំងពីសម័យខ្មែរក្រហម និងមិនធ្លាប់បានជួបមុខគ្នាទាល់តែសោះរហូតដល់បានទទួលដំណឹងថាប្ដីស្លាប់។ នៅពេលបាត់បង់ប្ដី រុន កាន់តែបាត់បង់ក្ដីសង្ឃឹមទាំងស្រុង និងគិតចង់ឲ្យគ្រាប់បែកធ្លាក់ចំខ្លួនឯងស្លាប់ដើម្បីឲ្យឆាប់បានទៅជួបប្ដី។
មិនយូរប៉ុន្មាន កងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយសម្រុកចូលមកម្ដងទៀត។ គ្រួសាររបស់រុន និងប្រជាជនទាំងអស់បាននាំគ្នារត់ភៀសខ្លួនបន្តទៀត ហើយនៅតាមផ្លូវ រុន បានឃើញកងឈ្លបចាប់ប្រជាជនមួយចំនួននៅក្នុងភូមិសឹង្ហ និងប្រជាជនផ្សេងទៀតយកទៅសម្លាប់។
ក្រោយរបបខ្មែរក្រហម រុន នៅតែមានការសោកសៅ និងគិតច្រើនពីប្ដីរបស់គាត់ ហើយបានធ្វើឲ្យគាត់ស្ទើរតែកើតជំងឺសរសៃប្រសាទ និងធ្លាក់ខ្លួនឈឺធ្ងន់។ រុន បានចំណាយពេលប្រមាណ៧ឆ្នាំ ទើបអាចធ្វើចិត្តបាន ហើយជំងឺរបស់គាត់បានធូរស្រាលជាងមុន។ នៅពេលផ្ដល់បទសម្ភាសន៍ រុន នៅតែនឹកឃើញការឈឺចាប់ក្នុងរបបខ្មែរក្រហម និងមានជំងឺក្រពះ ពោះវៀន ខ្សោយកម្លាំង និងរលាកតម្រង់នោម។ដើម្បីព្យាបាលជំងឺ រុន បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជន ហើយគ្រូពេទ្យបានចេញថ្នាំឲ្យគាត់លេប និងផ្ដាំកុំឲ្យគាត់គិតច្រើនពេក។
សម្ភាសន៍ដោយ៖ ស្រឿន ធារ៉ា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី







