ជីវិតប្រជាជនភូមិភាគបូព៌ា

(ស្វាយរៀង) ៖ មាស សារុណ អាយុ៧៦ឆ្នាំ ជាកសិកររស់នៅភូមិ កណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ សារុណ និយាយថានៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង មានសង្គ្រាម និងការទម្លាក់គ្រាប់បែកជាញឹកញាប់ ដែលជាហេតុនាំឲ្យក្រុមគ្រួសារគាត់ត្រូវរត់គេចរកកន្លែងមានសុវត្ថិភាព។

នៅឆ្នាំ១៩៧៥ គាត់ត្រូវបានខ្មែរក្រហមជម្លៀសពីស្រុកកំណើតទៅរស់នៅសហករណ៍ភូមិឃ្លាំង។ សារុណ ធ្លាប់ឃើញខ្មែរក្រហមចាប់ទាហានរបប លន់ នល់ ដាក់ឃុំនៅវត្តរំដួល ខេត្តស្វាយរៀង។ អតីតទាហាន លន់ នល់ ទាំងនោះត្រូវបានសម្លាប់ បន្ទាប់ពីរបបខ្មែរក្រហមទទួលជ័យជំនះលើរបប លន់ នល់។ ក្រោយមក សារុណ និងគ្រួសារត្រូវបានជម្លៀសទៅស្រុកមេសាង ខេត្តព្រៃវែង និងបន្តទៅខេត្តពោធិ៍សាត់។ សារុណ បានរៀបរាប់ថា ពេលជម្លៀសពីខេត្តព្រៃវែង ទៅខេត្តពោធិ៍សាត់គឺដោយថ្មើរជើង និងឆ្លងសាឡាងអ្នកលឿង។

ពេលដល់ភ្នំពេញជិះរទេះភ្លើង១ថ្ងៃ ទើបដល់តំបន់រលាំងរលួស ខេត្តពោធិ៍សាត់ ដែលជាគោលដៅកំណត់របស់ខ្មែរក្រហមតំរូវឲ្យគាត់ និងគ្រួសារស្នាក់នៅ។ ដោយសារតែគាត់ជាប្រជាជនថ្មីដែលជម្លៀសមកពីភូមិភាគបូព៌ា គាត់មិនត្រូវទទួលបានការទុកចិត្តពីអ្នកគ្រប់គ្រងទេ។ ប្រជាជនជម្លៀសមកជាមួយគាត់ ភាគច្រើនត្រូវបាននាំយកទៅសម្លាប់។ គ្រួសាររបស់ សារុណ ក៏មានឈ្មោះត្រូវសម្លាប់ដែរ ប៉ុន្តែដោយជីវិតគាត់ និងគ្រួសារមិនទាន់អស់ កងឈ្លបដែលមកនាំប្រជាជនទៅសម្លាប់អាណិតគាត់ ដែលជាស្រី្តទើបសម្រាលកូនរួចទើបគេអនុញ្ញាតឲ្យរស់នៅបន្ត។ ក្នុងរបបខ្មែរក្រហម សារុណ សម្រាលបានកូនប្រុសម្នាក់។ ដោយសារគាត់មានកូនតូច ទើបអង្គការប្រើឲ្យគាត់ធ្វើតែស្រែ ដកស្ទូង និងច្រូតស្រូវ ខុសពីអ្នកភូមិភាគបូព៌ាផ្សេងទៀតដែលត្រូវធ្វើការជីកទំនប់ និងលើកប្រឡាយគ្មានពេលសម្រាក។ ចំណែកកូនត្រូវបានមើលថែទាំដោយចាស់ៗនៅកងកុមារ។ សារុណ មិនសូវបានជួបមុខកូនៗទេ លើកលែងតែពេលត្រូវបំបៅដោះកូន។

ក្នុងរបបខ្មែរក្រហម សារុណ និយាយថាអ្នកជំងឺធ្ងន់ត្រូវបានយកទៅព្យាបាល ដោយផ្តល់តែថ្នាំរាងមូលៗ ដូចអាចម៍ទន្សាយ។ ចំណែកអ្នកជំងឺស្រាលៗត្រូវធ្វើការជាធម្មតា។ រឿងដែលគាត់ចងចាំមិនបំភ្លេចក្នុងរបបខ្មែរក្រហមគឺពេលដែលកូនស្រីច្បងរបស់គាត់បានរើសស្រូវ ដែលគេច្រូតជ្រុះ យកមកឲ្យគាត់ដំាបាយហូបត្រូវគេតាមទាន់បម្រុងយកគាត់ និងកូនៗយកទៅសម្លាប់ចោលប៉ុន្តែសំណាងល្អ របបខ្មែរក្រហមបានដួលរលំទើបគាត់អាចមានជីវិតរស់ដល់សព្វថ្ងៃ។ បច្ចុប្បន្ន សារុណ តែងតែនឹកឃើញការលំបាកពីរបបខ្មែរក្រហម។ គាត់ បាននិយាយរឿងរ៉ាវដែលគាត់បានជួបប្រទះដូចជា ការធ្វើការហួសកម្លាំង គ្មានសិទ្ធសេរីភាព និងរបបអាហារមិនគ្រប់គ្រាន់ ប្រាប់ដល់ក្មេងៗជំនាន់ក្រោយ ដើម្បីចូលរួមទប់ស្កាត់កុំឲ្យរបបខ្មៅងងឹតនេះត្រឡប់មកវិញម្តងទៀត។

បច្ចុប្បន្ន សារុណ មានជំងឺក្រពេះពោះវៀន និងជំងឺសន្លាក់ដៃ និងជើង។ គាត់ឧស្សាហ៍ឈឺក្បាលមុខវិលមុខជាប្រចាំ។ សារុណ ថ្លែងថា ជំងឺទាំងអស់នេះបណ្តាលមកពីការធ្វើការងារធ្ងន់ៗ ពីរបបខ្មែរក្រហម និងដោយសារវ័យរបស់គាត់កាន់តែចាស់។

សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin