ជាទាហានខ្មែរក្រហមត្រូវធ្វើការដូចប្រជាជនដែរ

(ស្វាយរៀង) ៖ ឡឹក សយ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៩២ឆ្នាំ រស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម សយ ធ្វើជាទាហានប្រចាំការនៅ តំបន់ប្រសូត្រ និងចេកក្នុងខេត្តស្វាយរៀង។ គាត់ មិនត្រូវបានជម្លៀសទៅកន្លែងផ្សេងៗទេ ពេញមួយ​របបខ្មែរក្រហមគាត់រស់នៅ និងធ្វើការតែក្នុងខេត្តនេះ។ ក្នុងនាមជាទាហានខ្មែរក្រហមគាត់អាចធ្វើដំណើរបានច្រើនជាងប្រជាជនធម្មតាប៉ុន្តែត្រូវមានបទបញ្ជារបស់ថ្នាក់លើ​។

ឡឹក សយ «ខ្ញុំបានធ្វើដំណើរចេញចូលពីតំបន់មួយទៅតំបន់មួយដើម្បីអនុវត្តការងារផ្សេងៗ ដែលខ្មែរក្រហមប្រគល់ឲ្យ ពេលធ្វើដំណើរខ្ញុំ​បានឃើញការលំបាកជាច្រើនរបស់ប្រជាជនទាំងការធ្វើការងារ និងលក្ខខណ្ឌរស់នៅ ដោយឡែក​សម្រាប់រូបខ្ញុំ ក៏ទទួលរងការលំបាកដូចតែប្រជាជនទូទៅដែរ»។

ជាទាហានខ្មែរក្រហម សយ មិនដែលបាន​ទៅច្បំាងជាមួយកងទ័ពខាងណានោះទេក្នុងរបបនោះ។ គាត់បានរៀបរាប់ថា គាត់និងយុវជនជាទាហានផ្សេងទៀតធ្វើការដូចតែប្រជាជនដែរ គឺធ្វើស្រែចម្ការ ប្រមូលលាមកសត្វពាហនៈមកទុកធ្វើជី ដាំដំណាំ វិញខ្សែធ្វើខ្សែចងគោ ជួសជុលត្បាល់កិន ធ្វើកន្ត្រក់ ធ្វើកន្ទេល ធ្វើគ្រប់សព្វបែបយ៉ាងតាមការកំណត់របស់អង្គការ។ ក្រោយមក សយ និងយុវជនផ្សេងទៀតត្រូវបានចាត់ឲ្យទៅទប់ទឹកនៅទំនប់ស្ពានសំរោងដោយគាត់ត្រូវ​កាប់ដើមឈើជាច្រើនមកដោតក្នុងដី និងប្រមូលដីមកទប់ទឹកកុំឲ្យលិចស្រូវ និងផលដំណាំរបស់អង្គការ។ គាត់បន្តថា ប្រសិនបើពេលនោះគាត់មិនអាច​ទប់ទឹកនៅទំនប់នោះបានទេគាត់ប្រហែលជាគ្មានជីវិតរស់ដល់សព្វថ្ងៃនេះទេ។

សយ និងទាហានដទៃទៀតត្រូវ​ដាំបាយហូបដោយខ្លួនឯងព្រោះអង្គការ​បានផ្តល់របបអង្ករមួយថ្ងៃកន្លះកំប៉ុងសម្រាប់រដូវវស្សា និងមួយកំប៉ុងសម្រាប់រដូវប្រាំង។ គាត់បានប្រាប់ថា របបអាហារនេះមិនគ្រប់គ្រាន់ទេ គាត់និងយុវជនផ្សេងទៀតត្រូវដើរ​បេះ​បន្លែ និងស្លឹករុក្ខជាតិដែលអាចហូបបានមកលាយជាមួយបបរឬបាយដែលគាត់ចម្អិន​។ ថ្ងៃមួយដោយសារហូបមិនឆ្អែតគាត់បានទៅលួចអាហាររបស់អង្គការហូបត្រូវគេទាន់ក៏ចាប់ឃុំបីថ្ងៃ និងបានបង្អត់ អាហារគាត់។ ក្រោយមកគាត់ត្រូវបានដោះលែងវិញ គេបានគំរាមគាត់ថាប្រសិនបើថ្ងៃក្រោយហ៊ានលួចទៀត និងយកទៅសម្លាប់ចោល។

សយ ក៏បានឃើញខ្មែរក្រហមប្រើប្រជាជនឲ្យបំផ្លាញវត្ត​អារាម ចាប់ផ្សឹកព្រះសង្ឃ និងប្រើព្រះសង្ឃឲ្យធ្វើស្រែចម្ការ​ដូចប្រជាជនដទៃទៀតដែរ។ ក្មេងៗវិញមិនបានទៅសាលារៀន តែផ្ទុយទៅវិញត្រូវធ្វើការដូចមនុស្សចាស់​ដែរ​។ កុមារត្រូវ​មើលគោ ក្របី និងដើររើសកួរស្រូវដើម្បីទទួលបានរបបអាហារ។ ប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ និងនិយាយស្តី ហើយបើអ្នកណាហ៊ានតវ៉ានឹងត្រូវគេយកទៅសម្លាប់ចោល។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សយ បានមករស់នៅស្រុកកំណើតវិញ និងធ្វើជាមេឃុំ ក្រោយមកគាត់ក៏លាឈប់ពីការងារហើយប្រកបរបរធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ​​។

សម្ភាសន៍ដោយ អ៊ុក ចាន់លក្ខិណា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin