កុមារមិនមានឱកាសរៀនសូត្រនៅក្នុងរបបខ្មែរក្រហម
(ស្វាយរៀង) ៖ កុយ ប៊ុនរ៉ា មានអាយុ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ កុយ អាន បានស្លាប់ដោយជំងឺនៅសម័យ លន់ នល់ និង ម្តាយ ឈ្មោះ ប៉ែន យ៉ា នៅរស់សព្វថ្ងៃ។
គាត់បានរៀបរាប់ពីដំណើរជីវិតប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបប លន់ នល់ គាត់កំពុងរៀនថ្នាក់ទីបួន ដែលនៅពេលនោះប្រទេសកម្ពុជាមានការទម្លាក់គ្រាប់បែក និងមានសង្គ្រាមជាបន្តបន្ទាប់។ នៅក្នុងរបបខ្មែរក្រហមគាត់មិនមានឱកាសទៅសាលារៀន តែត្រូវទៅជួយធ្វើការងារស្រាលៗជាមួយក្មេងដទៃទៀត។ ប៊ុនរ៉ា និងគ្រួសារត្រូវរស់នៅក្នុងសហករណ៍ធ្វើការងាររួម និងហូបរួម។
ក្រោយមកនៅឆ្នាំ១៩៧៨ ប៊ុនរ៉ា មានអាយុប្រហែលប្រាំបីឆ្នាំ ត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់ជាមួយ បងប្អូន និងម្តាយ។ ស្ថានភាពជម្លៀសពេលនោះមានការលំបាកព្រោះម្តាយគាត់ជាស្រ្តីមេម៉ាយ។ គ្រួសាររបស់គាត់ ត្រូវធ្វើដំណើរដោយថ្មើរជើងជាមួយអ្នកភូមិជាច្រើននាក់និងពេលយប់កន្លែងណាសម្រាកកន្លែងនោះ រហូតដល់ព្រឹកឡើងបន្តដំណើរទៅមុខទៀត។ ពេលធ្វើដំណើរដល់អ្នកលឿងគាត់ឆ្លងកប៉ាល់ និងបានបន្តធ្វើដំណើររហូតដល់ភ្នំពេញ គេបានចែករបបអាហារ និងសំលៀកបំពាក់រួចឲ្យធ្វើដំណើរបន្តតាមរថភ្លើងទៅខេត្តពោធិ៍សាត់។ ពេលទៅដល់គេបានបំបែក ប៊ុនរ៉ា ពីម្តាយដោយឲ្យគាត់ និងប្អូនៗទៅរស់នៅក្នុងអង្គភាពកុមារត្រូវបោចស្មៅ ដើររកអូស និងប្រមូលស្លឹករុក្ខជាតិទុកធ្វើជីសម្រាប់ដាក់ស្រូវ និងដំណំាផ្សេងៗ។ ចំណែកបងៗត្រូវទៅធ្វើការជាកងចល័តជីកទំនប់ និងលើកប្រឡាយឆ្ងាយៗ ពីកន្លែងគាត់ស្នាក់នៅ។ របបអាហារសម្រាប់កុមារគឺពេលព្រឹកទទួលបានបបរមួយវែក ថ្ងៃត្រង់បាយមួយវែក និងល្ងាចបាយមួយវែក។ ប៊ុនរ៉ា បន្តថា នៅកន្លែងគាត់ស្នាក់នៅគ្មានទឹកគ្រប់គ្រាន់សម្រាប់ហូបទេ មួយសប្តាហ៍ម្តងគាត់បានសុំគេដើម្បីទៅដងទឹកទុកហូប។ ពេលធ្វើការគាត់បានឃើញម្តាយកំពុងធ្វើស្រែគាត់បានត្រឹមឈរមើលម្តាយប៉ុណ្ណោះមិនហ៊ានហៅឬទៅជិតទេព្រោះខ្លាចគេធ្វើទារុណកម្មឬយកទៅសម្លាប់ចោល នៅសម័យនោះគេហាមសូម្បីតែម្តាយកូននិយាយគ្នា។
រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺកាលដែលគាត់ និងក្មេងៗដទៃទៀតត្រូវធ្វើការហួសកម្លាំងក្នុងវ័យក្មេង មានពេលខ្លះខ្មែរក្រហមឲ្យរែកដីទាំងកម្លាំងមិនអាចរែករួច និងការដែលគាត់នៅក្មេងមានការនឹករំឭកម្តាយដែលទៅធ្វើការងារឆ្ងាយៗ។
ពេលរបបខ្មែរក្រហមដួលរលំ ប៊ុនរ៉ា បងប្អូន និងម្តាយបានធ្វើដំណើរត្រឡប់មករស់នៅឯស្រុកកំណើតវិញ។ ពេលមកស្រុកកំណើតវិញ ផ្ទះរបស់គាត់ត្រូវបានបំផ្លាញដែលម្តាយរបស់គាត់ត្រូវខំរកប្រាក់តែម្នាក់ឯងដើម្បីសង់ផ្ទះឡើងវិញ និងចិញ្ចឹមកូន។ ម្តាយគាត់បានទៅប្រទេសវៀតណាមរកទិញដំឡូវយកមកស្ងោរឲ្យកូនៗយកទៅលក់ដើម្បីចិញ្ចឹមជីវិត រហូតដល់ធំៗមានគ្រួសាររៀងៗខ្លួន។
បច្ចុប្បន្ន ប៊ុនរ៉ា មានជំងឺប្រចាំកាយគឺជំងឺក្រពះ និងជំងឺពោះវៀន យូរៗម្តងគាត់ត្រូវចំណាយប្រាក់ទៅជួបពេទ្យដើម្បីពិនិត្យ។
សម្ភាសន៍ដោយៈ ទេព ម៉ាលីណា ថ្ងៃទី២ ខែសីហា ២០២១
អត្ថបទដោយៈ អេង សុខម៉េង