កូនស្លាប់ដោយសារការព្យាបាលមិនត្រឹមត្រូវ

(ស្វាយរៀង)​ ៖ មែ សុខ អាយុ៧១ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

សុខ និយាយថា នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនាឆ្នាំ១៩៧៩ គេបានលុបបំបាត់ទីផ្សារ រូបិយប័ណ្ណ កម្ទេចវត្ត បំផ្លាញព្រះវិហារ និងចាប់ផ្សឹកព្រះសង្ឃជាដើម។ ព្រះសង្ឃត្រូវធ្វើស្រែចម្ការដូចប្រជាជនទូទៅដែរ។ ជាងនេះទៅទៀតអង្គការបាន​លុបបំបាត់វណ្ណៈក្នុងសង្គមដោយគ្មានអ្នកមាន គ្មានអ្នកក្រ។ ផ្ទះធំៗត្រូវរុះ​រើ​យក​ឈើ​​ទៅសង់ជាផ្ទះតូចៗឲ្យប្រជាជនដែលក្រីក្រអត់ផ្ទះស្នាក់នៅ។
សុខ បាននិយាយថា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសង្គមថ្មីមួយបានធ្វើឲ្យគាត់ និងប្រជាជនដទៃទៀតទទួលរងទុក្ខវេទនា រស់នៅគ្មានសិទ្ធិសេរីភាព, ទទួលការគម្រាមកំហែង និងភ័យខ្លាចគ្រប់ពេលវេលា។ សុខ បានឃើញប្រជាជនធ្វើការច្រើនហួសកម្លាំង ជាមួយនឹងរបបអាហារមិនគ្រប់គ្រាន់។ ប្រជាជនទទួលបានតែបបររ៉ាវៗ ស្ទើរគ្មានគ្រាប់អង្ករចំនួនពីរពេលក្នុងមួយថ្ងៃ។ សុខ បន្តថាមានប្រជាជនខ្លះបានស្លាប់ដោយសារអត់ឃ្លាន និងមួយចំនួនស្លាប់ដោយសារការសម្លាប់ព្រោះលួចអាហាររបស់អង្គការហូប។ ឪពុកក្មេក របស់ សុខ ត្រូវបានអង្គការយកទៅសម្លាប់ដោយមិនដឹងពីមូលហេតុ និងកូនបានស្លាប់ដោយសារតែជំងឺកញ្ជ្រឹលគ្មានការព្យាបាលត្រឹមត្រូវ។ ចំណែក សុខ ត្រូវបានទាហានខ្មែរក្រហមចាប់យកទៅសួរចម្លើយ និងធ្វើទារុណកម្ម ព្រោះតែត្រូវបានចោទថា បានលួចត្រីរបស់អង្គការហូប។ សុខ បានរៀបរាប់ថា «ខ្ញុំមានជីវិតរស់ដោយសារខ្ញុំគិតត្រូវ ព្រមសារភាពកំហុសតាមការចង់បានរបស់អង្គការថា ពិតជាបានលួចត្រីរបស់អង្គការទាំងដែលខ្ញុំមិនបានប្រព្រឹត្ត។ ប្រសិនបើខ្ញុំមិនទទួលស្គាល់កំហុសទេនឹងត្រូវធ្វើទារុណកម្មវាយរហូតដល់ស្លាប់មិនខាន ខ្ញុំសារភាពកំហុសដើម្បីមានជីវិតរស់។»

សុខ បានឃើញការរៀបការដោយបង្ខំដែលមានចំនួនពី៥០ ទៅ៦០គូ ប្រសិនបើមានអ្នកណាហ៊ានប្រកែក នឹងត្រូវបានអង្គការយកទៅសម្លាប់ចោល។ ការរៀបការត្រូវស្លៀកសំលៀកបំពាក់ អាវខោពណ៌ខ្មៅ ឬពណ៌អាចម៍សេះ។ សុខ នៅចំាបានថា នៅក្នុងពិធីរៀបការនោះមានឈ្មោះ មឿន និងឈ្មោះ សោភ័ណ្ឌ ជាអ្នកមើលការខុសត្រូវក្នុងនាមជាប្រធាននិងអនុប្រធានសហករណ៍។ អ្នកទាំងពីរកាចណាស់ ប្រសិនបើមានប្តីប្រពន្ធណាហ៊ានប្រកែកតវ៉ាចំពោះការរៀបចំគឺដឹងតែយកទៅសម្លាប់។

សុខ ធ្លាប់បានឃើញការសម្លាប់មនុស្សក្នុងរបបខ្មែរក្រហមផងដែរ។ ដោយសារតែឆ្ងល់ចេះតែបាត់មនុស្សជារឿយៗក្នុងសហករណ៍ សុខ បានតាមដាន ក៏ឃើញប្រធាន​សហករណ៍បាននាំប្រជាជនទៅរៀនសូត្រនោះតាមពិតគឺបានយកទៅវាយទម្លាក់រណ្តៅ ដែលបានជីកនៅឆ្ងាយៗពីភូមិដោយការសម្លាប់នឹងត្បូងចប។ អ្នកស្លាប់ភាគច្រើនជាអ្នក​មានចំណេះដឹងដូចជាគ្រូបង្រៀន និងអតីតជាមន្រ្តីរាជការសម័យ លន់ នល់ ដែលត្រូវបានអង្គការចោទប្រកាន់ថាក្បត់នឹងឬចោទថាក្បាលយួនខ្លួនខ្មែរលួចផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យបរទេស ជាដើម។

ក្រោយមក សុខ និងគ្រួសារត្រូវបានជម្លៀសទៅរស់នៅខេត្តព្រៃវែង។ ស្នាក់នៅខេត្តព្រៃវែងបានមួយរយៈ របបខ្មែរក្រហមក៏ដួលរលំ។ សុខ និងប្រជាជនដទៃទៀតបានវិញត្រឡប់មករស់នៅស្រុកកំណើតរៀងៗខ្លួន និងប្រកបរបបធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។

សម្ភាសន៍ដោយៈ ព្រាប ច័ន្ទពិសី ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយៈ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin